កំពង់ស្ពឺ ៖ បុរសម្នាក់ដែលតាំងខ្លួន ជាមេធាវីដើរបោកប្រាស់ លុយកាក់ ពីប្រជាពលរដ្ឋ តាមបណ្តាខេត្តមួយចំនួន ដែលមានបញ្ហាក្តីក្តាំ នៅតុលាការ ត្រូវបាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនប្រគល់ឲ្យច្បាប់ ចាត់ការ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី៥ កុម្ភៈ ២០១៦ នៅចំណុចភូមិខ្វិត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ត្រី ពីង ពៅ អធិការរងនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនដែលតាំងខ្លួន ជាមេធាវីនេះ ត្រូវបានគេស្គាល់ ឈ្មោះជា ម៉ន ភេទប្រុស  អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំ ឃាត់ខ្លួនខាងលើ ។ ជនសង្ស័យម្នាក់នេះ ត្រូវបានចាប់ខ្លួនតាមដីកា បង្គាប់ឲ្យ ចាប់ខ្លួនលេខ២៣៤ ចុះថ្ងៃទី២៥ កក្កដា ២០១១ ពីបទឆបោក (ប្រាក់) ដែលចុះហត្ថលេខា ដោយចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ យ៉ាន សុភាព។

តាមប្រភពពីមន្ត្រីតុលាការបានឲ្យដឹងថា ការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួននេះ បន្ទាប់ពីជន សង្ស័យរូបនេះ បានតាំងខ្លួន ឯងជាមេធាវី ហើយដើរទំនាក់ ទំនងជាមួយ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត មួយចំនួនដែលមានបញ្ហាក្តីក្តាំ នៅតុលាការ ដូចជាខេត្តតាកែវ កំពត កំពង់ស្ពឺ និងកណ្តាលជាដើម ។ នៅពេលដែល ទទួលបានពាក្យបណ្តឹង ពីក្រុមអ្នក រងគ្រោះដោយការឆបោកនេះ ហើយតុលាការខេត្តកំពង់ស្ពឺ បានកោះ ជនសង្ស័យរូបនេះ ឲ្យចូលខ្លួនមកបំភ្លឺ តែជននេះបានគេចវេស មិនចូលខ្លួនមកឡើយ។

ប្រភពបន្តថា ដោយសារតែគេគេចវេសមិនចូលខ្លួន ទើបចៅក្រមស៊ើបសួរសាលាដំបូង ចេញដីកាបង្គាប់ឲ្យ ចាប់ខ្លួនជនសង្ស័យ រូបនេះយកមកផ្តន្ទាទោសតាមច្បាប់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]