ខេត្ត​ត្បូងឃ្មុំ​ ៖ ក្នុង​យុទ្ធនាការ​​ទប់ស្កាត់​ អំពើ​រត់​ពន្ធ​ឈើប្រណីត​ ចេញ​ទៅ​ប្រទេស​វៀតណាម​នោះ​ គេ​សង្កេ​ត​ឃើញ​មាន​ឈើប្រណីត​ជា​ច្រើន​​ពាន់​ម៉ែត្រគូប មាននៅ​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង និង​ខ្លះ​ទៀត​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ភ័យ​ស្លន់ស្លោ​យក​ទៅ​កប់​នៅ​ក្នុង​ដី ដើម្បី​លាក់កំបាំង​ពី​ភ្នែក​របស់​ក្រុម​សមត្ថកិច្ច​ចំរុះ ទោះជា​បែប​នេះ​ក្តី​ នូវ​តែ​គេ​តាមដាន​ស្រាវ​ជ្រាវ​រក​ឃើញ​ដដែល​។ តួរយ៉ាងដូច​ជា​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង​ ខាងក្រោយ​ឃ្លាំង​ដ៏​ធំ​របស់​ឧកញ៉ា​ថៃ ចម្ងាយ​ប្រហែល​៨០០​ម៉ែត្រ ក្នុងភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង់​ជ័យ ស្រុក​អូរ​រាំង​ឪ មាន​ឈើប្រណីត ​រាប់​សិបកំ​ណាត់​ត្រូវ​បាន​កប់​នៅ​ក្នុង​ដី ។

លោក​ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ ​២០១៦ ​ថា ដំបូង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ​បាន​នាំ​គ្នា​ទៅ​កាយ​ដី​ ក្នុង​រណ្តៅ​ជីក​យក​អាច​ម៏​ដី​មួយ​កន្លែង​ មា​នទី​តាំងនៅ​ក្រោយ​ឃ្លាំង​របស់​ឧកញ៉ា​ថៃ​ បាន​ឈើ​ជា​ច្រើន​កំណាត់ ដោយ​មាន​អ្នកខ្លះ​បាន​ប្រមូល​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ផ្ទះ​ផង​ដែរ  ។  

លោក​ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សា​សា​ដំបូង​ខេត្ត​បន្ត​ថា ដោយ​ទទួល​បាន​នូវ​សេចក្តី​រាយ​ការ​ណ៍នេះ​ភ្លាម ​រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ ចុះ​ទៅ​កាន់​ទីនោះ​ជា​បន្ទាន់ ដើម្បី​យាម​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ បន្ត​ដឹកឈើ​ប្រណីត​ចេញ​ទៅ​ទៀត​ឡើយ ។ បន្ទាប់​មក​រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ ដោយ​ផ្ទាល់​តែ​ម្តង ​និង​​មាន​​សមត្ថកិច្ច​យាម​ប្រចាំការ​ ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចៀសវាង​កុំ​ឲ្យ​បាត់​ឈើ​ប្រណីត​ដែល​មាន​ដុំ​ធំ​ៗ​​ កប់​នៅ​ក្នុង​ដី ចំពោះ​បរិមាណ​ឈើ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នោះ ​មិន​ទាន់​ដឹង​​ទេ លុះ​ត្រា​តែ​គាស់​លើក​មក​រាប់ ​ទើប​ដឹង​ពិត​ប្រា​ដក ។ លោក​ថា​ នៅ​ដើម​ស​ប្តា​ហ៏​ស្អែក​ថ្ងៃ​ទី​៨ ​កុ​ម្ភៈ នឹង​ត្រៀម​ចុះ​ទៅ​ពិនិត្យ​ម្តងទៀត ដោយ​មានការ​ចូលរួម​ពី​គ្រប់​ជំនាញ​ស្ថាប័ន ចាប់ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត នឹង​ធ្វើការ​គាស់​មក​រាប់​ឲ្យ​ដឹង​ពី​បរិមាណ  ។

សូម​បញ្ជា​ក់ថា ​ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៥​ មក​រា រហូត​មក​ដល់​ថ្ងៃ​ទី​៧ ​កុម្ភៈ ២០១៦ កម្លាំង​សមត្ថកិច្ច​ចំរុះ​ដែល​បាន​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ខេត្ត បាន​ចុះ​ឆែក​ឃ្លាំង​ស្តុក​ឈើប្រណីត ក្នុង​នោះ​មាន​ ១-ឧ​ក​ញ៉ា​ អុល ២-​ឧកញ៉ា​ខ្មា​ ៣-ឧកញ៉ា​ថៃ សម្រាប់​ទីតាំង​ចុង​ក្រោយ​គេ​ ត្រូវ​បាន​រក​ឃើញ​ជា​បន្ទាប់​របស់​ឧកញ៉ា​ថៃ​ តាំងពី​ឈើ​នៅ​ក្នុង​ឃ្លាំង និង​ឈើ​កប់​នៅ​ក្នុង​ដី​ជាដើម ។

លោក​ព្រះរាជអាជ្ញា​បាន​សង្កត់​ធ្ងន់​ថា ​សម្រាប់​យុទ្ធនាការ​ចុះ​ទប់ស្កាត់​ ការ​នាំ​ឈើប្រណីត​​ចេញ​ទៅ​ប្រទេស​វៀតណាម មិន​ទាន់​ត្រូវ​បញ្ជ​ប់​នោះ​ទេ ​បើសិនជា​ដឹង​ពី​ទីតាំង​ កន្លែង​ណា​ផ្សេង​ទៀត នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​ថ្នាក់​ជាតិ​៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]