សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីដែលហៅថា «ថ្ងៃខ្មែរ» ហើយសុំឲ្យសិស្សានុសិស្ស សាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេងនៅតាមក្រុង ស្រុក តាមតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួន ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តសៀមរាប លោក ទៀ សីហា បានលើកឡើងយ៉ាងដូច្នេះថា៖
លោក ទៀ សីហា បានគូសបញ្ជាក់ថា «ថ្ងៃខ្មែរ» នឹងប្រារព្ធពេញមួយថ្ងៃនៅខេត្តសៀមរាប ដែលមានន័យថា ជាការតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេងនៅក្នុងក្រុង នៅតាមស្រុកនានា។
លោកអភិបាលខេត្តបានផ្ដាំផ្ញើ និងសុំឲ្យយុវជនដែលជាសិស្សានុសិស្ស ព្រមទាំងនិស្សិត ហើយក៏មានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមផងដែរ ដូច្នេះលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមជាមួយការងារសង្គម និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបានផ្សព្វផ្សាយនូវ «សៀមរាប ផ្ទះខ្ញុំ» ក៏ដូចជាបញ្ហាផ្សេងៗក្នុងខេត្តសៀមរាប ដើម្បីការងារយកចិត្តទុកដាក់ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងបរិស្ថាននៅក្នុងក្រុង និងនៅក្នុងខេត្តសៀមរាប ទាំងមូលផងដែរ។
លោកអះអាងថា ព្រឹត្តិការណ៍នេះ ជាការលើកស្ទួយសិល្បៈ វប្បធម៌ អរិយធម៌ ជាយូរលង់របស់ខ្មែរ ដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូច្នេះគួរផ្តល់តម្លៃ និងលើកស្ទួយនូវសម្លៀកបំពាក់ខ្មែរបុរាណ ពិសេសប្រើប្រាស់ផលិតផល ក្នុងស្រុកឲ្យបានច្រើន ដើម្បីជួយប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែមផងដែរ។
គួរជម្រាបថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានសហការគ្នារៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ដែលមានទីតាំងនៅតំបន់ខាងមុខប្រាសាទអង្គរវត្ត ដូច្នេះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមឲ្យបានច្រើនកុះករ៕