ញូដេលី៖ មេបញ្ជាការកងយោធាឥណ្ឌាម្នាក់បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃច័ន្ទ ទី២១ ខែកញ្ញាថា ឥណ្ឌាបានធ្វើតេស្តសមត្ថភាពហោះហើរនៃយន្តហោះចម្បាំងរ៉ាហ្វាល់ដែលទិញពីប្រទេសបារាំង នៅក្បែរតំបន់ព្រំដែនមានជម្លោះជាមួយប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយន្តហោះចម្បាំងរ៉ាហ្វាល់ ៥គ្រឿងដំបូង ក្នុងចំណោមយន្តហោះទាំង ៣៦គ្រឿង ដែលបារាំងបានបញ្ជូនដល់ទឹកដីប្រទេសឥណ្ឌា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែកញ្ញា។ ហើយស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Rajnath Singh ក៏បានលើកឡើងដែរថា យន្តហោះចម្បាំងទាំងនេះ គឺសារដ៏រឹងមាំមួយ ដើម្បីផ្ញើទៅកាន់សត្រូវរបស់រដ្ឋធានីញូដេលី។
គួរឱ្យដឹងដែរថា សេចក្តីប្រកាសស្តីពីការហ្វឹកហាត់ហោះសាកល្បងនៃយន្តហោះចម្បាំងនេះ ត្រូវបានធ្វើឡើងខណៈពេលដែលមេបញ្ជាការយោធាខាងភាគីឥណ្ឌានិងចិន បាននឹងធ្វើកិច្ចចរចាចុងក្រោយរបស់ពួកគេ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនហិម៉ាឡៃ ដែលជាតំបន់មានជម្លោះ៕