ភ្នំពេញ៖ បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងការសាកល្បងដោយជោគជ័យលើការដាក់ឲ្យប្រើប្រាស់សេវាកម្មបង់ពន្ធ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ឥឡូវនេះ ធនាគារ ABA ចាប់ផ្ដើមទទួលការបង់ពន្ធតាមមធ្យោបាយផ្សេងៗ អាស្រ័យលើប្រភេទពន្ធ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ (GDT)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវនេះ អតិថិជន ABA អាចបង់ពន្ធផ្លូវពីគេហដ្ឋាន ឬកន្លែងធ្វើការ ដោយប្រើកម្មវិធីពន្ធ GDT Taxpayer App។ ពេលបង់ពន្ធតាមរយៈកម្មវិធី GDT Taxpayer App អតិថិជន ត្រូវជ្រើសរើស ABA PAY នៅលើអេក្រង់ទូទាត់ ពេលនោះកម្មវិធី ABA Mobile នឹងបើកដំណើរការដោយស្វ័យប្រវត្តិនៅលើស្មាតហ្វូនរបស់អតិថិជន ដើម្បីដំណើរការទូទាត់ដោយប្រើគណនី ABA ។ នាពេលខាងមុខនេះ GDT និង ABA នឹងពង្រីកសេវាកម្មដើម្បីរួមបញ្ចូលទាំងការប្រមូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំផងដែរ។
អ្នកជាប់កាតព្វកិច្ចពន្ធទាំងអស់ ក៏អាចប្រើសេវាបង់ពន្ធតាមបែបអេឡិកត្រូនិកនៅលើវិបសាយផ្លូវការ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានអាសយដ្ឋាន www.tax.gov.kh។ ដោយប្រើប្រាស់សេវាទូទាត់ PayWay ពីធនាគារ ABA ឥឡូវនេះ វិបសាយរបស់អគ្គនាយកដ្ឋាន ក៏អនុញ្ញាតឲ្យអាជីវកម្មតូចធំទាំងអស់ អាចបង់ពន្ធសហគ្រាសប្រចាំខែ និងពន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធសវនកម្ម ខណៈពេលដែលបុគ្គលអាចប្រកាសពន្ធលើឈ្នួលផ្ទះ ដី និងពន្ធលើយានយន្តតាមអ៊ីនធឺណិត ដោយមិនចាំបាច់ធ្វើដំណើរ ឬរង់ចាំតាមលេខរៀងនៅបញ្ជរឡើយ។ វិបសាយនេះ ក៏អនុញ្ញាតឲ្យអ្នកបង់ពន្ធ អាចបង្កើតលេខកូដតាមរយៈ e-Filing/Pre-filing ដោយគ្រាន់តែបំពេញព័ត៌មានលម្អិតអំពីការបង់ពន្ធ ចូលទៅក្នុងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារទៅតាមប្រភេទពន្ធ ដែលបានជ្រើសរើសដូចជា ពន្ធលើប្រាក់ចំណូល (TOI) ជាការស្រេច។
![អាចបង់ពន្ធតាមធនាគារ ABA បានហើយ](https://s9.kh1.co/__image/w=650,h=365,q=100/ec/ec0fdef1dc8106574c4129ee4644fa70784263d2.jpg)
លើសពីនេះទៅទៀត អតិថិជន ABA អាចធ្វើការបង់ពន្ធផ្សេងៗនៅបញ្ជរនៃសាខារបស់ធនាគារ ABA ទូទាំងប្រទេសដែលមាន៖
- ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
- ពន្ធសហគ្រាស
- ពន្ធលើអចលនទ្រព្យ រួមមានពន្ធប្រចាំខែ (ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុក ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ អាករលើតម្លៃបន្ថែមជាដើម) និងពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ ជាដើម)
លោក ម៉ី ប៉ូលីន ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម របស់ធនាគារ ABA លើកឡើងថា៖
« យើងមានសេចក្ដីរីករាយ ដែលបានក្លាយជាដៃគូប្រមូលចំណូលពន្ធដារជាមួយស្ថាប័នរាជរដ្ឋាភិបាល។ ការពង្រីកមធ្យោបាយទូទាត់ដែលមានភាពងាយស្រួល បត់បែន និងអាចជឿទុកចិត្តបាន នឹងជួយបង្កើនគុណតម្លៃសម្រាប់អ្នកមានកាតព្វកិច្ចពន្ធ។ ការប្រមូលចំណូលពន្ធ នឹងដើរតួនាទីដ៏សំខាន់ក្នុងនាមជាប្រភពចំណូលមួយ ក្នុងចំណោមប្រភពចំណូលចម្បងៗរបស់រាជរដ្ឋាភិបាល ដោយយោងលើការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ជាងនេះទៅទៀត ការចូលរួមបង់ពន្ធជូនរដ្ឋ គឺជាការរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ដូច្នេះ នេះជាដំណោះស្រាយឈ្នះឈ្នះសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ខណៈដែលយើងកំពុងបង្កើតប្រព័ន្ធទូទាត់ដោយមិនប្រើសាច់ប្រាក់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់កម្ពុជា »។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលផ្តល់ដោយ ABA និង អគ្គនាយកដ្ឋានពន្ធដារ សូមទាក់ទងមកធនាគារ ABA តាមរយៈទូរស័ព្ទលេខ 023 225 333 ឬ អគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខ 1277។
តាមរយៈតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធនាគារ ABA យល់ពីសារៈសំខាន់នៃការបង់ពន្ធ និងការបំពេញកាតព្វកិច្ចក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលបានចុះបញ្ជី និងប្រតិបត្តិការប្រកបដោយអនុលោមភាព។ ដូច្នេះធនាគារបានជាប់ឈ្មោះជាអ្នកបង់ពន្ធធំជាងគេមួយនៅកម្ពុជា នៅឆ្នាំ ២០២០ និងទទួលបានលិខិតសរសើរពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលកោតសរសើរនូវការរួមចំណែករបស់ធនាគារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ធនាគារបង្ហាញនូវការប្តេជ្ញាចិត្ត និងតម្លាភាពក្នុងអភិបាលកិច្ចពន្ធសារជីវកម្មដ៏ល្អរបស់ខ្លួន ដោយបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។
ដោយសារតែការប្តេជ្ញាចិត្តរឹងមាំចំពោះអនុលោមភាពពន្ធដារ ធនាគារ ABA ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ កាលពីខែធ្នូ ឆ្នាំ២០២០ ជាមួយ សុពលភាពរយៈពេល ២ ឆ្នាំសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២១ និង ២០២២៕