ភ្នំពេញ៖ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នាឱកាសដឹកនាំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ របស់ក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រៀមនឹងដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងដំណើរទស្សនកិច្ច កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ សម្រេចវឌ្ឍនភាពការងារបាន៩០,៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ហើយនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្រប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថាផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេ ដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕






