ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានផ្តល់ការជូនដំណឹងអំពីការតែងតាំងលោក ហ្សែដ ស្យាតារា (Ziad Shatara) ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន។ លោក ហ្សែដ ស្សាតារា នឹងបន្តតំណែងពីលោក Feiruz Ikhwan ដែលបានកាន់តួនាទីជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះតាំងពីឆ្នាំ២០២១ បន្ទាប់ពីលោកបានកាន់តំណែងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) នៅក្នុងឆ្នាំ២០១៨ កន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ហ្សែដ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យទូរគមនាគមន៍ ដោយរូបលោកបានកាន់តំណែងខ្ពស់ៗក្នុងការគ្រប់គ្រងកិច្ចការងារប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសជាច្រើន រួមមានប្រទេសហ្សកដានី បង់ក្លាដែស និងអ៉ី តាលីផងដែរ។ ថ្មីៗកន្លងមកនេះ លោក ហ្សែដ បានបម្រើការងារជានាយកប្រតិបត្តិនៃក្រុមហ៊ុន Umniah Mobile Co. ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសហ្សកដានី។ បន្ថែមពីបទពិសោធន៍ និងស្នាដៃដ៏ឆ្នើមរបស់លោកក្នុងការចាប់ផ្តើមដំណើរការ និងពង្រីកប្រតិបត្តិការអាជីវកម្មទូរគមនាគមន៍ លោក ហ្សែដ ក៏មានជំនាញខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ការបម្រើសេវាកម្មដល់អតិថិជន និងប្រតិបត្តិការលក់រាយផងដែរ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ក៏ដូចជាបរិញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច Budapest ផងដែរ។
![ លោក ហ្សែដ ស្យាតារា (Ziad Shatara) ](https://s9.kh1.co/__image/w=650,h=571,q=100/ba/bafcd01301a73c326914065a063c19d3e4846ada.jpg)
លោកបណ្ឌិត Tan Sri Halim Shafie ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការតែងតាំងតំណែងរបស់លោក ហ្សែដ ស្សាតារា។ លោកបានលើកឡើងថា៖
«ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata ពិតជាមានកិត្តិយសក្នុងការតែងតាំងលោក ហ្សែដ ដែលជាបុគ្គលប្រកបដោយទេពកោសល្យខ្ពស់ក្នុងការដឹកនាំឈានមុខគេក្នុងវិស័យទូរគមនាគមន៍ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata។»
លោកបណ្ឌិត Hans Wijayasuriya នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនវិនិយោគ Axiata Group និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍ Pan-Asian Telecommunication Business បានសម្តែងពីមតិយល់ស្របដូចគ្នាទៅនឹងលោក Tan Sri Halim ក៏ដូចជាចូលរួមអបអរសាទរចំពោះការតែងតាំងនេះផងដែរ។
លោកបានមានប្រសាសន៍ថា៖
«យើងពិតជាទន្ទឹងរង់ចាំនូវការរីកចម្រើនដំណាក់កាលបន្ទាប់របស់ក្រុមហ៊ុន Smart Axiata ក្រោមការដឹកនាំរបស់លោក ហែ្សដ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។ ក្រុមការងារនៅ Smart Axiata ជាបុគ្គលិកដែលប្រកបដោយទេពកោសល្យខ្ពស់ ហើយជាការពិតណាស់ លោក ហែ្សដ នឹងនាំមកនូវបទពិសោធន៍ឆ្នើមជាច្រើនឆ្នាំនៅក្នុងវិស័យមួយនេះ ដើម្បីបន្តធានានូវការលូតលាស់រីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដែលជាស្នាដៃបន្សល់ទុករបស់អ្នកដឹកនាំមុនៗរួមមាន លោក Feiruz Ikhwan និងលោក Thomas Hundt ដែលបានកាន់តំណែងជានាយកប្រតិបត្តិចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ ២០២១ មុនពេលដែលលោក ត្រូវបានតែងតាំងតំណែងជានាយកផ្នែកបច្ចេកវិទ្យា និងយុទ្ធសាស្រ្តនៅក្រុមហ៊ុន Axiata Group ក្នុងឆ្នាំ២០២១ ផងដែរ។»
បន្ទាប់ពីកាន់តួនាទីថ្មីនៅក្នុងប្រទេសកម្ពុជា លោក ហ្សែដ បានបង្ហាញពីសេចក្តីសោមនស្សរីករាយក្នុងការទទួលបានឱកាស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅកម្ពុជា៖
«ខ្ញុំពិតជាមានភាពរីករាយ និងមានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមបម្រើការងារជាមួយក្រុមហ៊ុន Smart Axiata។ ថ្នាក់ដឹកនាំមុន និងក្រុមការងារ បានកសាងនូវសមទ្ធិផលជាច្រើនសម្រាប់ក្រុមហ៊ុន Smart ដែលពួកគាត់បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងទីផ្សារកម្ពុជា ពោរពេញដោយមោទនភាពក្នុងការបម្រើការអតិថិជនជាង ៧លាន ៥សែននាក់ ជាមួយនឹងផលិតផល និងសេវាកម្មឌីជីថលជាច្រើន។ ខ្ញុំពិតជារំភើបក្នុងការទទួលបាននូវឱកាសមួយនេះ ដើម្បីដឹកនាំក្រុមការងារដ៏ឆ្នើមឲ្យឆ្ពោះទៅកាន់ភាពរីកចម្រើនដំណាក់កាលបន្ទាប់នៃការវិវត្តរបស់ក្រុមហ៊ុន Smart Axiata ដើម្បីបំពេញនូវតួនាទីរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា ក៏ដូចជាបន្តបំពេញនូវតម្រូវការរបស់អតិថិជនជាមួយនឹងគុណភាពសេវាកម្មល្អបំផុតគួរជាទីគាប់ចិត្តផងដែរ។»
លោកបណ្ឌិត Tan Sri Halim Shafie ក៏បានសម្តែងពីការស្ងើចសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អតីតនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុនមួយនេះផងដែរ៖
«តំណាងឲ្យក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រុមការងារទាំងមូល ខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីសម្តែងនូវការថ្លែងអំណរគុណដល់លោក Feiruz ចំពោះសមិទ្ធផល និងការរួមចំណែកដ៏ធំធេងរបស់លោកក្នុងការដឹកនាំក្រុមហ៊ុនមួយនេះឲ្យឆ្ពោះទៅរកសក្តានុពល និងភាពរីកចម្រើន ស្របពេលដែលឧស្សាហកម្មកំពុងតែវិវត្តខ្លួន រួមទាំងការបណ្តុះបណ្តាលទេពកោសល្យជំនាន់ក្រោយផងដែរ។ លោកបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងជោគជ័យរបស់ Smart Axiata ក៏ដូចជាកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការចាប់យកឱកាស ថ្មីៗនាពេលខាងមុខ។ យើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យក្នុងការងារបន្ទាប់ ដែលលោកត្រូវបានតែងតាំងក្នុងតួនាទីជាន់ខ្ពស់មួយនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Axiata Group។»
ក្រុមហ៊ុន Smart Axiata Co., Ltd. បច្ចុប្បន្នកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ នៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G។ បច្ចេកវិទ្យា 4G LTE របស់ Smart ដែលផ្តល់សេវាអ៉ីនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះមានសេវាគ្របដណ្តប់នៅទូទាំង ២៥ ខេត្តក្រុង។ Smart Axiata គឺជាផ្នែកមួយនៃក្រុមហ៊ុន Axiata Group Berhad ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីដោយមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស កម្ពុជា នេប៉ាល់ មីយ៉ាន់ម៉ា ថៃ និងប៉ាគីស្ថាន និងមានអតិថិជនជាង ១៥០ លាននាក់។
ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់ ឲ្យទៅជាសម្ព័ន្ធក្រុមហ៊ុន ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ឈរលើសសរស្តម្ភចំនួន ៣ គឺ ទូរគមនាគមន៍ឌីជីថល ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!