ធនាគារ ABA និង​អង្គការមូលនិធិកុមារកម្ពុជា ​សហការបង្កើត កម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ដើម្បីជួយដល់កុមារខ្វះខាត!

//s9.kh1.co/19/19d57e045139d814bb618f73b788d1be3ed75846.jpg
សង្គម

 ២៥-ឧសភា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ​អង្គការមូលនិធិកុមារកម្ពុជា (CCF)។

ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ក្នុងគោលដៅជួយដល់កុមារជួបការលំបាក ​ក្រោម​ការគ្រប់គ្រងរបស់អង្គការ CCF។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/5e/5e0344a24a1fa2d3ec77b35949205821d1446f7e.jpg

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និង​លោក ស្កុត នីសិន ស្ថាបនិកអង្គការ ​និងនាយកប្រតិបត្តិអង្គការ CCF កាលពីថ្ងៃទី 17 ​ខែឧសភា ឆ្នាំ 2023 នៅមជ្ឈមណ្ឌលសិក្សា CFF ​ស្ថិតនៅអតីតតំបន់គំនរសំរាម ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ក្នុងការធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់កុមារជួបការលំបាក តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និងការអភិវឌ្ឍផ្នែកអប់រំ។ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គំនិតផ្ដួចផ្ដើមមួយចំនួន ត្រូវបានព្រមព្រៀងដូចខាងក្រោម៖

ឱកាសការងារ និងឱកាសហាត់ការ

ABA នឹងផ្ដល់ឱកាសការងារ និង​ឱកាសហាត់ការ ដល់សិស្ស និស្សិតពី CCF ដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយមានបំណងចង់បម្រើការងារជាមួយ​ធនាគារ និងកសាងអាជីពការងារ នៅក្នុងវិស័យ​ធនាគារ និងហិរញ្ញវត្ថុ។

អាហារូបករណ៍

ABA នឹងផ្ដល់អាហារូបករណ៍ជូនកុមាររបស់អង្គការ CCF ដែលមានសមត្ថភាព និងឆន្ទៈក្នុងការរៀនសូត្រ ហើយបានបញ្ចប់ការសិក្សាថ្នាក់ទី12 ​និង​មានបំណងបន្ដការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្នុងប្រទេស។

ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ហេដ្ឋារចនាសម្ពន្ធសាលារៀន

ABA នឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីកែលម្អហេដ្ឋារចនាសម្ពន្ធសាលារៀន ដូចជាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា រួមទាំងថ្នាក់មត្តេយ្យសិក្សារបស់អង្គការ CCF។

កិច្ចសហការផ្សព្វផ្សាយឆ្លងស្ថាប័ន

ABA និងអង្គការ CCF នឹងសហការគ្នា ដើម្បីផ្សព្វផ្សាយ និងបង្កើនយល់ដឹងរបស់អតិថិជន ABA អំពីគុណតម្លៃស្នូល គោលដៅ និងបេសកកម្មរបស់ CCF ។ សកម្មភាពទាំងនេះ នឹងលើកទឹកចិត្តអតិថិជន ឲ្យចូលរួមចំណែក និងបរិច្ចាគជូនអង្គការ ដែលនឹងទ្រទ្រង់ដល់ជីវភាពរបស់កុមារជួបការខ្វះខាត។

កម្មវិធីស្ម័គ្រចិត្ត

ABA និងអង្គការ CCF នឹងបង្កើតកម្មវិធីស្ម័គ្រចិត្ត ដើម្បីឲ្យបុគ្គលិក ABA គ្រប់ជាន់ថ្នាក់ និងគ្រប់នាយកដ្ឋាន បានចុះទៅមើលបរិក្ខារ CCF ដើម្បីចែករំលែកជំនាញវិជ្ជាជីវៈរបស់ខ្លួន និងផ្ដល់នូវការបស្វែងយល់បន្ថែមអំពីកុមារ និងរបៀបរបបរស់នៅរបស់ពួកគេ។

https://s9.kh1.co/__image/w=650,h=650,q=100/15/15d691b24fa9bd03aebcfe86d2fc69fa65a87a38.jpg

លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖

«នេះគឺជាកិច្ចសហការជាដៃគូដ៏ថ្មីសន្លាងមួយ ដែលនឹងមានឥទ្ធិពលរួមចំណែកកែប្រែជោគវាសនារបស់កុមារ ដោយផ្តល់ឲ្យពួកគេនូវលទ្ធភាពទទួលបានការអប់រំ ឱកាសការងារ និងលទ្ធភាពចាកផុតពីជីវភាពក្រីក្រ»។

លោកបានបន្ថែមថា៖

«យើងខ្ញុំប្ដេជ្ញាសហការជាមួយអង្គការ CCF ​ដើម្បីរួមចំណែកកែប្រែជីវភាពរបស់សិស្សានុសិស្ស និងគ្រួសាររបស់ពួកគេ ដែលកំពុងស្ថិតក្នុងស្ថានភាពខ្វះខាត។ ភាពជាដៃគូនេះ ជាការគាំទ្រលើសពីការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពោល វាគឺជាការវិនិយោគដែលរួមចំណែកដល់ការកសាងអនាគតរបស់ប្រទេសកម្ពុជាទាំងមូល»។

https://s9.kh1.co/__image/w=650,h=650,q=100/9e/9e953d9d4a54b1d4a972f18575ea80178151b6d2.jpg

CCF​ គឺជាអង្គការមិនរកប្រាក់កម្រៃ ដែលបានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2004 ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កុមារ និងគ្រួសារ តាមរយៈការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។

អង្គការ CCF បានបង្កើតសាលារៀន, មត្តេយ្យសិក្សា, ទារកដ្ឋាន, គ្លីនិកវេជ្ជសាស្ត្រ, គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលថែទាំមាតា។ បន្ថែមលើនេះទៀត អង្គការ CCF បានសាងសង់ផ្ទះជាង 500 ខ្នងនៅក្នុងសហគមន៍ក្រីក្របំផុតផងដែរ។

https://s9.kh1.co/__image/w=650,h=650,q=100/60/602767e9b9373b930b82588475911224db9e37e2.jpg

លោក នីសិន មានប្រសាសន៍ថា៖

«យើងមានសេចក្ដីសោមនស្ស ចំពោះការគាំទ្ររបស់ធនាគារ ABA។ ភាពជាដៃគូនេះ នឹងផ្ដល់លទ្ធភាពឲ្យយើងជួយកុមារ និងគ្រួសារកាន់តែច្រើនបន្ថែមទៀត។ យើងប្ដេជ្ញាធ្វើយ៉ាងណាឲ្យស្ថានភាពរស់នៅរបស់កុមារកម្ពុជា កាន់តែប្រសើរឡើង ហើយយើងជឿថាភាពជាដៃគូនេះ កំពុងដើរក្នុងទិសដៅដ៏ត្រឹមត្រូវបំផុត»។

លោក ស្កុត នីសិន មានអាជីពជាផលិតករហូលីវូដមួយរូប ប៉ុន្ដែក្នុងអំឡុងពេលមកលេងប្រទេសកម្ពុជានៅក្នុងឆ្នាំ 2003 ​លោកបានឃើញពីទុក្ខលំបាករបស់ក្មេងៗមួយចំនួន។ ភាពអំណត់អត់ធន់ និងការតស៊ូព្យាយាមរបស់ក្មេងៗទាំងនោះ បានបំផុសគំនិតឲ្យ លោក ស្កុត ចាប់ផ្ដើមបេសកកម្មរបស់ខ្លួន ក្នុងការជួយដល់កុមារកម្ពុជា។

ការលះបង់របស់ លោក ស្កុត ក៏ដូចជាធនធានរបស់លោក ​ធ្វើឲ្យអង្គការមូលនិធិកុមារ លេចចេញជារូបរាង ដោយផ្ដល់ឲ្យកុមារនូវការអប់រំ, ការថែទាំសុខភាព និងការគាំទ្រផ្សេងៗ។

https://s9.kh1.co/__image/w=650,h=650,q=100/aa/aa85b7a42134d6b80bdaf37492654ee3bca64462.jpg

ភាពជាដៃគូរវាងធនាគារ ABA និងអង្គការ CCF គឺជាគំរូដ៏មានឥទ្ធិពលមួយ ដែលឆ្លុះបញ្ចាំងពីកិច្ចការដែលអាចសម្រេចទៅបាន នៅពេលដែលស្ថាប័នឯកជន និងស្ថាប័នមិនរកប្រាក់កម្រៃ ធ្វើការរួមគ្នា ដើម្បីបង្កើតភាពរីកចម្រើននៅតាមសហគមន៍។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរ សហការគ្នាជួយដល់កុមារ ដើម្បីធានាថា កុមារគ្រប់រូបនៅក្នុងសហគមន៍ មានឱកាសអភិវឌ្ឍសក្ដានុពលរបស់ខ្លួនបានពេញលេញ។

https://s9.kh1.co/__image/w=650,h=650,q=100/47/47235ae9c0e3a64ab3d5fda31394b0dc699f087e.jpg
https://s9.kh1.co/__image/w=650,h=650,q=100/d1/d14f2248c2ef06d484b308a922bc40224b9ccb7e.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T