ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៏, វិស័យឯកជន, និងគ្រឹះស្ថានបណ្តុះបណ្តាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រកាសជាផ្លូវការអំពីការប្រែក្លាយគម្រោងសាកល្បងយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ (Trust Fund) និងការបង្ហាញពីសមិទ្ធផល និងកម្មវិធីថ្មីៗរបស់មូលនិធិអភិវឌ្ឍន៍ជំនាញក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈយោគយល់គ្នាជាមួយដៃគូយុទ្ធសាស្រ្ត និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ ។
គួរបញ្ជាក់ផងដែរថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែកធនធាន ក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាល ។
បន្ថែមពីនេះ SDF បានដាក់ចេញនូវបេសកកម្មជម្រុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជន និង គ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញដែលមានគុណភាព ឆ្លើយតបនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។
ក្នុងស្មារតីបុរេសកម្មក្នុងការចូលរួមពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញ និងដោះស្រាយបញ្ហាក្នុង ប្រព័ន្ធអេកូឡូស៊ីជំនាញ, SDF នឹងបន្តបង្កើតកម្មវិធីគាំទ្រថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍បន្ថែមទៀត ។ ជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ នេះតទៅ SDF បានកំណត់នូវទិសដៅអាទិភាពសំខាន់ៗ ដូចតទៅ៖
១). ពង្រឹងគុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និង បែងចែកធនធាន របស់មូលនិធិឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាដល់ដៃគូសហការ,
២). បង្កើនទំហំមូលនិធិគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលដែលត្រូវនឹងតម្រូវការវិស័យឯកជន
៣). ដាក់ចេញនូវកម្មវិធីថ្មីៗបន្ថែមដែលរួមមាន៖ កម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program), ថ្នាលនៃភាពជាដៃគូ (Partnership Platform) និងមេរៀនឌីជីថល (Digital Learning Content) ស្តីពីជំនាញទន់ចាំបាច់ សម្រាប់ឧស្សាហកម្ម ។ ល ។
បន្ថែមពីនេះ ពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួនបី ត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយ សភាពាណិជ្ជកម្មកម្ពុជា (CCC) ដើម្បីកៀរគរសមាជិករបស់ CCC ដែលជារោងចក្រ-សហគ្រាសក្នុងការសហការគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីកំណត់ជំនាញ ដែលមានតម្រូវការ និងរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។
២. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជារោងចក្រ-សហគ្រាសក្នុងការសហការគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីកំណត់ជំនាញដែលមានតម្រូវការ និងរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។
៣. អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួង ទេសចរណ៍ និង SwissContact ដើម្បីពង្រឹង និងពង្រីកការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ អនុសាសន៍ណែនាំដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ក្នុងការ ចូលរួម និងសហការឱ្យអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ដើម្បីសម្រេចបានការអភិវឌ្ឍមូលធនមនុស្សកម្ពុជាប្រកប ដោយចំណេះ, ជំនាញ, សមត្ថភាព, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ក្រោម ការដឹកនាំដ៏ឈ្លៀសវៃ និង ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
ទន្ទឹមនឹងនេះ ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានមានប្រសាសន៍ថា៖
មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើង ដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បី ប្រមូល, គ្រប់គ្រង និងបែងចែក ធនធានទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន(Funding Gap) និងបញ្ហាកង្វះជំនាញ (Skills Gap) ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ ពីសំណាក់វិស័យឯកជន ។
បន្ទាប់ពីអនុវត្តអស់រយៈពេល ៥ ឆ្នាំកន្លងមក ដោយទទួលបានទំនុកចិត្តខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានប្រែក្លាយគម្រោងនេះ ទៅស្ថាប័នអចិន្ត្រៃយ៍ តាមរយៈអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដែលក្រុមប្រឹក្សាបរធនបាលមានតំណាងមកពី ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
គិតត្រឹមឆ្នាំ២០២៣ សមិទ្ធផលសំខាន់ៗ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញសម្រេចបានរួមមាន៖
ទី១៖ បានផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនចំនួន ២៩៧ រោងចក្រ សហគ្រាស ទៅនឹងគ្រឹះស្ថានបណ្តុះបណ្តាលទាំងរដ្ឋ ឯកជន និងអង្គការចំនួន ៤៤។
ទី២៖ បានផ្ដល់ថវិកាបដិភាគទៅដល់គម្រោងបណ្ដុះបណ្ដាលចំនួន ១២១ ដែលរៀបចំឡើងដោយវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលដៃគូ ដែលគិតជាទឹកប្រាក់ប្រមាណ ៨,៣ លានដុល្លារ ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ១៧,២ លានដុល្លារ ក្នុងនោះ មានសិក្ខាកាមសរុបប្រមាណ ១៦ 0៧៥ នាក់ (ក្នុងនោះ ស្ត្រី ៣៥%)។
ទី៣៖ បន្ទាប់ពីបណ្តុះបណ្តាលចប់ អត្រាបោះបង់ការសិក្សា មានកម្រិតទាប ត្រឹម ៤%, រីឯ អត្រាមានការងារធ្វើ ខ្ពស់ រហូតដល់ ៨៨%, ប្រាក់បៀវត្សមូលដ្ឋានជាមធ្យម ២៤៦ ដុល្លារ និង អត្រាពេញចិត្តរបស់និយោជក ខ្ពស់ រហូតដល់ ៨៥%។
ជាលទ្ធផល កម្មវិធីសម្ពោធជាផ្លូវការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានអន្តរសកម្ម រវាង វាគ្មិន និងអ្នកចូលរួមក្នុងកិច្ចពិភាក្សា និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូរបស់ SDF ។ SDF ប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមគាំទ្របន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារអភិវឌ្ឍន៍ជំនាញ ក្នុងគោលដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕