ខេត្តកំពតត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រលើកទី១១ ជុំទី៣ឆ្នាំ២០២៤ ដែលនឹងប្រារព្វចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែធ្នូខាងមុខក្រោមប្រធានបទ“អបអរបេតិកភណ្ឌនិងចីរភាពនៃតំបន់ឆ្នេរ”។ខណៈនេះរដ្ឋបាលខេត្តកំពតកំពុងមមាញឹករៀបចំទីតាំងដែលត្រូវធ្វើពិធី និងការតុបតែងសោភណភាពក្នុងទីក្រុងខ្លួនឱ្យកាន់តែទាក់ទាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ : ៧៧៥ សជណ.ពទ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ពិធីបុណ្យសមុទ្រ ឯកភាពកំណត់យកខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
តាមកម្មវិធីដែលគ្រោងទុក ពិធីបើកជាផ្លូវការប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ព្រឹត្តិការណ៍នេះដែរ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិទស្សនា និងកម្សាន្ត ដូចជា ការសម្តែងសិល្បៈ ការប្រគំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗព្រមទាំងមានការ អុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១,សកម្មភាពកីឡានិងការប្រកួតកីឡាគ្រប់ប្រភេទ,ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំង សកម្មភាពកម្សាន្តនានា។
ពិធីបុណ្យសមុទ្របានប្រព្រឹត្តទៅចំនួន១០លើករួចមកហើយ ហើយខេត្តកំពតក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះចំនួន២លើករួចមកហើយដែរ គឺឆ្នាំ២០១៥និងឆ្នាំ២០១៩។បុណ្យសមុទ្រត្រូវបានរៀបចំឱ្យក្លាយជាបុណ្យបែបទេសចរណ៍ចាប់តាំងពីឆ្នាំ២០១១បន្ទាប់ពីឆ្នេរ សមុទ្រកកម្ពុជាបានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រជាងគេបំផុតនៅលើពិភពលោក។បុណ្យនេះដែរ កំណត់រៀបចំ ធ្វើនៅបណ្តាខេត្តនៃតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះ ដែលមានខេត្តចំនួន៤ រួមមាន ខេត្តកោះកុង ព្រះសីហនុ កែប និងខេត្តកំពត ដោយឈរលើគោលការណ៍ផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំ ដោយចាប់ពីខេត្តព្រះសីហនុ ។
ទាក់ទងនឹងបុណ្យសមុទ្រលើកទី១១ នេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្លាប់លើកឡើងថា ប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” គឺស្របតាមការកំណត់របស់ខេត្តកំពតជា"គោលដៅទេសចរណ៍ វប្បធម៌ និងកសិ-ទេសចរណ៍”។ការជ្រើសរើសខេត្តកំពតធ្វើជាម្ចាស់ផ្ទះពិធីបុណ្យសមុទ្រឆ្នាំនេះដើម្បីលើកកម្ពស់ទេសចរណ៍ ឆ្នេរសមុទ្រកម្ពុជា និងលើកទឹកចិត្តដល់ការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរប្រកប ដោយចីរភាព។ ការផ្តោតជាពិសេសគឺលើកកម្ពស់គុណភាពសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍»។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតបានផ្លាស់ប្តូរមុខមាត់ថ្មីតាមរយៈការបង្កើតសមិទ្ធផលបម្រើឱ្យវិស័យទេសចរណ៍រួមមានដូចជា រូបសំណាកសេះសមុទ្របាញ់ទឹក នាឡិកាធំកម្ពស់៣៥ម៉ែត្រ និងឆ្នេរកម្សាន្តជាប់មាត់ព្រែក នៅកណ្ដាលបេះដូងក្រុងកំពតជាដើម៕ រូបថត៖ រដ្ឋបាលខេត្ត
ប្រភព៖ ក្រសួងព័ត៌មាន