ប្រព័ន្ធបង្ហូរទឹកបុរាណជាចម្លាក់សត្វមករ ដែលអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភាកន្លងទៅ បានបញ្ចប់ដោយជោគជ័យនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ចម្លាក់សត្វមករនេះ មានទីតាំងនៅទំនប់ទឹកមុជ ជាទំនប់ទឹកបុរាណ ស្ថិតនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៩ ខែវិច្ឆិកា ដោយពណ៌នាលើការងារជួសជុលប្រព័ន្ធបង្ហូរទឹកចម្លាក់សត្វមករ ក្នុងដំណាក់កាលទី១ ក្នុងប្រវែង១៨ម៉ែត្រ។អ្នកស្រីបានបញ្ជាក់ថា ដើម្បីជួសជុលប្រព័ន្ធបង្ហូរទឹកនៃចម្លាក់សត្វមករនេះឡើងវិញ ក្រុមការងារបានសម្រង់ប្លង់ថ្មរាយប៉ាយ កំណាយស្រាវជ្រាវ ចុះបញ្ជីថ្ម ជួសជុលពង្រឹងថ្មដែលខូចខាត និងរៀបចំដងខ្លួនសត្វមករតាមលំនាំដើមឡើងវិញ។ លើសពីនេះ ក្រុមការងារបានសិក្សាគ្រឹះធ្វើយ៉ាងណាឱ្យចម្លាក់សត្វមករនេះរឹងមាំយូរអង្វែង ដោយការពារនូវការហូរច្រោះនៃទឹក ដែលជាបញ្ហាចម្បងនៃការបំផ្លាញរចនាសម្ព័ន្ធនៃចម្លាក់សត្វមករកទាំងមូល។
មុនជួសជុលស្ថានភាពនៃចម្លាក់សត្វមករ ថ្មនៃដងខ្លួនបានចល័តចេញពីទីតាំងដើម នៅរាយប៉ាយជាមួយថ្មធម្មជាតិ លែងមានតួនាទីជាប្រព័ន្ធបង្ហូរបន្តទៀត ដោយសារកត្តាអាយុកាល ពុំមានការថែទាំ ជាពិសេសការហូរច្រោះនៃទឹកបំផ្លាញគ្រឹះ និងរំកិលថ្មធម្មជាតិដែលទ្រដងខ្លួនមករជាដើម។អ្នកជំនាញដដែលបានបន្ថែមថា ប៉ុន្តែ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលលើកតម្លៃចម្លាក់សត្វមករទោល ដែលមានទំហំធំ និងកម្របានរួចរាល់ឡើងវិញ ដោយភ្ញៀវទេសចរអាចមកទស្សនាស្វែងយល់។ ក្រៅពីទំនប់ទឹកមុជ និងចម្លាក់សត្វមករ ទីនេះក៏មានការដ្ឋានយកថ្មទៅកសាងប្រាសាទនៅសម័យបុរាណផង។
សូមជម្រាបថា ស្របពេលជាមួយការជួសជុលចម្លាក់សត្វមករនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំកែសម្រួលផ្លូវចូលមកទីតាំងនេះ អាចធ្វើដំណើរបានដោយងាយស្រួលដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន