បរទេស៖ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Star បានឱ្យដឹងថា គ្រូបង្គោលថ្មីរបស់ក្រុមបិសាចក្រហម Manchester United លោក Ruben Amorim គ្រោងដាក់លក់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល កីឡាករ Antony នៅទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សAntony ត្រូវបាន Man UTD ទិញចូលពីក្រុម Ajax កាលពីរដូវក្តៅឆ្នាំ ២០២២ កន្លងទៅ ដែលពេលនោះស្ថិតក្នុងពេលដឹកនាំរបស់លោក Erik ten Hag ក្នុងតម្លៃ ៨២ លានផោន ឬប្រមាណជា (១០៤ លានដុល្លារអាមេរិក)។ ប៉ុន្តែរូបគេហាក់ធ្វើពុំសូវបានល្អសោះឡើយ ដោយនៅរដូវកាល ២០២៤-២០២៥ នេះ គាត់ទើបតែបង្ហាញខ្លួនបាន ៥ ប្រកួតប៉ុណ្ណោះ និងរកបាន ១ គ្រាប់គត់។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងថ្ងៃចូលបង្វឹកលើកដំបូងរបស់លោក Amorim កាលពីម្សិលមិញនេះ Antony ត្រូវបានអ្នកគាំទ្រមួយចំនួនបានដាក់ក្តីរំពឹងថា គាត់នឹងអាចយកទម្រង់លេងរបស់ខ្លួនពីមុនមកវិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។
ប៉ុន្តែអ្វីៗហាក់មិនទាន់ស្ថិតស្ថេរនៅឡើយទេ ដោយថ្មីៗនេះសារព័ត៌មានបរទេសបានចុះផ្សាយព្រោងព្រៀត ថាខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះអាចនឹងត្រូវជាគោលដៅលក់ចេញរបស់បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំនៅខែ មករា ឆ្នាំ ២០២៥ ខាងមុខនេះ៕
ប្រភព៖ Sportskeeda