ប្រដាល់៖ អ្នកប្រដាល់សញ្ជាតិអាហ្វ្រិកខាងត្បូង កីឡាករ Ncedo Gomba បានទម្លាយឲ្យដឹងថា គាត់នឹងបើកក្លិបប្រដាល់គុនខ្មែរមួយនៅទឹកដីកំណើតរបស់គាត់នាឆ្នាំក្រោយ ដោយសារតែប្រជាជននៅអាហ្រ្វិកខាងត្បូងមួយចំនួនធំដែលគាត់បានស្គាល់ បានសំណូមពរឲ្យគាត់បើកក្លិបប្រដាល់គុនខ្មែរ និង ចង់យល់ដឹងកាន់តែច្បាស់ពីក្បាច់គុនខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងនិយាយពីកិត្តិនាមរបស់ Gomba នៅក្នុងវិស័យគុនខ្មែរ គឺ បងប្អូនអ្នកគាំទ្រច្បាស់ជាស្គាល់រូបគេហើយ តាមរយៈវត្តមានប្រកួតរបស់គេជារឿយៗនៅសង្វៀនរបស់ទទក ខណៈ បច្ចុប្បន្នរូបគេក៏ជាម្ចាស់ខ្សែក្រវាត់គ្រុឌគុនខ្មែរ ២ខ្សែផងដែរ យ៉ាងណាថ្មីៗនេះរូបគេទើបតែប្រកួតចាញ់ ពេជ្រ សម្បត្តិ ក្នុងទឹកទី២ មិនអាចដណ្តើមបានខ្សែក្រវាត់ទីបីមកកាន់ស្រុកកំណើតវិញបានឡើយ។
យ៉ាងណាមិញ ក្រោយចប់ការប្រកួតទល់នឹង ពេជ្រ សម្បត្តិ និង ចាកចេញពីប្រទេសកម្ពុជា ទៅកាន់ ប្រទេសអាហ្វ្រិកខាងត្បូង វិញក្នុងកិច្ចសម្ភាសជាមួយ បង តាំង លីហួរ Gomba ក៏បានបញ្ជាក់ច្បាស់ៗអំពីគម្រោងរបស់គាត់ ថា គាត់នឹងបើកក្លិបប្រដាល់គុនខ្មែរមួយក្រោមឈ្មោះ Kun Khmer Gym នៅទឹកដីនៃប្រទេសអាហ្វ្រិកខាងត្បូង ក៏ព្រោះតែប្រជាជននៅទីនោះចាប់អារម្មណ៍ខ្លាំងពីគុនខ្មែរ និង យល់ដឹងបានខ្លះៗពីក្បាច់គុនខ្មែរ ខណៈ នៅថ្ងៃអនាគត Gomba គាត់ចង់បង្កើតព្រឹត្តិការណ៍គុនខ្មែរដោយនាំកីឡាករកម្ពុជាទៅប្រកួតនៅទីនោះតែម្តង៕