អ្នកច្នៃម៉ូត ឈុត « ទេវបុត្រកាមទេព » សម្រាប់តារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ ចម្រៀង ក្នុង MV បទ “សែកមន្ត” គឺដកស្រង់ចេញពីតួអង្គទេពមួយអង្គនៃព្រហ្មញ្ញសាសនា ដែលត្រូវបានច្នៃឈុតតាមបែបសហសម័យ ឱ្យស៊ីទៅនឹងបទចម្រៀងថ្មីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈផេក “ជូនពរ” ដែលជាពិធីការទទួលរៀបចំរបាំតុបតែងសម្លៀកបំពាក់ថត និងស្ទូឌីយ៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា “ឈុតទេវបុត្រកាមទេព” ជាឈុតច្នៃសាកល្បង ដកស្រង់ចេញពីតួអង្គទេពមួយអង្គនៃព្រហ្មញ្ញសាសនា នាម ព្រះកាម ជាទេពនៃសេចក្តីស្រលាញ់ ដែលមានអាវុធទេពជាធ្នូនិងផ្លែព្រួញ ក្នុងការទាញបាញ់ទៅលេីអស់អង្គអទិទេពទាំងឡាយ ឱ្យមានសេចក្តីស្នេហា។
ដោយចាប់អារម្មណ៍នូវតួអង្គនេះ ក៏បានរុញច្រានគំនិតក្នុងការច្នៃឈុតបែបសហសម័យមួយ ឱ្យស៊ីទៅនឹងបទចម្រៀងថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនរបស់ផលិតកម្ម Galaxy Navatra ចំណងជើង « សែកមន្ត » ច្រៀងដោយតារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ ។
អ្នកផលិតម៉ូត បញ្ជាក់ថា ឈុតនេះគឺយកចេញពីមូលដ្ឋានគ្រឹះនៃចម្លាក់ខ្មែរ ដែលបានឆ្លាក់ជាប់នៅផ្ទាំងប្រាសាទអង្គរ ជាចម្លាក់មាននៅចុងសម័យអង្គរ ជាទម្រង់សិល្បៈមួយដែលអ្នកច្នៃម៉ូតសម្លៀកបំពាក់នេះ យល់ថាមិនគួរមេីលរំលង។ ដោយហេតុនេះ ទើបសម្រេចសាកដំឡើងច្នៃ និងនិមិត្តឱ្យឈុតនេះលេចជារូបរាងចេញមក មានឈ្មោះថា « ទេវបុត្រកាមទេព » ។
កាន់តែពិសេសទៀតនោះ គឺការច្របាច់លាយបញ្ចូលជាមួយទម្រង់សិល្បៈខ្មែរមួយចំនួនទៀត ឱ្យឈុតមួយនេះ កាន់តែមានសោភ័ណភាពបែបសហសម័យខ្មែរ ក្រោមពាក្យស្លោក “ បុរាណមិនយឺត សម័យមិនបរទេស ” ដោយរក្សាយ៉ាងណាឱ្យស្ថិតក្នុងលំហរនៃរចនាបទខ្មែរដ៏ផូរផង់។ យ៉ាងណាមិញ ជុំវិញការច្នៃនិងដំឡើងឈុតនេះ អ្នកច្នៃម៉ូត អះអាងដែរថា ចំណេះដឹងរបស់ក្រុមការច្នៃម៉ូតខ្លួន នៅមានកម្រិត និងព្រមទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដែលប្រកបដោយជំនាញនិងចំណេះដឹងពិតប្រាកដ។
គួរជម្រាបដែរថា « សែកមន្ត » ចម្រៀងថ្មីរបស់លោក ព្រាប សុវត្ថិ ត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារផលិតកម្ម Galaxy Navatra ដើម្បីជាការអបអរសាទរគម្រប់ខួប ៨ឆ្នាំ នៃការដាក់ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដែលមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា តុបតែងតែងខ្លួនក្នុងឈុតបុរាណ អមជាមួយអ្នកលេងចាប៉ីជាង ១០០នាក់។
សូមបញ្ជាក់ផងដែរថា បទ « សែកមន្ត » របស់ផលិតកម្មខ្នាតយក្សមួយនេះ បានផលិតជាពីរ Version។ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ច្រៀងជា Version ប្រុស ចំណែកកំពូលតារាចម្រៀងស្រីរួមទ្រនំ កញ្ញា តន់ ចន្ទសីម៉ា ច្រៀងជា Version ស្រី ហើយ official MV បទនេះ នឹងបញ្ចេញជាផ្លូវការនៅម៉ោង ៦:៣០ ល្ងាចថ្ងៃទី ៣០វិច្ឆិកានេះ៕