ត្រីរាជចំនួន៤ក្បាល ដែលមានទម្ងន់ចាប់ពី២៧ដល់១៣១គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ

//s9.kh1.co/7e/7e577825764b73bb910982efb8c9e1244556b4c2.jpg
សង្គម

 ១២-ធ្នូ-២០២៤ ១១ព្រឹក · មួយថ្ងៃមុន

ត្រីរាជចំនួន៤ក្បាល ដែលមានទម្ងន់ចាប់ពី២៧ដល់១៣១គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជល​ផល​​ទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយ​គម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជា​តិវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងតាមរយៈ​សារអេឡិច​ត្រូនិកនៅរសៀលថ្ងៃទី១១ ខែធ្នូនេះថា ​ត្រីរាជទី១ មានទម្ងន់១២០គីឡូក្រាម និងប្រវែងដងខ្លួន ២២២ សង់ទីម៉ែត្រ។ត្រីរាជ​ទី២ មានទម្ងន់៩៥គីឡូក្រាម និងប្រវែងដងខ្លួន ២០៣ សង់ទីម៉ែត្រ ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែង​ចូលក្នុង​បឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គីឡូក្រាម និងប្រវែងដង​ខ្លួន២២២ សង់ទីម៉ែត្រត្រូវបាន​ចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គីឡូក្រាម និងប្រវែងដងខ្លួន ១៣០ សង់ទីម៉ែត្រ ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបាន​លែងចូលក្នុងបឹងធម្មជាតិ។

រូបភាព
រូបភាព

សូមជម្រាបថា ត្រីរាជ ជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយ ហើយគេសន្មតថាត្រីនេះធំជាងត្រីបបែលយក្ស និងត្រីគល់​រាំងទៅទៀត។ ត្រីរាជស្ថិតក្នុងអំបូរ ប៉ង់ហ្គាស៊ីដេ (Pangasiidae) ហើយមានឈ្មោះជាភាសាអង់គ្លេស Mekong Giant Catfish និងមានឈ្មោះវិទ្យាសាស្រ្ត Pangasianodon gigas ដែលអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់​ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី មានស្បែករលោង មានពុកមាត់ខ្លី២គូ និងមាន​ព្រុយខ្នង​ច្បាស់ និងមានទ្រនុងរឹងចំនួន៧ ព្រុយខ្លាញ់តូច ព្រុយគូទវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅ​ខាងក្រោម។

ត្រីរាជជាប្រភេទត្រីមួយកំពុងទទួលការគំរាមកំហែងបាត់ពូជ ដែលត្រូវការការពារ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T