ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវលើកឡើងថា ការចាប់​បាននូវត្រីរាជ ដែលមានទំហំខ្លួន​ធំ​ដូច​​ខ្លាឃ្មុំ​ផេនដា ជាច្រើនក្បាល ជា​សញ្ញា​គួរឱ្យកត់សម្គាល់នៃយុគសម័យថ្មីនៃការងារអភិរក្ស​

//s9.kh1.co/cb/cb2fd0ad9414d9d17f99034f88ba09a3d1012824.jpg
សង្គម

 ១៣-ធ្នូ-២០២៤ ៣ល្ងាច · ២ ម៉ោងមុន

ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវលើកឡើងថា ការចាប់​បាននូវត្រីរាជ ដែលមានទំហំខ្លួន​ធំ​ដូច​​ខ្លាឃ្មុំ​ផេនដា ជាច្រើនក្បាល ជា​សញ្ញា​គួរឱ្យកត់សម្គាល់នៃយុគសម័យថ្មីនៃការងារអភិរក្ស​

នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ ដែលមិនធ្លាប់មានពីមុនមកនោះ ត្រីរាជ ដែលជាត្រីទឹកសាបគ្មានស្រកាមានទំហំដងខ្លួនធំបំផុត និងជាប្រភេទត្រីកម្រកំពុងរងគ្រោះថ្នាក់ជិតផុតពូជក្នុងពិភពលោកចំនួនប្រាំមួយក្បាល ត្រូវបានអ្នកនេសាទចាប់បាន និងបានលែងចូលទៅក្នុងទន្លេវិញ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការចាប់បានត្រីទាំងនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចប្រឹងប្រែងអភិរក្សជាច្រើនទសវត្សរ៍ និងការចូលរួមរបស់សហគមន៍ ដែលបានផ្តល់ក្តីសង្ឃឹមថ្មី សម្រាប់ការរស់រានមានជីវិតនៃប្រភេទត្រីដែលកាន់តែកម្រនៅក្នុងទីជម្រកជាក់លាក់របស់វា។ ទន្ទឹមនេះដែរ ការបំពាក់ស្លាកសញ្ញាសម្គាល់ និងលែងត្រីរាជជាបន្តបន្ទាប់ បង្ហាញនូវកិច្ចប្រឹងប្រែងការពារប្រភេទត្រីយក្សនៅកម្ពុជាក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្នុងចំណោមត្រីទឹកសាបដែលធំជាងគេបំផុតក្នុងពិភពលោក ត្រីរាជ អាចមានប្រវែងដងខ្លួនជិត ៣ម៉ែត្រ និងទម្ងន់រហូតដល់ ៣០០គីឡូក្រាម ដែលជាប្រភេទត្រីធំ និងកម្រនៅលើពិភពលោក ដែលត្រូវបានចាប់ចំនួន ៦ក្បាល ​ និងត្រូវបានលែង​វិញ​ក្នុង​ពេល​ដ៏​ខ្លី​បែប​នេះ និងដែល​មិន​ធ្លាប់មាន​ពីមុនមកដែរ ​ក្នុង​ប្រវត្តិ​សា​ស្ត្ររបស់ក្រុមការងារអភិរក្ស​​។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ គូសបញ្ជាក់ពីភាពជោគជ័យនៃភាពជាដៃគូ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ​នៃរដ្ឋបាលជលផល សហគមន៍នេសាទក្នុងតំបន់ និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។

ព្រឹត្តិការណ៍ជាបន្តបន្ទាប់នេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៦ ខែធ្នូ នៅពេលដែលត្រីរាជ ចំនួនពីរក្បាល ត្រូវចាប់បានដោយចៃដន្យនៅក្នុងដងទន្លេសាប និងទន្លេមេគង្គ មិនឆ្ងាយពីរាជធានីភ្នំពេញ ហើយក៏បានបំពាក់ស្លាកសញ្ញាសម្គាល់ ​និងបានលែងជាបន្តបន្ទាប់។ ប៉ុន្មានថ្ងៃក្រោយមក នៅថ្ងៃទី ១០ ខែធ្នូ ត្រីរាជ ចំនួន ៤ក្បាលទៀត ត្រូវបានចាប់ និងបានលែងនៅទីតាំងខុសគ្នាតាមដងទន្លេមេគង្គ និងទន្លេសាប ដោយមានការកត់ត្រាទិន្នន័យលម្អិតស្តីពីប្រវែងដងខ្លួន ទំហំ និងលេខស្លាកសញ្ញា ដែលប្រមូលបានក្នុងអំឡុងពេលព្រឹត្តិការណ៍ទាំងនោះ។

ចំពោះត្រី​រាជ ទាំង​៤ក្បាលនេះ ​​រួម​មាន​ត្រីរាជពេញវ័យចំនួនពីរក្បាល មួយក្បាល​មាន​ទម្ងន់​១២០​គីឡូក្រាម ​និងមួយក្បាលទៀតមានទម្ងន់ ​១៣១​គីឡូក្រាម ដោយត្រីទាំង​២​ក្បាលនេះ មាន​ប្រវែង​ដងខ្លួនជាង​ ២​ម៉ែត្រ។ ត្រីរាជទាំងនោះ​ ត្រូវបានបំពាក់ស្លាកសញ្ញាសម្គាល់អត្តសញ្ញាណ ដើម្បីជួយក្នុងការតាមដាន និងស្រាវជ្រាវក្នុងពេលអនាគត។

ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវនៅរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ភាពជោគជ័យនេះបង្ហាញពីតួនាទីសំខាន់របស់សហគមន៍មូលដ្ឋានក្នុងការចូលរួមអភិរក្ស។ ការផ្សព្វផ្សាយ និងការអប់រំជាច្រើនឆ្នាំដោយមន្ត្រីជលផល និងអ្នកស្រាវជ្រាវបានបង្កើតការយល់ដឹងក្នុងចំណោមអ្នកនេសាទអំពីសារៈសំខាន់នៃការរាយការណ៍អំពីការចាប់ត្រីប្រភេទកម្រ និងជិតផុតពូជ។

លោក បណ្ឌិត ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលកម្ពុជា បានបញ្ជាក់ថា «ឥឡូវនេះ អ្នកនេសាទបានទំនាក់ទំនងទៅមន្ត្រី​រដ្ឋបាលជលផល នៅពេលពួកគេចាប់បានត្រីកម្រទាំងនេះដោយចៃដន្យ ដោយសារតែពួកគេយល់ពីសារៈសំខាន់នៃការការពារប្រភេទមច្ឆជាតិដ៏ធំអស្ចារ្យទាំងនេះ។ កិច្ចសហប្រតិបត្តិការរបស់ពួកគេមានសារៈសំខាន់ណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិរក្សរបស់យើង»។

ជាមួយគ្នានេះ អ្នក​នេសាទ​ដែល​បាន​ចូល​រួម​​លែងត្រីរាជមួយក្បាល ក្នុងចំណោមត្រីដែលបានលែងទាំង​នោះ ​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល និងមាន​មោទកភាព។

លោក លី សារី ដែល​គ្រួសារ​របស់​គាត់​បាន​នេសាទ​នៅតាម​ដង​ទន្លេសាប​បី​ជំនាន់​មក​ហើយ បាន​ពិព័រណ៍នា​បទពិសោធន៍​នេះ​ថា​ ជា​ការ​ភ្ញាក់ផ្អើល និង​រីករាយ​ ដោយលោកបាន​បន្ថែម​ថា​៖ «​ត្រី​រាជ គឺ​ជា​ត្រី​កម្រ ពួកយើង​ធ្លាប់​ឃើញ​ត្រី​រាជ ២​ដង​គត់ ​ក្នុងរយៈពេល​៤០​ឆ្នាំ​ នៃ​ការប្រកបរបរ​នេសាទនេះ។ ខ្ញុំ​សង្ឃឹម​ថា ប្រជា​នេសាទ​ទាំង​អស់​នឹង​ចូល​រួមជួយ​អភិរក្ស​ប្រភេទត្រី​នេះ»។

រូបភាព
រូបភាព

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ត្រីរាជ ប្រហែល ១០០ក្បាល ត្រូវបានបំពាក់ស្លាកសញ្ញាសម្គាល់ និងលែងចូលក្នុងធម្មជាតិវិញ ​ដែលជាផ្នែកមួយនៃកម្មវិធីអភិរក្សរួមគ្នា។ ការងារនេះ បានផ្តល់ការយល់ដឹងយ៉ាងសំខាន់ទៅលើគំរូនៃការធ្វើចរាចរផ្លាស់ទីពីទីជម្រក និងសុខភាពប្រជាករ ដោយផ្តល់ឱ្យអ្នកស្រាវជ្រាវនូវចំណេះដឹង ដែលពួកគេត្រូវការដើម្បីការពារប្រភេទត្រីយក្សទាំងនេះ និងប្រព័ន្ធអេកូឡូស៊ីរបស់ពួកវាផងដែរ។ សម្រាប់ត្រីរាជ ដែលអ្នកនេសាទចាប់បានទាំងនោះ កំពុងធ្វើចរាចរផ្លាស់ទីពីទីជម្រកនៅក្នុងតំបន់វាលទំនាបលិចទឹក ក្បែរបឹងទន្លេសាប ឆ្ពោះទៅភាគខាងជើងតាមដងទន្លេមេគង្គ ដោយឆ្លងកាត់ដងទន្លេសាប ដែលទំនងគឺជាទីជម្រកពងកូនរបស់ពួកវានៅភាគខាងជើងប្រទេសកម្ពុជា ឡាវ និងប្រទេសថៃ។

លោកបណ្ឌិត ហ្សេប ហូហ្គេន ជាជីវវិទូ មកពីសាកលវិទ្យាល័យ ណេវ៉ាដា រីណូ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់បានត្រីទាំងនេះថា៖ «របកគំហើញទាំងនេះ មិនត្រឹមតែផ្តល់ឱកាសដ៏កម្រមួយ ដើម្បីសង្កេតតាមដានមើលត្រីដ៏កម្របំផុតមួយរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវទិន្នន័យដែលមានសារៈសំខាន់ផងដែរ។ សម្រាប់ការយល់ដឹង និងការការពារផ្លូវទឹកដែលត្រីទាំងនោះធ្វើចរាចរផ្លាស់ទី និងទីជម្រកពងកូន ដែលចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ពួកវា»។

យោងតាមរបាយការណ៍ស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ត្រី​រាជ មិនមែនត្រឹមតែជាប្រភេទត្រី​​ជិត​ផុត​ពូជប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ជា​សូចនាករ​បង្ហាញពី​សុខភាពរស់រវើក​នៃទន្លេ​មេគង្គ ដែលមាន​ជីវៈចម្រុះដ៏សម្បូរបែប និង​ជាផ្លូវទឹកដ៏មានសារៈសំខាន់​បំផុត​ផ្នែកសេដ្ឋកិច្ច។ ការជួយដល់វិស័យជលផលដែលមានតម្លៃ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ទន្លេមេគង្គបានផ្តល់អាហារ ជីវភាពរស់នៅ និងសារៈសំខាន់ផ្នែកវប្បធម៌នៃប្រជាជនរាប់សិបលាននាក់។ ការរស់រានមានជីវិតរបស់ត្រីរាជ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសុខភាពអេកូឡូស៊ីរបស់ទន្លេ ដោយបញ្ជាក់ពីតម្រូវការបន្ទាន់ ដើម្បីការពារតំណភ្ជាប់លំហូរទឹកដោយសេរីនៅក្នុងអាងទន្លេមេគង្គ។

បើតាមអ្នកស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងផងដែរថា ការរស់រានមានជីវិតរបស់ត្រីរាជ គឺពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រកបដោយនិរន្តរភាព និងការការពារទីជម្រករបស់ពួកវាផងដែរ។ ព្រឹត្តិការណ៍ថ្មីៗទាំងនេះ បាន ផ្តល់ឱ្យនូវ​ការសាទរនៃវឌ្ឍនភាព និងការអំពាវនាវឱ្យធ្វើសកម្មភាពខ្លាំងឡើង។

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ដែលបានជួយបំពាក់ស្លាកសញ្ញាសម្គាល់លើត្រីជាច្រើនក្បាលក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ បានបលើកឡើងថា៖ «ត្រីរាជ មិនមែនគ្រាន់តែជាមច្ឆជាតិទេ តែវាក៏ជាផ្នែកមួយនៃបេតិកភណ្ឌរបស់យើងផងដែរ។ ការ​ការពារ​ពួកគេ​មាន​ន័យ​ថាចូលរួម​ការពារ​ទន្លេ​ និង​អ្វី​គ្រប់​យ៉ាង​ដែល​វា​ផ្តល់​ឱ្យ​យើង»៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T