អ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ចប់ការជួសជុល ចេតិយដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា គឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យត្រូវបានជួសជុលឡើងវិញដូចទម្រង់ដើម។ចេតិយនេះបានសាងសង់នៅឆ្នាំ១៩៥១ នេះស្ថិតនៅក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង។
ប្រវត្តិចេតិយនេះមានចំណាស់ជាង៧០ឆ្នាំ ពោលបានសាងសង់ឡើងនៅឆ្នាំ ១៩៥១ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា គឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យ។ការងារអភិរក្សនិងជួសជុលនេះ បានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងខែវិច្ឆិកាឆ្នាំដដែល។ ការងារនេះ ជាទម្រង់មួយនៃកិច្ចការអភិរក្សចេតិយនាសតវត្សរ៍ទី២០ ដែលបានកសាងឡើងក្នុងសម័យអាណាព្យាបាលបារាំង។
លើការងារជួសជុលនេះ ក្រសួងវប្បធម៌បានពណ៌នាថា កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង និងស្ថាប័ន លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឱ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕
រូបថតៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ