ឯកឧត្តម ឌិត ទីណា៖ ស្រូវដែលធ្លាក់ថ្លៃជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ

//s9.kh1.co/2c/2cccb32f1dc065da8236f4e0e204e9f00d387188.jpg
សង្គម

 ១៥-មករា-២០២៥ ១ល្ងាច · ៥ ម៉ោងមុន

ឯកឧត្តម ឌិត ទីណា៖ ស្រូវដែលធ្លាក់ថ្លៃជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មួយរយៈពេលនេះមានកសិករ និងក្រុមមនុស្សមួយចំនួនបាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ប៉ុន្តែពួកគាត់មិនបាននិយាយទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ។ តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះគឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងតាមរយៈវីដេអូឃ្លីប ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែនគឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ថា ប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ា ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់។ ចំពោះស្រូវដែលធ្វើលក់OM នេះដែរ ដោយសារកសិករធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អញ្ចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះគឺមានមនុស្សតិចតួចទេដែលបានដឹង។

ទាក់ទិនក្នុងរឿងនេះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ក្នុងមួយរយៈដោយសារមានក្រុមមនុស្សមួយចំនួនបានស្រែកថាស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថាស្រូវទាំងអស់គឺធ្លាក់ថ្លៃទាំងអស់។ ដោយឡែកជាក់ស្តែងកសិករដែលធ្វើស្រូវវស្សាលក់ទៅកាន់ទីផ្សារសម្រាប់រោងម៉ាស៊ីនរបស់យើងពុំមានជួបបញ្ហាទាំងអស់នេះទេ។ សម្រាប់ស្រូវប្រាំងពេលនេះមានបញ្ហាដោយសារយើងសម្រុកធ្វើចង់ចំណេញច្រើន។ បើតាមស្ថិតិការធ្វើស្រូវប្រាំងនាឆ្នាំនេះគឺជាង៧០ម៉ឺនហិកតា ក្នុងទំហំការដាំដុះជាង៧០ម៉ឺនហិកតានេះទម្រាំយើងប្រមូលផលគឺជិត៥លានតោន។ សម្រាប់ជិត៥លានតោននេះសុទ្ធតែជាប្រភេទស្រូវ OM អញ្ចឹងបានជាយើងកំពុងមើល មិនចេះតែអន្តរាគមន៍ ដើម្បីខាតទាំងអស់គ្នានោះទេ ក្នុងករណីនេះបើយើងបង្ខំឱ្យរោងម៉ាស៊ីនទិញ ដូចយើងឃើញស្រាប់ហើយរោងម៉ាស៊ីនពេលនេះសុទ្ធតែអង្ករខ្មែរ និងពួកគាត់បានទិញពេញស្តុកផង។ អង្កររបស់ពួកគាត់តាមរោងម៉ាស៊ីននេះមិនទាន់លក់អស់ទេ ហើយអង្ករទាំងនេះសុទ្ធតែមានតម្លៃខ្ពស់។ អង្ករខ្មែរយើងក្រអូបមានតម្លៃខ្ពស់ និងសម្រាប់អង្ករវៀតណាមOM មួយរយៈពេលនេះធ្លាក់ថ្លៃចុះមែនទែន ហើយឥឡូវនេះយើងកំពុងមើលជាមួយគ្នាថាស្រូវដែលកសិករដាំប្រភេទ OM របស់វៀតណាមនេះយើងអាចធ្វើអ្វីដែលជួយពួកគាត់បាន។

ឯកឧត្តមរដ្ឋមមន្រ្តីបានថ្លែងដោយបញ្ជាក់ថា សម្រាប់ស្រូវប្រភេទអង្ករខ្មែរយើងអាចជួយបាន គឺមិនពិបាកឡើយ ព្រោះថារោងម៉ាស៊ីនស្រូវក្នុងស្រុករបស់យើងគេត្រូវការស្រូវប្រភេទបែបនេះសម្រាប់តម្រូវតាមទីផ្សារ។ ដោយឡែកសម្រាប់ប្រភេទស្រូវOMដូចយើងដឹងស្រាប់ហើយគឺកសិករធ្វើសម្រាប់តម្រូវទីផ្សាររបស់វៀតណាម ដែលកាលពីគ្រោះរាំងស្ងួតគឺគេត្រូវការច្រើនមែនទែន ហើយក៏ឱ្យតម្លៃខ្ពស់ កសិករយើងបើទោះបីមន្រ្តីរបស់យើងបានខិតខំណែនាំពិសេសឱ្យងាកមកដាំស្រូវសែនក្រអូបក៏ដោយ តែពួកគាត់ចង់ធ្វើស្រូវOMវិញ។ យើងក៏គោរពតាមកសិករយើងដែរ គាត់ចង់ធ្វើក៏ធ្វើអាស្រ័យតាមពួកគាត់ដោយ ក្នុងនេះបើគាត់ត្រូវការទឹកយើងក៏ជួយដោះស្រាយទឹក ឥឡូវយើងឃើញហើយថាបញ្ហាធ្លាក់ថ្លៃរបស់ស្រូវ OM នេះមិនងាយឡើងវិញទេ រហូតដល់ចង់រដូវកាលប្រមូលផល។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់បន្ថែមថា អញ្ចឹងយើងត្រៀមជួយទៅតាមលក្ខខណ្ឌមួយចំនួន តែយ៉ាងណាយើងក៏មិនអាចជួយឱ្យដូចស្រូវខ្មែរយើងដែលមានទីផ្សារ ស្រាប់ដូចសព្វថ្ងៃនេះបានដែរ។យ៉ាងណាក្រសួងក៏គិតគូរជួយរយៈពេលវែង ហើយក៏ចង់ពិភាក្សាជាមួយប្រជាកសិករផងដែរដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ ក្នុងនេះចង់សួរថាបងប្អូនយើងចង់ក្លាយខ្លួនជាសហគមន៍ទំនើបដែរឬក៏អត់ សម្រាប់សហគមន៍កសិកម្មទំនើបនេះយើងនឹងជួយដល់បងប្អូនប្រជាកសិករយើង ឱ្យត្រឡប់មកធ្វើស្រូវសែនក្រអូប។ ឆ្នាំនេះបងប្អូនខាតជាមួយស្រូវ OM ហើយពិសេសអ្នកដែលជួលដីគេធ្វើស្រូវទាំងនេះគឺដឹងតែខាតហើយ តែសម្រាប់អ្នកមិនបានជួលដីគេទេ គឺអាចទប់ទល់ និងអ្នកដែលមានប្រភពទឹកល្អថែមទៀតអាចចំណេញខ្លះៗបាន។ប៉ុន្តែបើរដូវថ្មីពួកគាត់ចូលរួមជាមួយសហគមន៍កសិកម្មទំនើប គឺពួកគាត់មិនចាំបាច់ចំណាយលើស្រូវថ្មីទៀតទេ។ ដោយក្នុងនេះមានន័យថាក្រសួងកសិកម្មនឹងផ្តល់នូវកម្ចីដល់កសិករក្នុងការធ្វើស្រែតែម្តង។ ខ្ចីហើយកសិករដាំដុះ នៅពេលប្រមូលផលហើយទើបកាត់ថ្លៃកម្ចីទាំងនេះសងដល់ក្រសួងវិញនោះយើងនឹងឃើញប្រាក់ចំណេញតែម្តង។ អត់មានខាតទេ លើកលែងតែអាកាសធាតុអាក្រក់រាំងស្ងួតខ្លាំង តែក៏មានដល់ថ្នាក់បែបនេះដែរ។

យ៉ាងណាក្តីបើតាមឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ពេលនេះសហគមន៍កសិកម្មទំនើបមានដើមទុនឱ្យកសិករខ្ចីដោយកសិករមិនព្រួយបារម្ភពីការគ្មានទុនសម្រាប់ដាំដុះស្រូវទៀតទេ។ ការធ្វើកសិកម្មនេះដែរ បើឱ្យខាតគឺមិនខាតទេ គ្រាន់តែចំណេញតិច ឬច្រើនប៉ុណ្ណោះ។ ពេលដែលយើងធ្វើម្នាក់ឯងពេលខ្លះចំណេញក៏ចំណេញកប់ក្តោង តែនៅពេលខាតក៏ខាតធ្ងន់ដែរ។ សម្រាប់នៅខែវស្សាក្រោយយើងធ្វើផ្ការំដួលទាំងអស់គ្នា ក្រសួងត្រៀមថវិកាសម្រាប់ជួយសហគមន៍កុំឱ្យពិបាកដាក់លុយខ្លួនឯង គ្រាន់តែនៅពេលលក់វិញត្រូវកាត់សងកម្ចីហ្នឹងមកវិញ៕ដោយ៖ ដេប៉ូ AKP

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/aa/aaab19e5df2230257ed5341a02b5dedd53e16af8.jpeg

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវថ្នល់ ៤ ខ្សែបានកែប្រែមុខមាត់ខេត្ត និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ

 ១៥-មករា-២០២៥ 
 ១០ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T