ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ រំលឹកពីកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០២៤ ដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន និងដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងការប្រកាសនិងបង់ប្រាក់ពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ព្រមទាំងភ្នាក់ងារសេវាកម្ម ពន្ធដារ ដូចខាងក្រោម៖
១-សហគ្រាសត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income-Tol e-Filing) តាមរយៈតំណភ្ជាប់ www.tax.gov.kh/km/e-service ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវដាក់លិខិត ប្រកាសនិងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
២-សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតក្នុងរយៈពេល ៣ខែ ក្រោយពីដំណាច់ឆ្នាំជាប់ពន្ធ។
៣-សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំជាមួយគ្នា ដោយសរុបលទ្ធផលរបស់គ្រឹះស្ថាន ជាគោលដើម និងគ្រប់សាខាទាំងអស់។ សហគ្រាសត្រូវប្រកាសនូវបញ្ជីឈ្មោះនៃគណនីចំណូល និងចំណាយ ព្រមទាំងតារាងទ្រព្យសកម្ម រយៈពេលវែងរបស់សាខានីមួយៗ ដោយវាយបញ្ចូលទៅក្នុងប្រព័ន្ធត្រង់ផ្នែក “សាខាសហគ្រាស “សាខាសហគ្រាសក្នុងស្រុក។
៤-ចំពោះបុគ្គលិក ឬភ្នាក់ងារសេវាកម្មពន្ធដារដែលទទួលបន្ទុកការងារដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំជំនួសអ្នកជាប់ពន្ធត្រូវភ្ជាប់ (Upload) ចូលទៅក្នុងប្រព័ន្ធនូវបណ្ណសម្គាល់ខ្លួនបុគ្គលិកចំពោះបុគ្គលិកក្រុមហ៊ុន ឬលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធ ចំពោះភ្នាក់ងារសេវាកម្មពន្ធដារ។
៥-គ្រប់សហគ្រាសទាំងអស់ដែលមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវភ្ជាប់ (Upload) ចូលទៅក្នុងប្រព័ន្ធនូវតារាងតុល្យការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)