រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ការទទួលខុសត្រូវ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល

//s9.kh1.co/82/829541d4be104bb4537d4c7780889f11d0f1dee2.jpg
សង្គម

 ២៨-កុម្ភៈ-២០២៥ ២ល្ងាច · មួយថ្ងៃមុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន ដើម្បីទាក់ទាញការចាប់អារម្មណ៍ ជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ការទទួលខុសត្រូវ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម ​និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យបញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម រដ្ឋមន្ត្រី​ បានបញ្ជាក់ថា ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួននេះ មិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។

សូមបញ្ជាក់ជូនថា ការចេញសាររបស់របស់ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើង ក្រោយពីពេលថ្មីៗនេះ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា មានអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។

ជាមួយគ្នានោះ តាមរយៈសេចក្ដីណែនាំនាថ្ងៃនេះ ក្រសួងព័ត៌មាន បានលើកឡើងថា ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នក ដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពានច្បាប់ និងអាចជាកម្មវត្ថុនៃបណ្ដឹងរបស់អ្នក ដែលទទួលរងផលប៉ះពាល់។

ក្រសួងព័ត៌មាន បានអំពាវនាវ ដល់សាធារណជន កុំចែករំលែកបន្តនូវខ្លឹមសារ ដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្ដី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំងអស់គ្នា។

ទន្ទឹមនេះ ក្រសួងនឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នក ដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាកក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។

ក្រសួងព័ត៌មាន លើកទឹកចិត្ត និងកោតសរសើរចំពោះអ្នកផលិតមាតិកាតាមបណ្តាញទំនាក់ទំនងសង្គមភាគច្រើន ដែលបានគោរពក្រមសីលធម៌ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងគោរព សិទ្ធិអ្នកដទៃ និងផ្ដល់ព័ត៌មានពិត និងត្រឹមត្រូវជូនដល់សាធារណជន៕ ដោយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
https://s9.kh1.co/__image/w=636,h=900,q=100/d1/d118cf4c8a5d1954cfeff21cccf90a1a6f860803.jpg
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/38/38ca37232cffb498c081bc1c37be063547eff0b3.png

SDF រៀបចំសិក្ខាសាលា ចែករំលែកបទពិសោធន៍ល្អៗក្នុងការបង្កើនភាពរីកចម្រើនក្នុងអាជីពការងារ និងអាជីវកម្ម របស់ប្រទេសសិង្ហបុរី ជូនដល់ថ្នាក់ដឹកនាំរបស់រោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាល ចំនួន ៤០ស្ថាប័ន

 ២៨-កុម្ភៈ-២០២៥ 
 ៣ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T