
បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ខណៈ មានប្រជាជនចំនួន ២០១ ៣៨១គ្រួសារ ក្នុងនោះ ខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧០ ២៩៩ខ្នងផ្ទះ ស្មើនឹង១០០% ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ១៦៣ ០៤៩ខ្នងផ្ទះ ស្មើនឹង ៩៥,៧៤%, ខ្នងផ្ទះប្រើបង្គន់រួមចំនួន ៧ ២៥០ខ្នងផ្ទះ ស្មើនឹង ៤,២៦%។
ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យ ជាខេត្តទី១៨ ODF នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញអំពីស្ថានភាពទឹកស្អាត និងអនាម័យក្នុងខេត្តបន្ទាយមានជ័យ ដោយខេត្តបែងចែកចេញជា ២ក្រុង និង ៧ស្រុក មានចំនួន ៥៥ឃុំ និង១២សង្កាត់ មានភូមិចំនួន ៦៦៤ភូមិ មានប្រជាជនចំនួន ២០១ ៣៨១គ្រួសារ។

លោក បានថ្លែងបន្តថា ក្នុងនោះ ខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧០ ២៩៩ខ្នងផ្ទះ ស្មើនឹង១០០% ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ១៦៣ ០៤៩ខ្នងផ្ទះ ស្មើនឹង ៩៥,៧៤%, ខ្នងផ្ទះប្រើបង្គន់រួមចំនួន ៧ ២៥០ខ្នងផ្ទះ ស្មើនឹង ៤,២៦%។ ដោយឡែក ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ២ក្រុង ៧ស្រុក ស្មើនឹង១០០%, ៦៧ឃុំ សង្កាត់ ស្មើនឹង ១០០%, ៦៦៨ភូមិ ស្មើនឹង១០០%។

លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួល ខេត្តបន្ទាយមានជ័យ ODF បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តនេះសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេស ការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ។

លោក បានថ្លែងបន្តថា តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេស គឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។

ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោក រដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០%។

លោក បានបន្តទៀតថា ក្នុងនោះ អត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថានៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។

គូរបញ្ជាក់ជូនផងដែរថា គិតត្រឹមថ្ងៃនេះ មានរាជធានី-ខេត្តចំនួន ១៨ហើយ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល ODF និង ODF+៕
ដោយ៖ មឿន ឌីណា (Moeun Dyna)