
អន្តរជាតិ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Rachel Reeves បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងមិន "ប្រញាប់ប្រញាល់ក្នុងកិច្ចព្រមព្រៀង" ជាមួយ ប្រធានាធិបតី លោក Trump លើពន្ធគយនោះទេ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីកាត់បន្ថយឧបសគ្គ។
លោកស្រី Reeves បានប្រាប់អ្នកយកព័ត៌មានថា "យើងនឹងមិនប្រញាប់ប្រញាល់កិច្ចព្រមព្រៀងនោះទេ។ យើងចង់ទទួលបានកិច្ចព្រមព្រៀងត្រឹមត្រូវដែលជាផលប្រយោជន៍ជាតិរបស់យើង ហើយកិច្ចពិភាក្សាទាំងនោះកំពុងបន្ត។ លោកស្រី បានកត់សម្គាល់ថា "វាច្បាស់ណាស់" រដ្ឋបាលលោក Trump ចង់បានកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស ដូច្នេះ "ការពិភាក្សាទាំងនោះបន្ត"។
លោកស្រី Reeves បានប្រាប់ BBC ថា "ខ្ញុំចង់ឃើញរបាំងពន្ធគយ និងមិនមែនពន្ធត្រូវបានកាត់បន្ថយរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ប៉ុន្តែក៏មានប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកដែរ"។ លោកស្រី បានន្តថា បន្ទាប់ពីពន្យាររយៈពេល ៩០ថ្ងៃរបស់លោក Trump លើពន្ធគយ "ទៅវិញទៅមក" ផុតកំណត់ ការយកពន្ធលើចក្រភពអង់គ្លេសនឹងទាបជាងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ប៉ុន្តែខ្ញុំនៅតែមិនសប្បាយចិត្តជាមួយនឹងលទ្ធផលនោះ។
យើងកំពុងពិភាក្សាយ៉ាងទូលំទូលាយនៅពេលនេះជាមួយសហរដ្ឋអាមេរិកអំពីការធានាកិច្ចព្រមព្រៀងសេដ្ឋកិច្ច។ ជាការលើកឡើងរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោកស្រី Reeves កាលពីខែមុន បានព្រមានអំពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋបាលលោក Trump និងចក្រភពអង់គ្លេស។ លោកស្រី បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេសមិនចង់បង្កើនសង្គ្រាមពាណិជ្ជកម្មទេ ព្រោះវាមិនល្អសម្រាប់អ្នកណាម្នាក់។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានខិតខំប្រឹងប្រែង ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយប្រធានាធិបតី លោក Trump មុនពេលការអនុវត្តពន្ធ។ នៅពេលនោះ លោក Trump មិនទាន់បាននិយាយថាតើលោកមានគម្រោងកំណត់គោលដៅយកពន្ធលើចក្រភពអង់គ្លេសដែរឬទេ។
លោកស្រី Reeves ក៏ដូចមេដឹកនាំពិភពលោកជាច្រើនផ្សេងទៀតដែរ សង្ឃឹមថានឹងធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋបាល Trump ជុំវិញពន្ធនាំចូល។
កាលពីដើមសប្តាហ៍នេះ កាសែត Wall Street Journal បានរាយការណ៍ថា សហរដ្ឋអាមេរិកចង់ឱ្យចក្រភពអង់គ្លេសកាត់បន្ថយការយកពន្ធរបស់ខ្លួន និងរបាំងមិនមែនពន្ធផ្សេងទៀត រួមទាំងការនាំចូលកសិកម្មពីសហរដ្ឋអាមេរិកផងដែរ។
លោកស្រី Reeves គ្រោងនឹងជួបជាមួយ លោក Scott Bessent រដ្ឋលេខាធិការរតនាគារ នៅសប្តាហ៍នេះ ដើម្បីទទួលបានព័ត៌មានលំអិតនៃកិច្ចព្រមព្រៀងនេះ៕
ប្រភព៖ The Hill
ប្រែសម្រួលដោយ៖ MD-Angkor