
កណ្តាល៖ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
ខ្សែផ្លូវជាតិទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា ឆ្លងកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់គ្នា។

ផ្លូវជាតិទាំង៣ខ្សែនេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ ដោយធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ ក៏ដូចជាប្រព័ន្ធឡូជីស្ទីក និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាភ្ជាប់ទៅតំបន់ជាប់ព្រំដែន។

ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ បានតភ្ជាប់គ្នាត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) ហើយផ្លូវជាតិលេខ៤១ គឺបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះក្នុងទិសដៅទៅឆ្ពោះកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតដែលមានភាពទាក់ទាញបំផុតរួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ការសាងសង់ពង្រីក និងលើកកម្រិតគុណភាពខ្សែផ្លូវទាំង ៣ខ្សែនេះ បានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយនិងចក្ខុវិស័យក្នុងការជំរុញការតភ្ជាប់របស់រាជរដ្ឋាភិបាលនិង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាដែលនឹងប្រែក្លាយខេត្តក្នុងតំបន់ឆ្នេរ ឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ និងប្រទាក់ក្រឡាគ្នាដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត។

ជាក់ស្តែង នាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង៣ខ្សែនេះ បាននិងកំពុងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ ខ្សែផ្លូវជាតិទាំង៣ខ្សែ ក៏បានចូលរួម លើកកម្ពស់ការអភិវឌ្ឍតំបន់ ទេសចរណ៍សំខាន់ៗដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិ ជាពិសេសផ្លូវជាតិលេខ៤១ ដែលនឹងចូល រួមជួយសម្រួល និងបញ្ចៀស ការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិត បន្ថែមទៀតផងដែរ។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន ៥៣,៥៣៩គីឡូម៉ែត្រ ចំណុចចាប់ផ្ដើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។

ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបចំនួន ៥២,៥៧៧គីឡូម៉ែត្រ ចំណុចចាប់ ផ្តើមពីក្រុងកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែនកម្ពុជា-វៀតណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ៧០៩) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង៧សង់ទីម៉ែត្រ និងផ្លូវបេតុងសរសៃដែកំ កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។

ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន ៩៥,២៦៩គីឡូម៉ែត្រ ចំណុចចាប់ផ្តើមពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី (ចំណុច ប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)