កម្សាន្ត៖ ជាការពិតណាស់ ចាប់តាំងពី មានបញ្ហា ការីករាលដាលនូវជំងឺ Covid-19 ទូទាំងពិភពលោកមក យើងឃើញថា មាន គ្រប់បណ្ដាប្រទេសទាំងអស់ មានការផ្អាកការជួបជុំគ្នា ស្ទើរគ្រប់សកម្មភាព មិនថាតែ សាលារៀន ភោជនីយដ្ឋាន កន្លែងកម្សាន្តនានា ក៏ត្រូវបានបិទទ្វារ ជាបន្តបន្ទាប់ ដើម្បីការពារការឆ្លងរីករាលដាលកាន់តែខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ មួយរយៈនេះ ប្រទេសយើងហាក់មានការធូរស្បើយនៃការឆ្លងបន្តិចទៅហើយ ហើយការបិទទ្វារ នៅតាមទីកន្លែងកម្សាន្តជាច្រើន កន្លងមកជាយូរខែមកនេះ ក៏មានកន្លែងខ្លះ បានបើកបម្រើភ្ញៀវវិញជាបណ្ដើរៗខ្លះហើយ ប៉ុន្តែយើងឃើញថា សំណាក់មិត្តៗយុវវ័យមួយចំនួន បន្ទាប់ពីសម្រាកពីការរៀនសូត្រ ក៏ដូចជាសម្រាកពីការងារផ្ទាល់ ពួកគេក៏បាន យកពេលទាំងនោះ ទៅលំហែ ក៏ដូចជាសម្រាកបន្ធូរអារម្មណ៍ ដោយប្ដូរបរិយាកាស នៅកម្សាន្ត តាមបណ្ដាខេត្តនានាទៅវិញ។ ដោយយើងឃើញថា មួយចំនួន ក៏ទៅតាមកន្លែងដែលខ្លួនចូលចិត្តតាមរសនិយម រៀងៗខ្លួន ដូចជាអ្នកខ្លះ ក៏ទៅលំហែ នៅមាត់សមុទ្រ ឬ តាមកោះផ្សេងៗ ឬឯអ្នកខ្លះក៏ទៅលំហែ បោះតង់ជួបជុំមិត្តភក្ដិ តាមតំបន់ មានព្រៃភ្នំ ជាដើម។ រីឯអ្នកខ្លះទៀត ក៏កំពុងតែពិចារណា ថាគួរទៅកន្លែងណា មួយទើបល្អ? កន្លែងណាមានសុវត្ថិភាព ហើយចាយលុយអស់តិច នឹងទទួលបានភាពសប្បាយរីករាយមកវិញច្រើន?
ជាមួយគ្នានេះដែរ ថ្ងៃនេះ ខ្មែរឡូត ច្បាស់ជាមិនឲ្យប្រិយមិត្តខកបំណងទេ ដែលយើងនឹងធ្វើការណែនាំ កន្លែងកម្សាន្តនានា ដែលល្អៗ ស្រស់ស្អាតមួយចំនួន និងកំពុងតែពេញនិយម នៅក្នុងប្រទេសរបស់យើង ដែលជាជឿជាក់ ប្រិយមិត្តដែលចូលចិត្ត ដើរលេង តាមខេត្តដែលមានសមុទ្រ និង តំបន់ភ្នំ ក៏ប្រហែលជាបានស្គាល់ខ្លះៗមកហើយ។
ចង់ដឹងថា មានទីកន្លែងណាខ្លះ តោះទៅដឹងទាំងអស់គ្នា៖
១.កោះសង្សារ
ជាកោះមួយមានលក្ខណៈឯកជន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពី កោះរ៉ុង ក្នុងខេត្តព្រះសីហនុនោះទេ ប៉ុន្តែកោះនេះ បើជិះពីរង្វង់មូលទីរួមខេត្តព្រះសីហនុទៅ ដោយជិះទូក ឬកាណូត រយៈពេល ៣០ ទៅ ៤០នាទី ឬស្មើនឹង ៣០គីឡូ ទើបអាចទៅដល់។ ហើយកោះនេះដែរ មានលក្ខណៈពិសេសជាច្រើន ដោយសារតែនៅទីនោះ ជាប្រភេទកន្លែងសម្រាកលំហែ មានទាំងកន្លែងស្នាក់នៅ មានកន្លែងមើលព្រោះអាទិត្យលិច កន្លែងមើលផ្កាថ្ម ព្រមទាំងកន្លែងជាច្រើនទៀត ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាតខ្លាំង រហូតគេប្រដូចទៅនឹង កោះម៉ាល់ឌីវទី២ ថែមទៀតផង។
រូបភាពពី៖ Song Saa Private Island
២.កោះទន្សាយ
កោះនេះ ជាកោះមួយដែលស្ថិតក្នុងខេត្តកែប ជាប្រភេទកោះមួយដែល មានឆ្នេរសម្រាប់បន្ធូរអារម្មណ៍ជាមួយទឹកសមុទ្រដ៏ខៀវស្រងាត់ និងមានវាលខ្សាច់សម្រាប់សំដឹលខ្លួនលេងផងដែរ។ ពិសេសនៅទីនោះ មានទេសភាពស្រស់ស្រាយខ្លាំង ព្រមទាំងមាន ផ្ទះសំណាក់ ដូចជា ផ្ទះបឹងកាឡូ សម្រាប់ភ្ញៀវស្នាក់នៅ រីឯតម្លៃ ក៏ធូរថ្លៃគួរសមផងដែរ។
៣.ឆ្នេរនេសាទ
ឆ្នេរនេសាទនេះ មានទីតាំងស្ថិតនៅ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ហើយបើគិតជាចម្ងាយប្រហែលជា 162km ពីរង្វង់មូលទីរួមខេត្តកោះកុង។ កន្លែងនេះផងដែរ មានភាពងាយស្រួលច្រើន សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ មិនសូវមានមនុស្សអ៊ូរអរ និងល្អបំផុតផងដែរ សម្រាប់អ្នកមកបោះតង់ ជួបជុំមិត្តភក្ដិ មើលថ្ងៃលិច ថ្ងៃរះ គេងស្ដាប់ទឹករលកនៅមាត់ឆ្នេរយ៉ាងសប្បាយរីករាយផងដែរ។ រូបភាពពី៖ OneStep Adventure/មួយជំហាន
៤.តំបន់ឧទ្យានជាតិគិរីរម្យ
ឧទ្យានជាតិគិរីរម្យ ស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ។ ដែលតំបន់នេះ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីលាតសន្ធឹងជាប់ទៅនឹងខេត្តកោះកុង និងខេត្តព្រះសីហនុផងដែរ។ ដែលសុទ្ធសឹងតែជាព្រៃដែលមានដើមឈើ ក្រាលគ្របប្រមាណជាង ៨ម៉ឺនហិចតា។ អ្វីដែលពិសេស ក្នុងតំបន់ឧទ្យានជាតិនេះ មានកន្លែងសម្រាប់កម្សាន្តជាច្រើន ដែលអមជាមួយទេសភាព ដើមស្រស់ជាច្រើន វាលស្មៅ ពណ៌បៃតងខ្ចី បូករួមនឹង អាកាសធាតុត្រជាក់ ទើបធ្វើឲ្យតំបន់នេះ ទាក់ទាញចិត្ត ភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាច្រើនមិនដាច់។ ពិសេសក៏មានក្រុមយុវវ័យមួយចំនួន ក៏អាចទៅបោះតង់ នៅតំបន់នោះបានផងដែរ។ រូបភាពពី៖ OneStep Adventure/មួយជំហាន
៥.ខ្នងភ្នំអណ្ដូងស្នេហ៍
ទីនេះ មានទីតាំងស្ថិតក្នុងស្រុក អូររាំង ខេត្តមណ្ឌលគីរី ដែលមានចម្ងាយពីក្រុងសែនមនោរម្យ ប្រមាណ ជា ២៥គីឡូម៉ែត្រប៉ុណ្ណោះ។ ហើយទីកន្លែងនេះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើន ពីភ្ញៀវគ្រប់ទិសទី មិនថាជិត មិនថាឆ្ងាយ ឲ្យមកទស្សនាថតរូបលេង ច្រើនមិនដាច់ផងដែរ។ ក៏ព្រោះតែទេសភាពនៅទីនេះ បានឃើញដោយផ្ទាល់ភ្នែក ពិតជាបរិសុទ្ធ ស្រស់ស្រាយ ខ្លាំង ជាមួយ វាលស្មៅ ក្រាលគ្របពីលើភ្នំ នៅតំបន់នេះ យ៉ាងខៀវខ្ចី មើលដាច់កន្ទុយភ្នែក។ រូបភាពពីផេក ៖ មណ្ឌលគិរី
៦. ភ្នំ១៥០០
ភ្នំ១៥០០គឺជាទីកន្លែង កំពុងពេញនិយមខ្លាំង នាពេលបច្ចប្បន្ន ដែលទីនេះ បង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។ ក្រៅពីទេសភាពនៅតាមដងផ្លូវ ស្រស់ស្អាតហើយ នៅទីនោះ យើងឃើញថា មានផ្លូវ កាច់កោង ចុះឡើង កាត់ភ្នំជាច្រើន ជាមួយនឹងរុក្ខជាតិចម្រុះ គ្រប់ប្រភេទ ទើបទីនោះ អាចទាក់ទាញចិត្ត មនុស្សគ្រប់ទិសទី ឲ្យមកថតរូបលេងកម្សាន្ត គយគន់ទេសភាពជាច្រើនផងដែរ។ រូបភាពពី៖ I Am Heaventree
៧.ភ្នំខ្នងផ្សារ
តំបន់កម្សាន្ត ភ្នំខ្នងផ្សារ មានទីតាំងភូមិសាស្រ្តស្ថិតនៅប្រសព្វមុំជាមួយនឹងខេត្តចំនួន ៣ ដែលមានខេត្ត កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់។ ទីនោះផងដែរ ជាកន្លែងដែលកំពុងតែពេញនិយមថ្មីមួយកន្លែង ដែលអាចទាក់ទាញយុវវ័យជាច្រើន មកលេងមិនចេះដាច់ និងជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នក ចូលចិត្ត ផ្សងព្រេង ដើរលេង បោះតង់ អាំងសាច់ញ៉ាំ ជួបជុំមិត្តភក្ដិ តាមព្រៃភ្នំ ក្រោយពេលទំនេរសម្រាកពីការងារជាដើម។
ដូច្នេះអាចនិយាយបានថា មិនថាកន្លែងភ្នំ ឬកន្លែងសមុទ្រ ក៏ដោយ សុទ្ធតែមានចំណុចល្អៗ រៀងៗខ្លួន ហើយក៏ដល់ពេលហើយថា អ្នកត្រូវសម្រេចចិត្តថា នឹងដើរលេង នៅតំបន់ណានោះ តែយ៉ាងណា សូមរក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕