ខេត្តតាកែវ៖ កាលពីវេលារសៀលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីរថយន្តពីរគ្រឿង គៀបជាប់គ្នានៅលើស្ពានមួយកន្លែង នៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានមហាជននាំគ្នារិះគន់ថា មកពីការបើកបរមិនមានការយោគយល់ អធ្យាស្រ័យគ្នា ហើយមកទល់ពេលនេះ ទម្លាក់កំហុសដាក់គ្នា។ ក្នុងនោះ តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា កំហុសមកពីខាងរថយន្តធុនធំ ដែលបានបើកបរលឿន និង ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុកចូលគន្លងនៃស្ពាន ហើយបណ្តាលឱ្យប៉ះ និងគៀបជាប់រថយន្ត Prius នៅលើស្ពាននោះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការបកស្រាយឱ្យដឹងពីម្ចាស់ឡានតូច Prius បានបញ្ជាក់ថា រថយន្តរបស់ខ្លួន បានបើកចូលដល់លើស្ពាន មុនប្រមាណ៣ម៉ែត្រហើយ ស្រាប់តែពេលនោះ រថយន្តធុនធំ បានបើកបោះពួយយ៉ាងលឿន ហើយខ្លួនជាម្ចាស់រថយន្តតូចខំស៊ីផ្លេ និង វ៉ៃភ្លើងផង ប៉ុន្តែរថយន្តធំ នៅតែបើកសំដៅយ៉ាងលឿនមិនឈប់ ពេលដែលម្ចាស់ឡានធំចុះមក បានប្រាប់ថាជាន់ហ្វ្រាំងមិនស៊ី។ ក្នុងពេលកើតហេតុនោះទៀត រថយន្តធំនោះបានអូសឡានតូចថយទៅក្រោយ ទើបឃើញរូបភាពបង្ហាញបែបនេះ។
ដោយឡែក យោងតាមបញ្ជាក់របស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅលើផេកហ្វេសប៊ុក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ផ្អែកតាមមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា៖
- នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន៕




