រាជធានីភ្នំពេញ ៖ យុវជនម្នាក់ចូលដកលុយក្នុងទូ ATM គ្រា់តែដើរចេញមកវិញបម្រុងឡើងជិះម៉ូតូ ក៏ត្រូវជនប្រដាប់អាវុធបាញ់៣គ្រាប់ដេកដួលក្នុងថ្លុកឈាម ហើយយកលុយនិងម៉ូតូទៅបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ សីហា ២០១៦ ស្ថិតនៅមុខទូATMរបស់ធនាគារឥណ្ឌូឆាយណា តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
ប្រភពឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកឈប់ម៉ូតូនៅមុខកន្លែងដកលុយទូ ATM របស់ធនាគារចូលទៅដកលុយបានហើយដើរចេញមកវិញ បានប្រមាណ៦ម៉ែត្រ ឡើងអង្គុយលើម៉ូតូបម្រុងជិះចេញទៅហើយ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខបានជិះមកដល់វាយទៅលើជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ និងយកលុយដែលទើបនឹងដកពីទូ ATM តែជនរងគ្រោះមិនព្រមឱ្យតាមសម្រួលទេ បានប្រតាយប្រតប់ជាមួយជនសង្ស័យហើយស្រែកថា «ចោរៗ» ទើបជនសង្ស័យដកកាំភ្លើងខ្លីមួយដើមបាញ់សំដៅជនរងគ្រោះចំនួន៣គ្រាប់ តែមួយគ្រាប់ដំបូងអត់ផ្ទុះបាញ់២គ្រាប់ទៀត បណ្តាលឲ្យរបួសចំស្មាមួយគ្រាប់ និងភ្លៅមួយហូរ ឈាមពេញខ្លួនដេកដួលក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ពេលដែលជនរងគ្រោះប្រតាយប្រតប់ជាមួយជនសង្ស័យហើយស្រែកថាចោរៗ អ្នកឃើញហេតុការណ៍ បម្រុងរត់ទៅជួយដែរ តែឃើញជនសង្ស័យដកកាំភ្លើងបាញ់សំដៅជនរងគ្រោះម្នាក់ៗ លែងហ៊ានចូលទៅជួយ ទាល់ តែជនសង្ស័យប្លន់យកម៉ូតូនិងលុយទៅបាត់អស់ ទើបនាំគ្នាចូលទៅមើលជនរងគ្រោះដែល ដេកដួលក្នុងថ្លុកឈាមសន្លប់ស្តូកស្តឹង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានត្រឹមមកឈរមើលជនរងគ្រោះដេកដួលក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ ។



ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត នៅចិនឯណោះវិញ កាលពីឆ្នាំកន្លងទៅ ស្ត្រីម្នាក់អាយុ ២៥ឆ្នាំ (មិនបញ្ចេញឈ្មោះ) បាននិយាយថា៖ នៅពេលដែលនាង កំពុងឈរចាំ ដកលុយពីទូរ ATM ស្រាប់តែមាន បុរសម្នាក់ ដើរមកពីក្រោយ ហើយយកកំបិត មកភ្ជង់-ក ប្លន់យកប្រាក់របស់នាង រំពេចនោះនាង ក៏បានតដៃ ប្រតាយប្រតប់គ្នា និង ព្យាយាមដណ្ដើម កាំបិតពីចោរ ហើយចោរក៏បានបោកនាង ទៅនឹងដី ដើម្បីទាញកាបូបរត់ទៅបាត់ បន្ទាប់មក នាងក៏បានស្រែកខ្លាំង ដើម្បីឲ្យគេជួយ។
នៅទីបំផុត បុរសដែលជាចោរ អាយុ ២៣ ឆ្នាំ មានឈ្មោះ ឆាយ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជិតនោះ ចាប់ជាប់ ហើយបញ្ជូនខ្លួនឲ្យទៅ ប៉ូលីសដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់។ ជនសង្ស័យ បាននិយាយប្រាប់ ប៉ូលីសថា៖ រូបគេទើបតែត្រូវបាន បណ្ដេញចេញពីការងារ ហើយដោយសារតែ ត្រូវការប្រាក់ជាបន្ទាន់ ទើបសំរេចធ្វើដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com