សិង្ហបុរី៖ ក្រុមគ្រូពេទ្យនៅប្រទេសសិង្ហបុរី មានការភ្ញាក់ផ្អើល ចង់ស្រឡាំងកាំង ក្រោយរកឃើញ តេនញ៉ាប្រវែង វែង រហូតដល់ទៅជិត៣ម៉ែត្រ នៅក្នុងចុងពោះវៀនធំ (រន្ធគូទ) របស់បុរសម្នាក់។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះសញ្ជាតិសិង្ហបុរី មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានគេរាយការណ៍ថា តែងមានអាការៈមិនស្រួល ឈឺចុកចាប់ក្នុងពោះ ចង់ក្អួតចង្អោ។ រហូតទីបំផុតបុរសរងគ្រោះ ក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យ Singapore General Hospital ក្នុងទីក្រុង ដើម្បីសុំជំនួយ ឲ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យ។ ដោយជាលទ្ធផលរកឃើញថាមាន តេនញ៉ា នៅក្នុងចុងពោះវៀនធំរបស់គាត់។
ក្រោយធ្វើការពិនិត្យ ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យខាងលើ ក៏បានបើកប្រតិបត្តិការ ធ្វើយ៉ាងណាបណ្តេញតេនញ៉ានោះ ចេញពីក្នុងខ្លួនបុរសរងគ្រោះ រួចចាប់ទាញចេញមកតាមរន្ធគូទតែម្តង។ តេនញ៉ា ដែលបានយកចេញមកនោះ ត្រូវបានគេដឹងថា មានប្រវែងរហូតដល់ទៅ ៩ហ្វីត (ប្រហែល ២,៨ម៉ែត្រ ឬជិត៣ម៉ែត្រ) ។

ប្រភពដដែលបានឲ្យដឹងទៀតថា គេមិនដឹងទេថា បុរសរងគ្រោះខាងលើនេះ អាចកើតមានតេនញ៉ាក្នុងខ្លួន ឬឆ្លងមេរោគរហូតទៅជាបែបនេះ បានដោយរបៀបណានោះទេ។ ខណៈឯបុរសរងគ្រោះ ក៏មិនបានបង្ហាញប្រាប់ពីរោគសញ្ញាច្បាស់លាស់ ឬរបបអាហារដែលខ្លួនគាត់ ទទួលទានប្រចាំថ្ងៃនោះឡើយ។
ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រុមវេជ្ជបណ្ឌិត បានរកឃើញនូវបំណែកកាកសំណល់មួយចំនួន ក្នុងខ្លួនបុរសរងគ្រោះ រូមមានសាច់ជ្រូកឆៅ សាច់គោឆៅ និងសាច់ត្រីឆៅ (ត្រីសមុទ្រ) ជាដើម។ ហើយគេជឿជាក់ថា ចំពោះមូលហេតុកកើត តេនញ៉ា សំងំខ្លួនរស់នៅក្នុងពោះវៀនធំ របស់បុរសរងគ្រោះបែបនេះ គឺអាចមកពីគាត់ ចូលចិត្តទទួលទានអាហារឆៅៗ ស្រស់ៗ ដូចជាគ្រឿងសមុទ្រ ឬចម្អិនមិនបានឆ្អិនល្អ។
លោកសាស្រ្តាចារ្យ Hsu Li Yang អ្នកឯកទេសនៃជំងឺឆ្លង ប្រចាំនៅមន្ទីរពេទ្យខាងលើនេះ បានមានប្រសាសន៍ថា «បុរសរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង នៅពេលដែលឃើញតេនញ៉ា ចេញតាមរន្ធគូទរបស់គាត់បែបនេះ» ។
គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលកើតមានករណី គួរឲ្យខ្លាចបែបនេះកើឡើង។ ហើយវាក៏ជាសារមួយ ដ៏សំខាន់ផងដែរ ជួយដាស់តឿនដល់អ្នកដែលនិយមចូលចិត្ត ទទួលទានអាហារឆៅៗ ឬគ្រឿងសមុទ្រ គួរណាស់ត្រូវកាត់បន្ថយ ដោយចេះគិតគូរទៅលើសុខភាពខ្លួនឯងផងដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com