ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ឈ្មោះនិយោជកល្អបំផុតលំដាប់ថ្នាក់សកលលោក (Global Best Employer Brand Award) ប្រចាំឆ្នាំ២០២០ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្រោយពីទទួលបានពានរង្វាន់ ឈ្មោះនិយោជកល្អបំផុតប្រចាំនៅកម្ពុជាកាលពីខែមករាកន្លងទៅ នៅទីក្រុងបាងកកប្រទេសថៃ។ កាលពីឆ្នាំ២០១៩កន្លងទៅ ធនាគារ ព្រីនស៍ ក៏ទទួលបានពានរង្វាន់លើកទីមួយរបស់ខ្លួននៅប្រទេសសិង្ហបុរី ក្នុងនាមជាស្ថាប័នដែលឈ្នះពានរង្វាន់ ឈ្មោះនិយោជកល្អបំផុតទាំង ១០០ នៅអាស៊ី។ គ្រប់ពានរង្វាន់ដែលមានកិត្យានុភាពទាំងនេះត្រូវបានផ្តល់ជូនដោយដោយ The Employer Branding Institute, World HRD Congress និង Stars of the Industry Group។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់និយោជកឆ្នើម](https://s5.kh1.co/__image/w=650,h=474,q=100/9a/9aa94c67c433d7bb039ecdd6d6adffcfcd5a09d4.jpg)
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ ធនាគារ ព្រីនស៍ បានលើកឡើងថា៖
“ពានរង្វាន់ដែលទទួលបានក្នុងថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្តរបស់ ធនាគារ ព្រីនស៍ ក្នុងការអភិវឌ្ឍ និងរក្សានូវទេពកោសល្យបុគ្គលិក។ ការអភិវឌ្ឍធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់សម្រាប់ជោគជ័យរបស់ក្រុមហ៊ុនយើង ហើយយើងបានខិតខំបំពេញកិច្ចការងារយ៉ាងសស្រាក់សស្រាំ ដើម្បីកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍអាជីពដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីសម្រេចបានកំណើននិង លទ្ធផលដែលយើងគ្រោងទុក”។
ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង បន្ទាប់ពីបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ ធនាគារ ព្រីនស៍ បានផ្តោតការខិតខំសំដៅឆ្ពោះទៅកាន់ការក្លាយខ្លួនជា “និយោជកដែលជាជម្រើសទីមួយ”។ លោកប្រធាន នាយកប្រតិបត្តិបានមានប្រសាសន៍បន្ថែមទៀតថា៖
“យើងចង់បង្កើតបរិយាកាសការងារមួយ ដែលមាននីតិវិធីសម្របសម្រួលកិច្ចការធនធានមនុស្សច្បាស់លាស់ ឱកាសគ្រប់គ្រាន់ឲ្យបុគ្គលិកបានទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍខ្លួន វប្បធម៌បំពេញការងារដែលផ្អែកលើគុណតម្លៃនិងទំនួលទំនួលខុសត្រូវ ព្រមទាំងការលើកទឹកចិត្តសម្រាប់ការទំនាក់ទំនងដោយចំហនិងប្រកបដោយភាពស្មោះត្រង់”។
ទាក់ទងនឹងការជ្រើសរើសបុគ្គលិកធនាគារបានលើកទឹកចិត្តដល់ការចូលរួមរបស់យុវជននៅក្នុងប្រទេសកម្ពុជា ដោយចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារនៅតាមបណ្តាសាកលវិទ្យាល័យនានា និងមានការផ្សព្វផ្សាយទៅកាន់គ្រឹះស្ថានអប់រំតាមខេត្តផងដែរ ។
ធនាគារ ព្រីនស៍ ក៏បានបង្កើតកម្មវិធីកម្មសិក្សា ដោយផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យ ដើម្បីហាត់ការក្នុងផ្នែកជាបុគ្គលិកជួរមុខ ក៏ដូចជាបុគ្គលិកនៃការិយាល័យកណ្តាល។ កម្មវិធីនេះអនុញ្ញាតឱ្យយុវជនទទួលបានបទពិសោធន៍ជាក់ស្តែងពីការធ្វើការងារជាបុគ្គលិកពេញម៉ោងនៅ ធនាគារ ព្រីនស៍។
លើសពីនេះទៅទៀត ស្របតាមទិសដៅដើម្បីក្លាយខ្លួនជាធនាគារឌីជីថលដែលរីកចម្រើន លឿនបំផុតនៅក្នុងប្រទេសកម្ពុជា ធនាគារ ព្រីនស៍ បានប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើដល់កិច្ចការងាររបស់បុគ្គលិកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ធនាគារ បានដាក់ចេញនូវប្រព័ន្ធព័ត៌មានធនធានមនុស្សដែលរួមបញ្ចូលកម្មវិធីទូរស័ព្ទដៃដែលនិយោជិកអាចគ្រប់គ្រងការឈប់សម្រាក ព័ត៌មានប្រាក់បៀវត្ស ទិន្នន័យបុគ្គលិក និងមុខងាររដ្ឋបាលធនធានមនុស្សផ្សេងទៀតពីទូរស័ព្ទដៃទំនើបរបស់ពួកគេ។ កម្មវិធីនេះធ្វើឱ្យដំណើរការគ្រប់គ្រងធនធានមនុស្សកាន់តែមានប្រសិទ្ធភាព ដោយជួយកាត់បន្ថយពេលវេលាឆ្លើយតបទៅនឹងការងាររដ្ឋបាលកាត់បន្ថយការប្រើប្រាស់ក្រដាស និងរួមចំណែកដល់ដំណោះស្រាយថែរក្សាបរិស្ថានផងដែរ។
បច្ចេកវិទ្យាឌីជីថល ក៏ជួយដល់កិច្ចការបណ្តុះបណ្តាលបុគ្គលិករបស់ធនាគារដែរ។ ធនាគារ បានដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលដែលផ្តល់ជូនតាមឌីជីថលដើម្បីភាពងាយស្រួលដល់បុគ្គលិក-និយោជិកក្នុងការរៀនមុខវិជ្ជានានាដើម្បីបញ្ចាប់វគ្គសិក្សាស្របទៅតាមល្បឿនរបស់ពួកគេរៀងៗខ្លួន។ កម្មវិធីរៀនតាមប្រព័ន្ធអេឡិចត្រូនិចនេះបំពេញបន្ថែមលើវគ្គសិក្សានៅក្នុងថ្នាក់ ដែលមានដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញគ្រប់គ្រង ដែលចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងកិច្ចការងាររបស់បុគ្គលិក និងការផ្តល់សេវាកម្មជូនអតិថិជន។
យុទ្ធសាស្រ្តទាំងនេះរួមជាមួយនឹងគុណតម្លៃស្នូលដែលមានដូចជា វិជ្ជាជីវៈ ការទទួលខុសត្រូវសុចរិតភាព សេចក្តីថ្លៃថ្នូ ការប្តេជ្ញាចិត្ត និងការឱ្យតម្លៃខ្លួនឯង មានគោលបំណងបង្កើតនូវកន្លែងការងារអាជីព ដែលអនុញ្ញាតឲ្យបុគ្គលិកទទួលបានភាពជោគជ័យនៅក្នុងក្រុមហ៊ុន ហើយធនាគារមានជំនឿជាក់ថាយុទ្ធសាស្ត្រនេះជួយបន្តទាក់ទាញ និងរក្សាបុគ្គលិក ដែលមានការតាំងចិត្ត និងមានសមត្ថភាពខ្ពស់ផងដែរ ។
រយៈពេលជិតពីរឆ្នាំមកនេះ ធនាគារ ព្រីនស៍ បានបង្កើនឡើងសឹងតែមួយទ្វេរជាពីរដែលចំនួនបុគ្គលិករហូតដល់ 1,000 ជាងនាក់។ ធនាគារ ព្រីនស៍ ពិតជាមានមោទនភាពណាស់ដែលទទួលបានកិត្តិនាមតាមរយ:ពានរង្វាន់ឈ្មោះនិយោជកឆ្នើមលំដាប់ថ្នាក់ពិភពលោក នៅក្នុងត្រីមាសទី១នៃឆ្នាំថ្នីនេះ។ យើងនឹងបន្តអភិវឌ្ឍ និងកែលម្អកម្មវិធីគ្រប់គ្រងធនធានមនុស្សរបស់ធនាគារ ដើម្បីធានាបានថាបុគ្គលិករបស់យើងអាចសម្រេចបានគោលដៅយុទ្ធសាស្ត្រសម្រាប់ពេលបច្ចុប្បន្ន ក៏ដូចជាត្រៀមខ្លួនក្លាយជាអ្នកដឹកនាំបន្តទៅថ្ងៃអនាគត និងត្រៀមខ្លួនជាស្រេចដើម្បីជំរុញឱ្យធនាគារ ព្រីនស៍ ក្លាយជាធនាគារឌីជីថល ដែលផ្តល់ជូននូវបទពិសោធន៍អតិថិជនល្អបំផុត៕