ក្រុមហ៊ុន Mediaload ទទួលបានមូលនិធិបណ្តាក់ទុន Series A ពីក្រុមហ៊ុន True Digital Group

//s9.kh1.co/83/839a994971b5f9a4dcc217d9e7000887ae572d4b.jpg
បច្ចេកវិទ្យា

 ២៩-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលមានមូលដ្ឋាននៅកម្ពុជានឹងប្រើប្រាស់មូលនិធិនេះ សម្រាប់បើកដំណើរការពង្រីកទីផ្សារថ្មី

ក្រុមហ៊ុន​ Mediaload ដែល​ជា​ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយ​ឌីជីថល​មានមូលដ្ឋាននៅប្រទេសកម្ពុជា និង​ប្រតិបត្តិការនៅប្រទេសកម្ពុជា និង​មីយ៉ាន់ម៉ា នាពេលថ្មីៗនេះបានទទួលមូលនិធិបណ្តាក់ទុន Series A ពីក្រុមហ៊ុន True Digital Group True Digital Group (TDG) ដែលជាក្រុមហ៊ុនសាខាក្នុងវិស័យឌីជីថលរបស់ True Corporation ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសថៃ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្ម C.P. Group ។ ក្រុមហ៊ុននឹងប្រើមូលនិធិនេះដើម្បីបង្កើនការផ្តល់មាតិការបស់ខ្លួននៅលើវេទិការបស់ខ្លួន និងពង្រីកវេទិការបស់ខ្លួននៅក្នុងតំបន់ថ្មីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក អ៊ិន វិចិត្រ ជា​ប្រធានប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន Mediaload បាន​មាន​ប្រសាសន៍ថា៖ «នេះគឺ​ជា​កិ​ច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​សម្រាប់ក្រុមហ៊ុន​របស់​យើង និ​ង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុងវិស័យបច្ចេកវិទ្យា។ ជាមួយនឹងការវិនិយោគយុទ្ធសាស្រ្តនេះ យើងនឹងអាចបង្កើនការផ្តល់ជូនមាតិការបស់យើងនៅក្នុងទីផ្សារដែលមានស្រាប់របស់យើង និងពង្រីកទៅកាន់ទីផ្សារផ្សេងទៀតនៅក្នុងតំបន់។ យើងពិតជារំភើប ក្នុងការស្វាគមន៍ក្រុមហ៊ុន TDG ក្នុងនាម​ជាដៃគូយុទ្ធសាស្ត្រ រយៈពេលវែងរបស់យើង»។

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Mediaload (រូបភាពពីក្រុមហ៊ុន Mediaload)
ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Mediaload (រូបភាពពីក្រុមហ៊ុន Mediaload)

ក្រុមហ៊ុន Mediaload គឺជាក្រុមហ៊ុនផ្តល់ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលជាមួយគេហទំព័រខ្មែរឡូតនិងមីយ៉ាន់ម៉ាឡូត នៅប្រទេសកម្ពុជានិងមីយ៉ាន់ម៉ារៀងៗខ្លួន។ Mediaload ត្រូវបានបង្កើតឡើងដោយបងប្អូនបង្កើតបីនាក់គឺលោក អ៊ិន វិចិត្រ លោក អ៊ិន វិជ្ជា និង លោក អ៊ិន វិសាល ។ ជាមួយនឹងមាតិកាដែលផ្តោតសំខាន់លើក្រុមយុវជនសម័យថ្មីនិងគ្រប់ដណ្តប់លើប្រធានបទជាច្រើនតាំងពីការកម្សាន្តរហូតដល់កីឡា Mediaload មានអ្នកប្រើប្រាស់ ៨ លាននាក់ក្នុងមួយខែជាមួយនឹងអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គម ២០ លាននាក់។

កាលពីពេលថ្មីៗនេះក្រុមហ៊ុននេះបានទទួលថវិកាចំនួន ២០ ម៉ឺនដុល្លារជាថវិកាវិនិយោគពីក្រុមហ៊ុន 500 Startups ។ ក្រុមហ៊ុនមេរបស់ Mediaload គឺ Groupin ដែលកំពុងប្រតិបត្តិការអាជីវកម្មអេឡិចត្រូនិចឈានមុខគេនៅកម្ពុជាគឺ Little Digital ក៏បានប្រមូលថវិកាវិនិយោគជាទឹកប្រាក់ចំនួន ៥ លានដុល្លារពីក្រុមហ៊ុនមូលធនឯកជន Belt Road Capital Management ដែលធ្វើឱ្យវាក្លាយជាការវិនិយោគបច្ចេកវិទ្យាធំជាងគេផងដែរនៅកម្ពុជាក្នុងឆ្នាំ ២០១៩ ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន True Digital Group (TDG) គឺជាក្រុមហ៊ុនច្នៃប្រឌិតឌីជីថលរបស់ក្រុមហ៊ុន True Corporation ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងឌីជីថលនៅក្នុងប្រទេសថៃ។ បច្ចុប្បន្ននេះ TDG មានផ្តល់ជូននូវកម្មវិធី TrueID ដែលជាច្រកចូលទៅកាន់មាតិកាឌីជីថលដែលមានគុណភាពជាច្រើនប្រភេទរួមមាន ភាពយន្ត ទូរទស្សន៍ ព័ត៌មាន តន្ត្រី កីឡា ការធ្វើដំណើរ និងឯកសិទ្ធិផ្ទាល់ខ្លួន។ ជាមួយ​នឹង​យុទ្ធសាស្រ្តរបស់ TDG ក្នុង​ការ​ផ្តល់​នូវ​មាតិកា​ដែល​មានគុណភាព និងតម្លៃសមរម្យ TrueID បានក្លាយជាកម្មវិធីទាញយកច្រើនបំផុតនៅក្នុងចំណោម​កម្មវិធីប្រភេទដូចគ្នានៅ​ក្នុង​ប្រទេស​ថៃ​។ បច្ចុប្បន្ន TDG កំពុងតែប្រតិបត្តិការនៅប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាមជាមួយផែនការណ៍ពង្រីកបន្ថែមទៀតនៅទូទាំងអាស៊ីខាងត្បូង ដោយប្រើប្រាស់សេដ្ឋកិច្ចនៃមាត្រដ្ឋាននៅលើវេទិកា ឌីជីថល។

លោកបណ្ឌិត Michael Gryseels អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន True Digital Group មានប្រសាសន៍ថា៖“ ក្នុងនាមជាអ្នកផ្សព្វផ្សាយឌីជីថលក្នុងតំបន់ យើងទន្ទឹងរង់ចាំនាំមកនូវស្តង់ដារដែលយើងបានកំណត់សម្រាប់មាតិកាសេវាកម្ម និងរចនាបថជីវិតដែលមានគុណភាពខ្ពស់របស់ទស្សនិកជននៅប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា។ ជាមួយនឹង​ទីផ្សារ​ដែលមានស្រាប់របស់​ក្រុមហ៊ុន Mediaload យើងជឿជាក់ថា ប្រទេសទាំងនេះនឹងអាចបង្កើនជំនាញក្នុងស្រុករបស់ខ្លួនដើម្បីបង្កើនបទពិសោធន៍នៃរចនាបថជីវិតបែបឌីជីថល ដែលជាការពិតសម្រាប់ប្រជាជន ខណៈពេលដែលរក្សាបាននូវស្តង់ដារគុណភាពដែលត្រូវបានគេស្គាល់ពី True Digital Group ។ យើងសង្ឃឹមថា ភាពជាដៃគូនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយក្នុងការលើកកម្ពស់សក្តានុពលឌីជីថលសម្រាប់មាតិកា និងសេវាកម្មរចនាបថជីវិតក្នុងតំបន់អាស៊ីអាគ្នេយ៍»។

បុគ្គលិករបស់ក្រុមហ៊ុន Mediaload
បុគ្គលិករបស់ក្រុមហ៊ុន Mediaload

យោងតាមទិន្នន័យរបស់​ក្រុមហ៊ុន​ឯកទេសទីផ្សា ​​Statista តម្លៃនៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណែតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៩ មានចំនួន ១៤,៣ ពាន់លានដុល្លារ។ ប្រទេសឥណ្ឌូនេស៊ីមានតម្លៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណែតខ្ពស់បំផុតក្នុងចំណោមប្រទេសដែលបានជ្រើសរើស ដែលក្នុងនោះតម្លៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធើណែតមានចំនួន ៣,៥ ពាន់លានដុល្លារ៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T