
ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលៀនភ្នំពេញ-ព្រះសីហនុ ដែលបានអនុម័តប្រើប្រាស់បច្ចេកវិទ្យាសំណង់ក្រាលត្រួតពីរជាន់បន្តលើគ្នា ក្នុងមួយថ្ងៃសម្រេចបានពី ៦០០ ទៅ៧០០ម៉ែត្រ។ បើតាមការបញ្ជាក់ឱ្យដឹងពី ទំព័រហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅ។
បើតាមទំព័រហ្វេសខាងលើបានលើកឡើងដោយមោទកភាពភាពថា «ការឆ្នៃប្រឌិតបច្ចេកវិទ្យាថ្មីរបស់កម្ពុជាទទួលបានលទ្ធផលល្អអាចប្រើប្រាស់បានខ្នាតធំ។ ការតស៊ូរបស់អ្នកទាំងអស់គ្នាជាហេតុផលដែលយើងទទូលបានការជោគជ័យក្នុងការសាងសង់ប្រវែង ៦០០-៧០០មែត្រ ក្នុង១ថ្ងៃ»។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានល្បឿន ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នឹងភ្ជាប់រាជធានីភ្នំពេញនិងក្រុងព្រះសីហនុក្នុងរយៈពេល ២ម៉ោង ជាចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ បើតាមទំព័រហ្វេសដដែល បានបន្តថា នៅក្នុងឆ្នាំ២០២២ ប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបាន។
អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា កាលពីថ្មីៗនេះបានថ្លែងឱ្យដឹងថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងសរុប ១៩០គីឡីម៉ែត្រ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបាន ២៦,៨៦ភាគរយ ដោយប្រឈមជាមួយនឹងវិបត្តិជំងឺសកល ជាហេតុធ្វើឱ្យការស្ថាបនាផ្លូវនេះហាក់នៅយឺតបន្តិច។

លោក វ៉ាស៊ីម សូរិយា បានបញ្ជាក់ថា «ទោះបីជាមានវិបត្តិជំងឺសកលក្ដី ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅតែដំណើរទៅមុខ ទៅតាមផែនការដែលបានគ្រោង»។ មន្រ្តីជាន់ក្រសួងបានបន្តទៀតថា បើទោះបីយ៉ាងនេះក្ដី ក្រុមសាងសង់បានប្ដេជ្ញាថា នឹងនៅតែបន្តសាងសង់ផ្លូវនេះទៅតាមផែនការដែល់បានគ្រោងទុក។ លោក ថា ដំណើរការសាងសង់ផ្លូវ ល្បឿនលឿននេះកំពុងដើរស្របគ្នាជាមួយនឹងផែនការ ដែលបានកំណត់ទុក ដែលអាចបញ្ចប់ក្នុងឆមាសទី១ ឆ្នាំ២០២២។

សូមរម្លឹកថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អភិវឌ្ឍដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលគ្រោងបើកឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២៣។
ផ្លូវល្បឿនលឿន បែងចែកជា ៤គន្លង ប្រវែងសរុប ១៩០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន៥ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឆ្លងកាត់ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ។

នេះជា ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ ដែលចំណាយថវិកាសាងសង់ ១៩០០លានដុល្លារ៕

ដោយ៖ Moeun Dyna