
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅខេត្តចំនួន៥។
ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។ បើតាមទំព័រហ្វេសប៊ុក សម្ដេចធិបតីនាយករដ្ឋមន្រ្តី។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបន្តថា ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេស នៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។
ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។
ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន៖
១/ រដ្ឋករទឹកកំពត ខេត្តកំពត
២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង
៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី
៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់
ប្រមុខរាជរដ្ឋាភិបាល នឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត។
ក្នុងឆ្នាំ២០២៤ ការផលិតនិងផ្គត់ផ្គង់ទឹកស្អាត បានសរុបចំនួនប្រមាណ ៥៣០លានម៉ែត្រគូប មានកំណើនប្រមាណ ៦៨ លានម៉ែត្រគូប ស្មើនឹង ១៤,៩% ធៀបនឹង ឆ្នាំ២០២៣។ បើតាម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ក្នុងឆ្នាំដដែលខាងលើ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន បានភ្ជាប់តំណជូនអតិថិជន សរុបចំនួន ១ ៤៤០ ៩១៣តំណ មានកំណើនឡើង ១៣៣ ១០៣តំណ ស្មើនឹង ១០,២% ប្រៀបធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានោះ ភូមិចំនួន ៧ ៤២៤ភូមិ ក្នុងចំណោមភូមិសរុបដែលមានក្នុងតំបន់សេវាកម្មចំនួន ១០ ៦៧៩ បានភ្ជាប់បណ្តាញទឹកស្អាត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានគិតគូរដល់ការពង្រឹងសមត្ថភាពផលិត និងការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ទីជនបទដទៃទៀត សម្រាប់ការប្រើ ប្រាស់ទូទៅដល់សាធារណជន ដោយពង្រឹង និងធានាប្រសិទ្ធភាពនៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្មប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)