
ភ្នំពេញ៖ មិនខុសពីអ្នកជាប់ពន្ធមធ្យមនិងធំ អ្នកជាប់ពន្ធតូចក៏ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា។
អនុលោមតាមច្បាប់នឹងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន អ្នកជាប់ពន្ធតូច ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើ ប្រាក់ចំណូលប្រចាំឆ្នាំដូចអ្នកជាប់ពន្ធមធ្យមនិងធំដែរ ពោលគឺយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ខាងមុខនេះ។
ជាមួយគ្នានេះ ទោះបីជា មានប្រាក់ពន្ធត្រូវបង់ ឬគ្មានប្រាក់ពន្ធត្រូវបង់ក្តី អ្នកជាប់ពន្ធតូច ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលនៅតាមសាខា ពន្ធដារដែលគ្រប់គ្រងអ្នកជាប់ពន្ធតូច ឬតាមកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។
ខាងលើនេះ ជាការលើកឡើងដោយវាគ្មិនក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “គណនេយ្យសាមញ្ញ សម្រាប់អ្នកជាប់ពន្ធតូច រួមមាន លោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម និងលោក ខូច ជាកាដូ ប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម។
ការអនុវត្តវិធាននិងនីតិវិធីគណនេយ្យសាមញ្ញ គឺជាការជួយសម្រួលដល់អ្នកជាប់ពន្ធតូចក្នុងកិច្ចប្រតិបត្តិការអាជីវកម្មតូចៗ ឬអាជីវកម្មដែល មានលក្ខណៈគ្រួសារ។
គណនេយ្យសាមញ្ញ ជាបញ្ជីគណនេយ្យឯកភាគដែលមានខ្ទង់នានាសម្រាប់កត់ត្រាប្រចាំថ្ងៃរាល់ប្រតិបត្តិការអាជីវកម្ម ដែលអមមកជាមួយនូវវិក្កយបត្រ ឬសក្ខីកម្មបញ្ជាក់ពីប្រតិបត្តិការចំណូល និងចំណាយនានា។
យោងតាមវិធានគណនេយ្យសាមញ្ញនេះ អ្នកជាប់ពន្ធតូច ត្រូវកត់ត្រាប្រតិបត្តិការរបស់ខ្លួននូវបញ្ជីសំខាន់ៗចំនួន ៣ រួមមាន៖
-បញ្ជីលក់៖ សម្រាប់កត់ត្រាប្រតិបត្តិការចំណូលពីការផ្គត់ផ្គង់ទំនិញឬសេវាក្នុងអាជីវកម្ម
-បញ្ជីទិញ៖ សម្រាប់កត់ត្រាប្រតិបត្តិការចំណាយផ្សេងៗក្នុងអាជីវកម្ម
-បញ្ជីស្តុក៖ សម្រាប់កត់ត្រានូវព័ត៌មានមួយចំនួនទាក់ទិននឹងស្តុកទំនិញដើមត្រា ទំនិញដែលបានទិញក្នុងគ្រា និងស្តុកទំនិញចុងត្រា”៕
ដោយ៖ មឿន ឌីណា (Moeun Dyna)