
ភ្នំពេញ៖ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ជាការគូសបញ្ជាក់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តាមការបញ្ជាក់ លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះឆ្លុះបញ្ចាំងពី “គោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់កម្ពុជា” នៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ” (Cambodia's Diversification Pathways - Insights from International Experience) ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក បានថ្លែងបន្តថា គោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment - FDI) របស់កម្ពុជា ដែលបានវិវត្តគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន។
ការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការតាក់តែងច្បាប់ស្តីពីវិនិយោគកម្ពុជា និងការធ្វើវិសោធនកម្ម ឱ្យស្របតាមនិន្នាការវិនិយោគបច្ចុប្បន្ន យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានលើកឡើងអំពី "ពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពប្រកួតប្រជែង" ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងសង្កត់ធ្ងន់លើអាទិភាពដែលទាក់ទងនឹងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគផងដែរ។ ជាការថ្លែងបន្តទៀត លោក ស៊ុន ចាន់ថុល។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានា របស់កម្ពុជា មានជាអាទិ៍៖ កម្លាំងពលកម្មវ័យក្មេងដែលពោរពេញដោយថាមវ័ន្ត ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការដ្ឋ និងវិស័យឯកជន។
លោក បានបន្ថែមថា បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឹការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
គួរបញ្ជាក់ថា ក្រោមកិច្ចសហការពីទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្រោមជំនួយរបស់ប្រទេសអូស្ត្រាលី (Australian AID) តាមរយៈកម្មវិធីភាពជាដៃគូរវាង កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED) ក្នុងគោលបំណងដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ពាក់ព័ន្ធនឹងការបង្កើនពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។
បន្ថែមពីនេះ អង្គសិក្ខាសាលាបានផ្តល់ឱកាសឱ្យមានការជជែកពិភាក្សាក្នុងក្របខណ្ឌគោលនយោបាយ ព្រមទាំងមានការចែករំលែកនូវបទពិសោធន៍ ពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានតួនាទីសំខាន់ក្នុងការតាក់តែងគោលនយោបាយ ពិសេសគឺបទឧទ្ទេសនាមពីលោកសាស្ត្រាចារ្យ Ricardo Hausmann ដែលជាអ្នកជំនាញអន្តរជាតិឈានមុខគេលើការងារពិពិធកម្មសេដ្ឋកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)