
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១១គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៤លានដុល្លារ អាចបង្កើតការងារបានចំនួនប្រមាណ ៣,៧ពាន់កន្លែង។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១១គម្រោង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៣ ក្នុងឆ្នាំ២០២៥ គម្រោងវិនិយោគទាំង១១នេះ មានទុនវិនិយោគសរុបប្រមាណ ៧៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួនប្រមាណ ៣,៧ពាន់កន្លែង។
មុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មទាំង ១១គម្រោង (ផលិតម្សៅថ្នាំពណ៌, ឧបករណ៍ជាងគ្រប់ប្រភេទ, អំពូលភ្លើងគ្រប់ប្រភេទ, គ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, សម្ភារៈលម្អក្នុងផ្ទះ, ទឹកថ្នាំបោះពុម្ព និងទឹកថ្នាំទ្រនាប់ប្រហាក់ប្រហែល-ថ្នាំទ្រនាប់កូតហ្វិល និងថ្នាំទ្រនាប់កូតក្រណាត់, គ្រឿងសង្ហារិម, ផលិតអេប៉ុង និងកែច្នៃលោហធាតុគ្រប់ប្រភេទ) ដោយបានបោះទីតាំងវិនិយោគនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ និងស្វាយរៀង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)