ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា វិសម្ពាធ (Tropical Depression) ដែលបាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះ ទី២៣ ឈ្មោះ ក្រវាញ (KROVANH)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការព្យាករ ព្យុះនេះនឹងបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ លក្ខណៈបែបនេះ នឹងធ្វើឱ្យធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២០ មានស្ថានភាពដូចខាងក្រោម៖
- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°C ទៅ ២០°C។
- បណ្ដាខេត្តនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមាក្នុង រង្វង់ពី១៨°C ទៅ២១°C នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម។
- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃមានពពកច្រើនមីដេរដាស សីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី ២០°C ទៅ ២៣°C នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គួរ មានខ្យល់បក់បោកខ្លាំងលាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន ជាពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖
![សេចក្ដីជូនដំណឹង](https://s9.kh1.co/__image/w=508,h=720,q=100/02/02a25303325e5cb88ef3db315ffda5e0bfd7ae06.jpg)