បរទេស៖ នៅតាមប្រទេសនីមួយៗតែងតែមានតំណាលទាក់ទងនឹងសត្វឆ្មាតែរៀងៗខ្លួន ជំនឿទាំងនោះមានខ្លះស្តាប់ទៅអាចធ្វើ ឳ្យអ្នកស្ទើរតែមិនជឿ ឬក៏មិនធ្លាប់ដឹងថាមានទៀតផង។ ថ្ងៃនេះយើងនឹងនាំអារម្មណ៍របស់លោកអ្នកឳ្យមកស្គាល់ពី ជំនឿចម្លែកៗទាំង៩ អំពីសត្វឆ្មានៅទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សត្វឆ្មានឹងលួចខ្យល់ដង្ហើមរបស់កូនតូចរបស់អ្នក
ប្រជាជនដើមនៃប្រទេសអង់គ្លេស បានជឿថាឆ្មាអាចលោតឡើងទៅគ្រែរបស់កូនតូចរបស់អ្នក ហើយបឺតយកខ្យល់ ដង្ហើមរបស់ទារកនោះរហូតដល់ស្លាប់បាន (នៅក្នុងរឿងដំណាលខ្លះបាននិយាយថា ឆ្មាមានការច្រណែនក្មេងតូច ដែលកើតមក ហើយដណ្តើមចំណាប់អារម្មណ៍ទៅទាំងអស់ តែរឿងខ្លះទៀតបាននិយាយថាវាមកពីក្លិនទឹកដោះគោ ដែលជាប់នៅនឹងមាត់របស់ទារកទៅវិញទេ)។
២. សត្វឆ្មានឹងញ៉ាំអ្នកជាអាហារពេលល្ងាចនៅថ្ងៃគ្រីសម៉ាស

មានរឿងដំណាលទាក់ទងនឹងថ្ងៃបុណ្យគ្រីសម៉ាសមួយចំនួន នៅក្នុងប្រទេស Iceland ដែលទាក់ទងនឹងសត្វឆ្មា។ ប្រជាជននៅទីនោះបានរស់នៅក្នុងទីកន្លែងមួយដែលសម្បូរទៅដោយភាពភ័យខ្លាចចំពោះសត្វឆ្មា Jólakötturinn, the Yule Cat ដែលជាសត្វឆ្មាមួយក្បាលតែងតែដើរក្រវែលពេញទីក្រុងទឹកកកនេះនៅថ្ងៃគ្រីសម៉ាស ដើម្បីរកមនុស្ស មកធ្វើជាអាហារ។ ប៉ុន្តែឆ្មាកន្ធាត់ស្រេកឃ្លានឈាមមួយក្បាលនេះមិនមែនដើររកតែក្មេងមិនល្អសម្រាប់ស៊ីនោះទេ តែវា ចូលចិត្តតែក្មេង ឬមនុស្សធំណាដែលមិនបានស្លៀកពាក់ស្អាតៗនៅក្នុងថ្ងៃបុណ្យមួយនេះ។
៣. ពួកវាអាចធ្វើឱ្យអ្នកស្លាប់បាន
ឆ្មាត្រូវបានគេមើលឃើញថាសត្វដែលមិនសូវល្អមួយ ដោយសារវាមានឥទ្ធិពលដូចជាបិសាច ឬក៏ធ្មប់ដែរ។ បើអ្នកត្រូវឆ្មាខាំ វាក៏ប្រៀបដូចជាត្រូវថ្នាំពុល ហើយបើអ្នកដកដង្ហើមក្បែរវា អ្នកនឹងឆ្លងរោគពីវា។ លើសពីនោះគេជឿថាសត្វឆ្មា អាចធ្វើឱ្យស្រារបស់អ្នកមានជាតិល្វីងទៀតផងបើវាចង់។
៤. វានឹងក្លាយជាអ្នកនាំសំណាង អាស្រ័យលើពណ៌ ស្នាមឆ្នូត និងភាពគួរឱ្យស្រឡាញ់របស់វា

នៅក្នុងប្រទេសជប៉ុនគេជឿថាឆ្មាគឺជាសត្វនាំសំណាង ប៉ុន្តែវាមានលក្ខខណ្ឌច្រើនខ្លាំងណាស់។ maneki-neko (“ ឆ្មា បោយដៃ ”) គឺជាយ័ន្តមួយដ៏សំខាន់សម្រាប់ប្រទេសជប៉ុនដែលត្រូវបានគេជឿថានឹងនាំសំណាង ទ្រព្យសម្បត្តិទៅកាន់ ម្ចាស់វា ភាគច្រើនគេចារនៅលើក្រដាសប្រាក់។ មានរឿងដំណាលមួយថា ឆ្មាជប៉ុនមួយក្បាលបានគ្រវីដៃរបស់វាទៅ កាន់ម្ចាស់ដើម្បីឱ្យចូលមកក្នុងផ្ទះ ហើយក៏បានជួយម្ចាស់នោះឱ្យរួចផុតពីបាតុភូតរន្ទះ ហេតុនេះហើយទើបនៅពេលឆ្មា លើកដៃបោយឡើង ក៏ត្រូវបានគេចាត់ទុកថាសញ្ញានៃសំណាងល្អ។ ពុទ្ធសាសនិកបានជឿថាឆ្មាដែលមានរោមខ្មៅជាឆ្មា ដែលនាំមាស ខណៈពេលដែលឆ្មាដែលមានរោមពណ៌ស្រាលនឹងនាំប្រាក់ ចំណែកនៅក្នុងប្រទេស រ៉ុស្ស៊ី ឆ្មាពណ៌ ខៀវ ត្រូវបានគេចាត់ទុកថាជាឆ្មានាំសំណាង។ នៅប្រទេសមួយចំនួនទៀតបាននិយាយថា ឆ្មាដែលមានជើងបីគឺជាឆ្មានាំ សំណាងដែលការពារឳ្យពួកគេមានសុវត្ថិភាព។
៥. ឆ្មាគឺជាអ្នកការពារវិញ្ញាណរបស់មនុស្ស
អតីតអាណាចក្រមួយនៃ Siam និង Burma ដែលជឿជាក់លើពុទ្ធសាសនាបានជឿថា ប្រសិនបើអ្នកជាមនុស្សដែល មានបុណ្យម្នាក់ វិញ្ញាណរបស់នឹងបញ្ជូនទៅកាន់សត្វឆ្មាមួយ ដើម្បីការពារវិញ្ញាណនេះ។តាមវិធីមួយនេះវិញ្ញាណនោះ នឹងអាចរស់នៅបន្តទៀតរហូតដល់សត្វឆ្មានោះស្លាប់ ហើយវិញ្ញាណនឹងទៅកាន់ឋានសួគ៌។ គេលើកតម្កើងសត្វឆ្មាបែប នេះនោះក៏ព្រោះតែកាលនោះ គេតែងសង្កេតឃើញថាឆ្មាតែងតែសម្ងំនៅក្បែរព្រះបាទារបស់រូបសំណាក់ព្រះពុទ្ធជានិច្ច ហើយបើទោះជាមកទល់សព្វថ្ងៃនេះ Siam ត្រូវបានស្គាល់ថាជាប្រទេសថៃក៏ដោយ ក៏ការឡើងគ្រងរាជ្ររបស់ព្រះរាជា នៅតែមានសត្វឆ្មាដែលមានពាក់គ្រឿងអលង្ការពណ៌មាស បានបង្ហាញខ្លួនជាមួយនឹងព្រះរាជាថ្មីផងដែរ ព្រោះគេជឿ ថា វិញ្ញាណរបស់អតីតព្រះរាជា នឹងបានធ្វើជាសាក្សីនៃពិធីឡើងគ្រងរាជ្យនោះតាមរយៈកែវភ្នែករបស់សត្វឆ្មា។
៦. ពួកវាអាចនិយាយ អាចលើកក្តារមឈូស និងធ្វើពិធីបុណ្យសពបាន

រឿងមួយនៅក្នុងប្រទេសអង់គ្លេស បាននិយាយថាគេបានឃើញឆ្មាខ្មៅប្រាំបួនក្បាល និងមានឆ្នូតសនៅត្រង់ទ្រូង បាននាំគ្នាសែងមឈូសតូចមួយដែលមានទំហំប៉ុនឆ្មាមួយ ដោយមានស្តេចរបស់វានៅលើនោះ។ ឆ្មានោះបានប្រាប់បុរសម្នាក់ថា «ទៅប្រាប់ Tommy Tildrum ទៅថា Timmy Toldrum ស្លាប់ហើយ» បុរសម្នាក់នោះបានត្រឡប់ទៅផ្ទះ ហើយ ប្រាប់ភរិយារបស់គាត់នូវរឿងនេះ ខណៈពេលនោះឆ្មារបស់ពួកគេក៏មករំខានរហូត តែពួកគេមិនបានចាប់អារម្មណ៍នោះទេ ពួកគេនាំគ្នាពិភាក្សាពីរឿងនេះរហូត នៅចុងបញ្ចប់បុរសក៏សួរប្រពន្ធថា មានស្គាល់ Tommy Tildrum ឬទេ? ព្រោះ គាត់ចង់ប្រាប់ថា Timmy បានស្លាប់ហើយ ភ្លាមនោះឆ្មាមួយក្បាលនោះក៏បានស្រែកជាភាសាស្តេចថា «ថាម៉េច? Tim កញ្ចាស់នោះស្លាប់ហើយឬ? អ៊ីចឹងយើងក្លាយជាស្តេចឆ្មាហើយ» ថាហើយ ឆ្មាដែលមានឈ្មោះថា Tom កញ្ចាស់បានលោតចេញទៅក្រៅ ហើយក៏លែងឱ្យអ្នកណាឃើញទៀត។
៧. ពួកវាអាចទាយអាកាសធាតុបាន
នៅក្នុងប្រទេសអង់គ្លេស ឆ្មាដែលក្រញ៉ៅវាំងនន ឬសាឡុងគឺអាចទាយសំពាធខ្យល់នៅក្នុងអាកាសធាតុបាន ហើយ Welsh ក៏ជឿថា បើកូនក្រមុំភ្នែករបស់ឆ្មាបើកធំ នោះនឹងមានភ្លៀងធ្លាក់ហើយ។ លើសពីនោះទៀតបើសិនជាសត្វឆ្មា ឧស្សាហ៍ប៉ះត្រចៀករបស់វាជាញឹកញាប់ វាក៏មានភ្លៀងធ្លាក់ដែរ ហើយបើសិនជាវាតែងតែសម្លឹងទៅក្រៅបង្អួច នោះ មានន័យថាជិតភ្លៀងហើយ។ អ្នកខ្លះក៏ជឿថាបើសិនជាឆ្មាដេកដោយដាក់ជើងទាំងបួនរបស់វានៅក្រោមខ្លួន វានឹងមាន ភ្លៀង ហើយព្យុះនឹងមកដល់បើសិនជាឆ្មាដេកដោយប្រើខ្នងរបស់វា។
៨. ឆ្មាអាចធ្វើឱ្យទារកមិនទាន់កើតមានមុខដូចខ្លួនបាន
នៅតាមតំបន់ខ្លះនៃប្រទេសអឺរ៉ុប ការព្រមានមួយបានលើកឡើងអំពីស្ត្រីដែលមានផ្ទៃពោះ ហើយលើកបីឆ្មា ឬក៏ដាក់ឱ្យវាគេងនៅលើភ្លៅ។ នៅប្រទេសអង់គ្លេស គេជឿថាទារកអាចនឹងកើតមកមានស្នាមផ្នូតដូចឆ្មា ឬមុខដូចជាឆ្មាក៏ថាបាន។ វាដូចជាអយុត្តិធម៌ពេកហើយ ព្រោះបើតាមរឿងដំណាលមួយផ្សេងទៀត បែរជាលើកឡើងថាឆ្មាខ្មៅជាកាដូនាំសំណាងនៅក្នុងពីធីមង្គលការទៅវិញ។
៩. និយាយរួម ឆ្មាគឺជាសត្វដែលចម្លែក
នៅក្នុងជំនឿជាច្រើនសុទ្ធតែចង្អុលបង្ហាញថាឆ្មាគឺជាសត្វដែលអាថ៌កំបាំងមួយសម្រាប់ប្រជាជនអេស្ស៊ីប វាត្រូវបានគេចាត់ទុកថាជាព្រះជាម្ចាស់ បើសិនជាសម្លាប់ឆ្មាអ្នកនឹងត្រូវដាក់ទោសឱ្យស្លាប់ដែរ ហើយបើសិនជាមានឆ្មាស្លាប់ អ្នកភូមិទាំងអស់ត្រូវទៅចូលរួមកាន់ទុក្ខ ចំណែកឯភាគខាងជើងវិញឆ្មាត្រូវបានចាត់ទុកថាជាទេវតា ឬក៏អ្នកប្រមូល វិញ្ញាណ ដែលបើសិនជាអ្នកច្រឡំមើលចំភ្នែករបស់វា អ្នកនឹងត្រូវហូតយកវិញ្ញាណភ្លាម។ គេជឿថាភ្នែករបស់ឆ្មាគឺជា បង្អួចទៅកាន់ឋានសួគ៌ ឬក៏ឋាននរក ហេតុនេះហើយយល់ល្អមិនបាច់មើលចំភ្នែកវាក៏បាន៕
ប្រភព៖ ១