ឆាក្តៅ គឺជាម្ហូបដែលកំពុងពេញនិយមនៅអាស៊ី ជាពិសេសនៅប្រទេសយើង ប្រជាជនខ្មែរនិយមធ្វើឆាក្តៅសម្រាប់ទទួលទានជុំក្រុមគ្រួសារ និងនៅតាមពិធីផ្សេងៗ ក៏ដូចជាមានលក់នៅតាមភោជនីយដ្ឋាន។ មុខម្ហូបនេះគឺមានលក្ខណៈមិនពិបាកក្នុងការចម្អិនទេ ហើយអាចប្រើប្រភេទសាច់ទៅតាមចំណង់ចំណូលចិត្តដូចជា ឆាក្តៅសាច់មាន់ ទា សាច់គោ កង្កែប ខ្យង ងាវ ។ល។ ខាងក្រោមនេះ គឺខ្ញុំសូមលើកយករូបមន្ត ឆាក្តៅសាច់មាន់ជាមួយម្រះព្រៅឱ្យឈ្ងុយឆ្ងាញ់មកបង្ហាញមិត្តអ្នកអានទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
- មាន់មួយ (សម្រាប់គ្នា 4-5 នាក់)
- ម្រះព្រៅ 1 បាច់
- សណ្តែកដីលីង
- ម្ទេសស្រស់ 5 គ្រាប់
- សណ្ដែកគួរ 1 ខាំ
- ល្មៀត 2 ផ្លែ
- រំដេង 1 ផ្លែ
- ស្លឹកក្រូចសើច 10 ស្លឹក (ដាក់ច្រើនឈ្ងុយ)
- ខ្ទឹមស 10 កំពឹស
- ស្លឹកគ្រៃ 1 បាច់
- ប្រេងឆា
- អំបិល 1 ស្លាបព្រាបាយ
- ស្ករស 2 ស្លាបព្រាបាយ
- ម្សៅស៊ុប 2 ស្លាបព្រាកាហ្វេ
- ទឹកត្រី 2 ស្លាបព្រាបាយ
- ប្រេងខ្យង 3 ស្លាបព្រាបាយ
វិធីចំអិន៖
- តំរៀបស្លឹកគ្រៃ ហាន់ចែកជា 2 កំណាត់ យកស្លឹកទុកហាន់ដាក់តាមក្រោយ ហាន់គល់ស្លឹកគ្រៃកង់ៗស្តើងៗ សម្រាប់បុក
- ហាន់ស្លឹកក្រូចសើច វះយកឆ្អឹងវាចេញ ឱ្យនៅខ្លីៗងាយស្រួលបុក
- ហាន់ល្មៀតកង់ៗស្ដើងៗ (ដាក់ច្រើន បើចង់បានគ្រឿងលឿង)
- ហាន់រំដេងកង់ៗស្ដើងៗ
- ដំខ្ទឹមស
- ចាប់ផ្ដើមបុកស្លឹកក្រូចសើចរាងម៉ត់បន្តិចមុន
- បន្ទាប់មកដាក់គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ខ្ទឹមស ចូលក្នុងត្បាល់បុកឲ្យម៉ត់ចូលគ្នា
- ប្រឡាក់គ្រឿងដែលបុកម៉ត់ជាមួយនឹងសាច់មាន់ច្របល់ឲ្យចូលសព្វជាតិ ហើយថែមគ្រឿងដូចជាប្រេងខ្យង ស្ករ អំបិល ម្សៅស៊ុបបន្តិច
- ហាន់សណ្ដែកគួរកង់ខ្លីៗ
- ហាន់ម្ទេសបញ្ឆិតស្ដើង
- ចិញ្ច្រាំខ្ទឹមស 6 កំពិស
- រៀបចំដាក់ប្រេងឆាពេលខ្ទះក្តៅ ដាក់ខ្ទឹមសដែលចិញ្ច្រាំរួច ឆាត្រឡប់ឲ្យខ្ទឹមសឡើងក្រហមបន្តិច
- ដាក់សាច់មាន់ដែលប្រឡាក់រួចចូលឆាមួយសន្ទុះដល់សាច់មាន់ផុយថែមទឹក
- លាយគ្រឿងផ្សំបន្ថែមភ្លក់យករសជាតិតាមចំណង់ចំណូលចិត្ត
- ដាក់សណ្ដែកគួរចូលនិងម្ទេសស្រស់
- ឆាត្រឡប់មួយសន្ទុះដាក់ម្រះព្រៅចូល ជាការស្រេច៕
សូមទស្សនារូបភាពឆាក្តៅទៅតាមប្រភេទសាច់ខាងក្រោម៖