ថៃ៖ ប្រភពសារព័ត៌មានបរទេសបានចុះផ្សាយថា ស្ត្រីជនជាតិថៃម្នាក់ វ័យ ៤៩ឆ្នាំ មានឈ្មោះថា Siriporn Niamrin បានប្រទះឃើញរបស់មានតម្លៃ គឺជាកម្អួតត្រីបាឡែនដ៏កម្រមួយដុំធំ ដែលអណ្តែតត្រសែតមកជាប់លើឆ្នេរសមុទ្រក្បែរផ្ទះរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Siriporn Niamrin បានប្រទះឃើញកម្អួតត្រីបាឡែនដែលមានទម្ងន់ ៧គីឡូក្រាមនេះ ខណៈពេលគាត់កំពុងដើរនៅតាមឆ្នេរសមុទ្របន្ទាប់ពីមានព្យុះភ្លៀងមួយមេធំ នៅខេត្ត Nakhon Si Thammarat ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ហើយស្ត្រីរូបនេះ ក៏បានអូសវាយកទៅផ្ទះ ដែលមានចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីឆ្នេរសមុទ្រ។ ប៉ុន្តែដើម្បីធ្វើការបញ្ជាក់ ថាតើវាពិតជាកម្អួតត្រីបាឡែនមែននោះ គាត់ក៏បានយកភ្លើងដុតវា ក៏ស្រាប់តែបញ្ចេញនូវក្លិន និងរលាយ ទើបគាត់ដឹងថា វាគឺជាកម្អួតត្រីបាឡែនមានតម្លៃថ្លៃ ដែលគេតែងយកទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប និងគ្រឿងសម្អាងជាដើម។

យ៉ាងណាមិញ បើផ្អែកលើតម្លៃគេធ្លាប់លក់មុនៗ ក៏ដូចជាទម្ងន់របស់វា កម្អួតត្រីបាឡែនឈ្មោល ឬដែលគេហៅថា សារធាតុ Ambergris នេះអាចលក់បានក្នុងតម្លៃប្រមាណ ២៥៩,០៦៦ ដុល្លារអាមេរិក។ ហើយបច្ចុប្បន្ន អ្នកស្រី Siriporn Niamrin កំពុងរង់ចាំអ្នកជំនាញទៅផ្ទះរបស់គាត់ ដើម្បីត្រួតពិនិត្យវាឱ្យកាន់តែច្បាស់បន្ថែមទៀត។

គួរឱ្យដឹងដែរថា សារធាតុ Ambergris គឺត្រូវបានកកើតឡើងនៅក្នុងពោះវៀនត្រីបាឡែនតាមលក្ខណៈធម្មជាតិ ដើម្បីសម្រួលដល់ការបញ្ចេញចោលនូវកាកសំណល់ចំណីអាហារចាស់ៗ ដែលពួកវាបានស៊ីចូលទៅ។ ហើយនៅពេលសារធាតុដែលមានលក្ខណៈជាបណ្តំទឹករំអិលទាំងនោះ ត្រូវបានបញ្ចេញមកខាងក្រៅ វាក៏ប្រែទៅជាកករឹង និងចាប់ផ្តើមអណ្តែតនៅលើផ្ទៃមហាសមុទ្រ៕
