បរទេស៖ បន្ទាប់ពីប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុបធំៗ មួយចំនួនបានបញ្ឈប់ការចាក់ថ្នាំ Oxford-AstraZeneca អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យប្រទេសនានាបន្តចាក់វ៉ាក់សាំងកូវីដ១៩នេះ ព្រោះគ្មានភស្ដុតាងដែលអាចបញ្ជាក់ថា វ៉ាក់សាំងនេះធ្វើឱ្យមានការកកឈាមនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ បណ្ដាប្រទេសធំៗនៅអឺរ៉ុបមួយចំនួនដូចជា អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញបានសហការជាមួយបណ្ដាប្រទេសដទៃៗទៀត ក្នុងការបញ្ឈប់ការចាក់វ៉ាក់សាំង AstraZeneca បណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យសុវត្ថិភាពនៃវ៉ាក់សាំងបន្ថែម។
ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកសុវត្ថិភាពវ៉ាក់សាំង មកពីអង្គការសុខភាពពិភពលោក នឹងធ្វើការជួបប្រជុំគ្នានៅថ្ងៃអង្គារនេះហើយ ដើម្បីពិភាក្សាទៅលើបញ្ហាវ៉ាក់សាំងខាងលើ។ ទន្ទឹមនឹងនោះ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ក៏នឹងធ្វើជំនួបគ្នានៅក្នុងថ្ងៃតែមួយផងដែរ ហើយនឹងធ្វើការសម្រេចនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
យ៉ាងណាមិញ អ្នកនាំពាក្យ WHO លោក Christian Lindmeier បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថាប័នកំពុងធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ នឹងធ្វើការប្រកាសជាសាធារណៈ បន្ទាប់ពីត្រួតពិនិត្យសព្វគ្រប់ ហើយអាជ្ញាធរនៃបណ្ដាប្រទេសនីមួយគួរបន្តយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដើម្បីជួយដល់ជីវិតមនុស្ស និងទប់ស្កាត់វីរុសដ៏កាចសាហាវនេះវិញ។
គួរជម្រាបថា នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មានមនុស្សប្រមាណជា ១៧លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំង AstraZeneca ហើយក្នុងនោះមានតែ ៤០ករណីប៉ុណ្ណោះ ដែលមានកំណកឈាម៕


