បរទេស៖ មនុស្សយើងអាចរស់នៅជាមធ្យមប្រហែល72ឆ្នាំ នេះបើយោងទៅតាមអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក៏សត្វខ្លះដូចជាត្រីបាឡែន bowhead whales អាចរស់នៅបានជាង200ឆ្នាំឯណោះ។ ប្រភេទសត្វមួយចំនួនអាចរស់នៅបានមួយសតវត្សរ៍ ដោយអាស្រ័យលើបរិស្ថានរបស់ពួកវា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងព្រៃ សត្វប្រឈមមុខនឹងការគំរាមកំហែងដែលអាចកាត់បន្ថយអាយុជីវិតរបស់ពួកវា ពីពពួកសត្វមំសាសី ការបរបាញ់ និងការបាត់បង់ទីជម្រក។ ទោះយ៉ាងណាក៏ដោយ ក៏សត្វខ្លះអាចរស់នៅបានយូរគួរឱ្យភ្ញាក់ផ្អើល៖
1. សេក Macaw
អាយុមធ្យមរបស់សេក Macaw អាចខុសៗគ្នាទៅតាមប្រភេទនីមួយៗ ប៉ុន្តែពួកវាអាចរស់នៅដល់50ឆ្នាំ ឬច្រើនជាងនេះក៏មាន។ ជាទូទៅ សេក Macaw កាន់តែធំ អាយុវាកាន់តែយូរ។

2. ដំរីអាហ្វ្រិក
បច្ចុប្បន្ននេះ សត្វដំរីដែលរស់នៅក្នុងព្រៃអាចរស់បានរហូតដល់អាយុ70ឆ្នាំ ប៉ុន្តែពួកវាងាយនឹងរងគ្រោះដោយសារការបរបាញ់និងការបាត់បង់ទីជម្រក ដែលធ្វើឱ្យពួកវាប្រឈមនឹងគ្រោះថ្នាក់ជិតផុតពូជ។

3. អណ្តើកយក្ស Galapagos
សត្វអណ្តើកយក្សគឺជាសត្វដែលមានអាយុកាលវែងបំផុតនៃសត្វឆ្អឹងកងទាំងអស់ ដោយពួកវាមានអាយុកាលជាមធ្យមជាង100ឆ្នាំ ប៉ុន្តែពួកវាអាចរស់នៅបានយូរជាងនេះទៀត។

4. ត្រី Koi ជប៉ុន
ជាទូទៅ ត្រីមិនមែនជាប្រភេទសត្វដែលមានអាយុកាលវែងនោះទេ ប៉ុន្តែត្រី Koi របស់ជប៉ុនអាចរស់បានរហូតដល់ 40ឆ្នាំឬយូរជាងនេះ ប្រសិនបើវាត្រូវបានគេថែរក្សាក្នុងស្ថានភាពត្រឹមត្រូវ។

5. ត្រីបាឡែន Bowhead
ត្រីបាឡែន Bowhead ដែលរស់នៅតំបន់អាក់ទិក ត្រូវបានគេជឿថាស្ថិតក្នុងចំណោមសត្វដែលមានអាយុវែងបំផុតនៅលើផែនដី។ យោងទៅតាម World Wildlife Fund ត្រីបាឡែន Bowhead អាចរស់បានជាង200ឆ្នាំឯណោះ។

6. ត្រីឆ្លាម Greenland
ត្រីឆ្លាមហ្គ្រីនលែនមានអាយុកាលវែងបំផុតនៃសត្វឆ្អឹងកងទាំងអស់ ដែលគេប៉ាន់ស្មានថាវាមានអាយុកាលពី300ទៅ 500ឆ្នាំ។

7. ស្វាហ្គោរីឡាភាគខាងលិច
ស្វាហ្គោរីឡាគឺមានពីរប្រភេទ ប្រភេទភាគខាងកើត និងប្រភេទភាគខាងលិច។ នៅក្នុងព្រៃ ស្វាហ្គោរីឡារស់នៅដល់30ឬ40ឆ្នាំហើយក្នុងករណីខ្លះអាចឈានដល់50ឆ្នាំផងដែរ។

8. សត្វប្រចៀវ Brandt's bats
ថនិកសត្វដែលមានទំហំធំ ច្រើនតែមានអាយុវែងជាងសត្វតូចៗ ប៉ុន្តែប្រចៀវ Brandt bat គឺមិនដូច្នេះទេ។ ក្នុងឆ្នាំ2005 អ្នកជីវវិទូបានចាប់សត្វប្រចៀវមួយក្បាលនៅស៊ីបេរី 41ឆ្នាំក្រោយពីវាចាប់បានវាដំបូង។

9. បង្កងអាមេរិក
បង្កងខ្លះមានអាយុកាលវែងមិនធម្មតា។ បង្កងអាមេរិកអាចរស់នៅបានយ៉ាងហោចណាស់100ឆ្នាំ ដោយសារវារស់នៅក្នុងទីកន្លែងត្រជាក់។ ទឹកសមុទ្រអាត្លង់ទិចត្រជាក់ បានជួយឱ្យបង្កងនេះរស់នៅបានយូរ (ប្រសិនបើវាអាចគេចផុតពីមំសាសី)។

10. សត្វលលក Albatross
ប្រភេទសត្វស្លាបសមុទ្រនេះភាគច្រើនរស់នៅបានរយៈពេល50ឆ្នាំឬច្រើនជាងនេះ។ សត្វលលក Albatross ដែលចាស់ជាងគេគឺសត្វលលកឈ្មោះថា Wisdom ដែលវាពេញវ័យនៅឆ្នាំ1956 ហើយទើបញាស់កូនបានមួយនៅខែកុម្ភៈឆ្នាំ2021 ថ្មីៗនេះ នៅអាយុ70ឆ្នាំ។

11. សេក Cockatoo
សេក Cockatoo ជាប្រភេទបក្សីដែលគេស្គាល់ថាងាយរស់នៅជាមួយមនុស្ស ទើបគេទុកវាជាសត្វចិញ្ចឹម។ វាមានអាយុជាមធ្យមពី50ទៅ70ឆ្នាំអាស្រ័យលើប្រភេទរបស់វា។

12. បង្គួយ Tuatara
បង្គួយ Tuatara គឺជាសត្វល្មូនដែលមាននៅក្នុងប្រទេសនូវែលហ្សេឡង់។ ទោះបីជាពួកវាមើលទៅដូចជាសត្វល្មូនធម្មតាពិតមែន តែខ្សែស្រឡាយពួកវាមានតាំងពីសម័យដាយណូស័រឯណោះ។ បង្គួយ Tuataras ធំធាត់យឺតហើយនឹងមិនឈប់ធំធាត់នោះទេ រហូតដល់ពួកវាឈានដល់អាយុប្រហែល30ឆ្នាំ។ វាត្រូវបានគេគិតថា អាចរស់នៅរហូតដល់100ឆ្នាំនៅក្នុងព្រៃ៕
