រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះក្នុងព្រះរាជឱកាសដែលព្រះករុណា ព្រះបាទសម្តេចបរមនាថនរោត្តមសីហនុមុនី ទ្រង់ស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ប្រាសាទកោះកេរ្តិ៍ របស់កម្ពុជា បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។
រីឯក្បាច់គុណល្បុក្កតោ គឺជាទម្រង់ក្បាច់គុណប្រយុទ្ធរបស់កម្ពុជា ដ៏មានវ័យចំណាស់ ដែលត្រូវបានគេជឿថាអាចកើតមានឡើង ក្នុងរាជពង្សាវតារខ្មែរ នៃរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ និងបន្សល់ទុកមកទល់នឹងសព្វថ្ងៃនេះ៕