បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសថៃគ្រោងនឹងផលិតថ្នាំគ្រាប់ Molnupiravir ដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ស្របពេលដែលករណីឆ្លងអូមីក្រុង កំពុងកើនឡើង។ នេះបើតាមប្រភពព័ត៌មាន bangkokpost។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្នាំគ្រាប់ព្យាបាលកូវីដ១៩ molnupiravir សម្រាប់អ្នកជំងឺពេញវ័យមានហានិភ័យឆ្លងជំងឺធ្ងន់ធ្ងរ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Merck & Co Inc និង Ridgeback Biotherapeutics ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ មានបំណងចូលរួមជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដែលក៏មានគម្រោងផលិតថ្នាំនេះផងដែរ ដូចជាបង់ក្លាដែស និងឥណ្ឌាជាដើម។
លោក Anutin បានប្រាប់សន្និសីទសារព័ត៌មានមួយថា សម្រាប់ថ្នាំ Molnupiravir, អង្គការឱសថរដ្ឋាភិបាល មានផែនការសហការអភិវឌ្ឍន៍ថ្នាំនេះ ជាមួយវិទ្យាស្ថានស្រាវជ្រាវ Chulabhorn។ លោកបន្តថា គណៈកម្មាធិការមួយនឹងស្រាវជ្រាវ និងផលិតសារធាតុប្រតិកម្មគីមី ដែលនឹងជាការគាំទ្របន្ថែមសម្រាប់ព្រឹត្តិការណ៍នាពេលអនាគត។
ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនេះក៏មានគម្រោងអភិវឌ្ឍថ្នាំគ្រាប់ molnupiravir ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនឱសថ PT Amarox Pharma Global ដែលចាប់ផ្តើមនៅខែមេសា ឬឧសភាខាងមុខ។
គួរឱ្យដឹងដែរថា ឥណ្ឌូណេស៊ីបានអនុម័តឱ្យប្រើថ្នាំ Molnupiravir សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅសប្តាហ៍នេះ ហើយថ្នាំចំនួន ៤០០,០០០ គ្រាប់បានមកដល់ហើយ។ ចំណែកប្រទេសថៃ បានបញ្ជាទិញថ្នាំ Molnupiravir ចំនួន ៥០,០០០ ឈុតពីក្រុមហ៊ុន Merck ហើយក៏តែកំពុងពិភាក្សាជាមួយក្រុមហ៊ុន Pfizer សម្រាប់ឱសថ Paxlovid ចំនួន៥០,០០០ឈុតផងដែរ៕