សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន ៣អង្គបន្ថែមទៀត នៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមាគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន ៥ខែ។
លោកបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និងលាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។
សូមបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ អ្នកជំនាញអភិរក្សចម្លាក់ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលរួចរាល់ជាស្ថាពរនូវព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណដែលមានការខូចខាតទ្រុឌទ្រោម៕