ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) សម្រាប់ការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះនៅតំបន់ការដ្ឋានយកថ្មកំបោររបស់ រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្ដារបរិស្ថាន និងអភិរក្សជីវចម្រុះនៅតំបន់ទាំងនោះនាពេលអនាគត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្រោមកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសិក្សាកសិកម្មនិងបរិស្ថាន (CAES) របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងអនុវត្តការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ នៅទីតាំងគម្រោងយកថ្មកំបោរដែលគ្រប់គ្រងដោយរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន នៅក្នុងខេត្តកំពត ដើម្បីប្រមូលទិន្នន័យមូលដ្ឋានសម្រាប់បម្រើដល់ការអនុវត្តការងារស្ដារបរិស្ថាន និងអភិរក្សជីវចម្រុះនៅតាមតំបន់គម្រោងទាំងនេះនៅពេលខាងមុខ។
នៅឯពិធីចុះហត្ថលេខា លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានជ្រោមជ្រែងឱ្យឈានដល់កិច្ចព្រមព្រៀងមួយនេះ។

លោកបណ្ឌិត រ៉ាត់ឆាយុត កាសេមឆៃសិរី បានមានប្រសាសន៍ដូច្នេះថា៖
«ទិន្នន័យមូលដ្ឋានដែលនឹងបានពីការសិក្សាស្រាវជ្រាវនេះ មានសារៈសំខាន់ណាស់សម្រាប់ការងារស្តារតំបន់យកថ្មកំបោរ និងការអភិរក្សជីវចម្រុះនៅឯរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន ដែលជាផ្នែកស្នូលមួយនៃគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលក្រុមហ៊ុន អេសស៊ីជី តែងតែអនុវត្តខ្ជាប់ខ្ជួនចំពោះអាជីវកម្មរបស់យើង។»
លោកបណ្ឌិត រ៉ាត់ឆាយុត បានបន្ថែមថា៖
«ទិន្នន័យមូលដ្ឋាននេះ ក៏នឹងផ្ដល់នូវគោលការណ៍ណែនាំនិងគំរូសម្រាប់ការស្ដារទីតាំងតំបន់យកថ្ម និងអភិរក្សបរិស្ថាននិងជីវចម្រុះនៅជុំវិញផងដែរ។»
ឯកឧត្ដមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាល័យធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនិងក្រុមហ៊ុន អេសស៊ីជី ផងដែរ ដោយថាគម្រោងសិក្សាស្រាវជ្រាវមួយនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់សាកលវិទ្យាល័យ។

ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន មានប្រសាសន៍យ៉ាងដូច្នេះថា៖
«ជាផ្នែកនៃយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ យើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន លើការងារសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថានឱ្យបានច្រើន ដើម្បីផ្ដល់ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រកបដោយចិរភាពនៅកម្ពុជា។»
សូមបញ្ជាក់ថា ការសិក្សាដែលនឹងមានរយៈពេល ១ឆ្នាំគិតពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទៅ នឹងធ្វើឡើងនៅទីតាំងយកថ្មកំបោរដែលស្ថិតនៅជាប់នឹងរោងចក្រ កំពត ស៊ីមេន ស្ថិតនៅចម្ងាយជាង ៤គីឡូម៉ែត្រខាងលិចទីរួមស្រុកបន្ទាយមាស ខេត្តកំពត៕
