បរទេស៖ យោងតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា បឹងសិប្បនិម្មិតមួយផុតពីឆ្នេរសមុទ្រភាគខាងលិចនៃតំបន់ Sicily ធ្លាប់ជាកន្លែងអាងទឹកដ៏ពិសិដ្ឋដ៏ធំបំផុតមួយ នៅមេឌីទែរ៉ាណេបុរាណ កាលពី២,៥០០ឆ្នាំមុន ហើយវាក៏ត្រួតស្របគ្នាជាមួយពពួកផ្កាយដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពីមុនអ្នកស្រាវជ្រាវគិតថា បឹងរាងចតុកោណកែងនេះគឺជាកំពង់ផែយោធា ដែលចូលរួមធ្វើពាណិជ្ជកម្មនៅតំបន់មេឌីទែរ៉ាណេ។ ប៉ុន្តែការជីកកកាយនិងស្រាវជ្រាវថ្មីនៅជិតកន្លែងនៃទីក្រុង Motya បុរាណ បានបង្ហាញថា បឹងនេះក្លាយជាបេះដូងនៃទីសក្ការៈសាសនា។ Motya ក៏ជាកំពង់ផែដ៏មមាញឹកក្នុងអំឡុងសហសវត្សរ៍ដំបូងមុនគ.ស.។ អ្នកស្រាវជ្រាវបានកំណត់កាលបរិច្ឆេទនៃការសាងសង់អាងនេះ ដល់ទៅ៥៥០ឆ្នាំមុនគ.ស.។
អ្នកស្រាវជ្រាវបានរកឃើញអាងនេះជាលើកដំបូង នៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ ហើយបានគិតថាវាជាកំពង់ផែសិប្បនិម្មិត។ នៅពេលដែលការជីកកកាយថ្មីត្រូវបានធ្វើឡើងនៅទីក្រុងបុរាណ Motya នេះ បុរាណវិទូ លោក Lorenzo Nigro សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ Sapienza នៃទីក្រុងរ៉ូម និងក្រុមរបស់គាត់បានកំណត់អ្វីខុសពីមុន។
ក្នុងអំឡុងពេលនៃការងាររបស់ពួកគាត់ អ្នកស្រាវជ្រាវក៏បានរកឃើញប្រាសាទជាច្រើនទៀត នៅតាមបណ្ដាយអាង ព្រមទាំងអាសនៈ តង្វាយ ជើងទម្រ នៅកណ្ដាលបឹង ដែលធ្លាប់តម្កល់រូបសំណាក និងបង្គោលថ្ម ឬសសរថ្មដែលមានសិលាចរិក។ ការរកឃើញនេះបានផ្ដល់អំណះអំណាងបន្ថែម ថាវាជាអាងដ៏ពិសិដ្ឋ ជាជាងកំពង់ផែ។ ហើយនៅពេលពួកគាត់បានធ្វើផែនទីនៃសំណង់សាសនានេះ ពួកគាត់ដឹងថា វាត្រូវបានដាក់ឲ្យស្របទៅនឹងពពួកផ្កាយ។
រចនាសម្ព័ន្ធសំខាន់ៗ និងលក្ខណៈនៃចំណុចសំណង់ គឺតម្រង់ឆ្ពោះទៅកាន់ក្រុមតារានិករដ៏ជាក់លាក់ និងការសង្កេតមើលអង្គអវកាសផ្សេងទៀត។ អ្នកស្រាវជ្រាវគិតថា ផ្ទៃទឹកនៃអាងប្រហែលជាត្រូវបានប្រើ ធ្វើជាគ្រឿងឆ្លុះ ដើម្បីគូសផែនទីចលនារបស់ផ្កាយ ដែលមានសារៈសំខាន់សម្រាប់ការរុករក ក៏ដូចជាសង្កេតនៅថ្ងៃបុណសាសនាមួយចំនួន នៅពេលនោះ៕
![https://s9.kh1.co/__image/w=650,h=365,q=100/d6/d680e0b4409794207ef8a36a0e3ab12303bfb0de.jpg](https://s9.kh1.co/__image/w=650,h=365,q=100/d6/d680e0b4409794207ef8a36a0e3ab12303bfb0de.jpg)
![https://s9.kh1.co/__image/w=650,h=365,q=100/31/31939bdcecb16764f48cc67231b433efbbd9f530.jpg](https://s9.kh1.co/__image/w=650,h=365,q=100/31/31939bdcecb16764f48cc67231b433efbbd9f530.jpg)
![https://s9.kh1.co/__image/w=650,h=365,q=100/2a/2ae1c6b94e642bb6630cd3af1efe698768238716.jpg](https://s9.kh1.co/__image/w=650,h=365,q=100/2a/2ae1c6b94e642bb6630cd3af1efe698768238716.jpg)
ប្រភព: CNN