ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សន្និសីទសារព័ត៌មានត្រូវធ្វើឡើងនៅឯផ្សារទំនើប ជីប ម៉ុង សែនសុខដើម្បីប្រកាសអំពីការចាប់ផ្តើមនូវព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ដែលនឹងមានការប្រកួតចំនួន៥ជុំផ្សេងគ្នាធ្វើឡើងចាប់ពីដើមខែឧសភារហូតដល់ខែធ្នូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 តំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន ព្រមទាំងកីឡាករកង់ភ្នំជាច្រើននាក់ផ្សេងទៀត។
រៀបចំឡើងដោយ FLYING BIKES2 ក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងឩបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំរដូវកាល២០២២នេះ នឹងត្រូវធ្វើឡើងនៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលាបក្នុងរាជធានីភ្នំពេញ និងឩទ្យានជាតិគិរីរម្យ។

លោក នូ ចំរើន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖
«ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ បានចូលរួមដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់វិស័យកីឡាកង់ភ្នំជាខ្លាំង ដោយសារវាគឺជាវេទិកាមហាជនមួយដ៏ល្អក្នុងការបណ្តុះបណ្តាលធនធានកីឡាករសម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ»។
លោកឲ្យដឹងទៀតថា កីឡាករកីឡាការនីជម្រើសជាតិជាច្រើនត្រូវបានជ្រើសរើសចេញពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ដើម្បីបង្វឹកទៅជាកម្រិតខ្ពស់ក្លាយជាកីឡាករអាជីពចេញទៅប្រកួតតំណាងប្រទេសជាតិ។

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានប្រសាសន៍ដែរថា៖
«ដោយមើលឃើញថាកីឡាកង់ភ្នំផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងមានប្រជាប្រិយភាពកើនឡើងខ្លាំង ពិសេសជោគជ័យដ៏ធំធេងក្នុងរដូវកាលកន្លងទៅដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករនោះ ក្រុមហ៊ុនក៏សម្រេចបន្តឩបត្ថម្ភនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាថ្មីម្តងទៀត»។

លោក Pierre Yves Catry បានមានប្រសាសន៍ថា៖
«យើងរីករាយដែលបានបន្ថែមជុំចំនួន២ទៀតគឺនៅខេត្តកំពត និងខេត្តសៀមរាប ដែលនឹងធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងកង់ភ្នំរដូវកាលថ្មីនេះកាន់តែទាក់ទាញសម្រាប់កីឡាករ»។

លោកឲ្យដឹងដែរថា រដូវកាលថ្មីនេះដែរ ក៏មានការដាក់ឲ្យដំណើរការនូវប្រពន័្ធ RFID ដែលជាឩបករណ៍ភ្ជាប់ទៅនឹងកង់ដើម្បីអាចកត់ត្រាលទ្ធផលជាក់ស្តែងនៃការប្រកួតចូលទៅក្នុងប្រព័ន្ធកំព្យូទ័របានភ្លាមៗ។ ប្រព័ន្ធថ្មីនេះ បូករួមជាមួយនឹងការកត់ត្រាដោយគណៈកម្មាធិការផ្ទាល់នៅទីលានប្រកួតនឹងធ្វើឲ្យការផ្តល់ពិន្ទុកាន់តែមានភាពសុក្រិតបន្ថែមទៀត។

ការប្រកួតនឹងបែកចែកជា ១៤ វិញ្ញាសារផ្សេងគ្នាបើកស្វាគមន៍ដល់មហាជនគ្រប់រូបអាចចូលរួមប្រកួតបានទៅតាមប្រភេទនៃវិញ្ញាសារនីមួយៗ។
ការចុះឈ្មោះអាចធ្វើឡើងតាមរយៈតំណភ្ជាប់ https://hello.last2ticket.com/ ។
សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia ៕
WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល!






