តម្បាញក្រមាដែលញឹក ដូចទំនាក់ទំនងដែលរឹងមាំ ក្រមាយើង អត្តសញ្ញាណយើង!

//s9.kh1.co/d0/d0750c3773d79454630d8fa18e8680f6023f0bc0.jpg
សង្គម

 ២៨-មេសា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ពេលធ្វើដំណើរមកដល់កម្ពុជា ជារឿយៗគេតែងតែសង្កេតឃើញមនុស្សម្នាជាច្រើនប្រើក្រណាត់ម្យ៉ាងបង់លើក ជួតក្បាល ឬក្រវ៉ាត់ចង្កេះជាដើម។

ភ្នំពេញ៖ ពេលធ្វើដំណើរមកដល់កម្ពុជា ជារឿយៗគេតែងតែសង្កេតឃើញមនុស្សម្នាជាច្រើនប្រើក្រណាត់ម្យ៉ាងបង់លើក ជួតក្បាល ឬក្រវ៉ាត់ចង្កេះជាដើម។ ក្រណាត់ដែលត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាទូទៅនេះគឺជា ក្រមា ដែល​ប្រហែលជាគ្មានជាតិសាសន៍ណាមានដូចខ្មែរឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នោះហើយជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុន ខេមប្រ៊ូវ សម្រេចជ្រើសរើសក្រមាខ្មែរ ជាអត្តសញ្ញាណជាតិមួយក្នុងចំណោម៤ ដែលត្រូវបានរំលេចឡើងសម្រាប់យុទ្ធនាការរបស់ស្រាបៀរអង្គរ ដែលមានឈ្មោះថា “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ”

https://s9.kh1.co/__image/w=650,h=434,q=100/76/7693c268017fdbce71e9a1574e2ef2fcf31e369f.jpg

លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលក្រុមហ៊ុន ខេមប្រ៊ូវ បានលើកឡើងថា 

«ក្រមាគឺជាសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏មានតម្លៃដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិរបស់យើង។ វាជានិមិត្តរូបជាតិមួយ ដោយសារតែមានរឿងរ៉ាវជាច្រើននៅពីក្រោយវា។ ក្រមា បានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា៖ អាចបង់ ឬរុំក ធ្វើជាអង្រឹងឲ្យទារកគេង ឬជាភួយសម្រាប់ដណ្តប់ជាដើម។ សម្រាប់​ប្រជាជន​កម្ពុជាយើងវិញក្រមា​ជា​និមិត្តរូប​នៃ​ភាពរឹងមាំ ភាពធន់ និង​ការរស់រានមានជីវិត​»​។

ក្រមា ​ផលិត​ឡើង​ដោយ​ការ​ត្បាញបញ្ចូលគ្នារវាង​វត្ថុ​ធាតុ​ដើមជាច្រើន​ដូច​ជា៖ ​កប្បាស ឬ​សរសៃសូត្រ​ និង​ដោយ​ការ​ប្រើ​ល័ក្តដើម្បីបាន​ពណ៌ធម្មជាតិផ្សេងៗ។ ក្រមាត្រូវបានប្រើប្រាស់ និងមានប្រវត្តិជាយូរលង់ណាស់មកហើយតាំងពី​ ២២០០ឆ្នាំមុនមកម្ល៉េះ ពោលគឺប្រមាណ២០០ឆ្នាំមុនគ្រិស្តសករាជ។ យោងតាមភស្តុតាងនៃប្រវត្តិសាស្ត្រអាចសន្និដ្ឋានបានថា ក្រមាប្រហែលកើតឡើងដំណាលគ្នានឹងពេលដែលមនុស្សរស់នៅលើទីកដីខ្មែរ ចេះត្បាញ រវៃ ព្រោះគេបានរកឃើញថា ភស្តុតាងសម្ភារតម្បាញដូចជា ក្បាលត្រល់ និងខ្នារអំបោះនៅ ស្ថានីយបុរាណវិទ្យាម្លូព្រៃ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។

ជាទូទៅការត្បាញក្រមាមានពីរប្រភេទ។ ក្រមា​អំបោះ ​ដែល​ត្បាញ​ពី​អំបោះ​ ​ធ្វើ​ពី​កប្បាស និងក្រមា​សូត្រ ដែល​ត្បាញ​ពី​អំបោះសូត្រ បានមកពី​ដង្កូវ​នាង។

https://s9.kh1.co/__image/w=650,h=434,q=100/57/5799e68d200d0373cd3e7340f003f395507d0794.jpg
https://s9.kh1.co/__image/w=650,h=416,q=100/00/00598c32f5c203dd432997f63945b95239779954.jpg

ក្រមា ​ក៏​មាន​តម្លៃមិនអាចកាត់ថ្លៃបានសម្រាប់​ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ​រួមទាំងកសិករ ​និងកម្មករផងដែរ។ ពួកគាត់ប្រើក្រមាដើម្បីទទូរក្បាល ឬគ្របដណ្តប់ខ្លួនរបស់ពួកគាត់ នៅពេលពួកគាត់ធ្វើការនៅខាងក្រៅ។ ម្យ៉ាងវិញទៀត ក្រមាក៏​អាច​ប្រើ​ក្នុងកម្មវិធី​វប្បធម៌ និងក្នុង​ពិធី​សាសនាបានផងដែរដូចជា​៖ ពិធី​មង្គលការ ឬ​ជា​គ្រឿង​សម្រាប់​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាដើម។ និយាយរួម ក្រមាជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិរបស់កម្ពុជាយើង។

នៅក្នុងសង្គមខ្មែរសម័យទំនើបវិញ ក្រមា ប្រើជាវត្ថុអនុស្សាវរីយ៍ ឬជាគ្រឿងតុបតែងលម្អផ្សេងៗ។ តាមភោជនីយដ្ឋានខ្លះ គេប្រើវាជាកម្រាលតុ ឬជាវាំងននបង្អួច ដើម្បីបង្កើនសោភ័ណភាពនៅក្នុងហាង ជាពិសេសគឺបង្ហាញពីភាពជាខ្មែរ។ សូម្បីតែសិល្បករ​សិល្បការិនី និងតារាល្បីៗ ក៏និយមប្រើក្រមាដែរដោយពួកគាត់ ច្នៃក្រមាជាសម្លៀកបំពាក់ កាបូប ឬរចនាជាគ្រឿងសម្ភារក្នុងអំឡុងពេលការសម្តែងសិល្បៈវប្បធម៌ផ្សេងៗរបស់ពួកគាត់ផងដែរ។

https://s9.kh1.co/__image/w=650,h=975,q=100/28/28ba468c740f7db16e4bb7b817d2cc9989f5bf22.jpg

ដោយសារ ក្រមា ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរនេះហើយទើបបានជាកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ក្រមារបស់ព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ ដែលមានប្រវែងរហូតដល់ទៅជាង ១០០០ ម៉ែត្រឯណោះ បានបំបែកកំណត់ត្រាពិភពលោក ក្លាយជាក្រមាដែលវែងជាងគេក្នុងពិភពលោករបស់ Guinness Book of World Records។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ កើតឡើងពីការចូលរួមរបស់ប្រជាជនជិត២ម៉ឺននាក់ ដែលបានចូលរួមត្បាញក្រមាដ៏វែងនេះ ​រួមមានទាំងព្រះមហាក្សត្រ សម្តេចម៉ែ​ សម្តេចនាយករដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាល ស្ថាប័នឯកជន សិស្សានុសិស្ស សិល្បករ កីឡាករ និងសាធារណជនទូទៅ​។

លោក ច័ន្ទណារ៉ាត បញ្ជាក់បន្ថែមថា 

«យើងចង់លើកស្ទួយក្រមាក្នុងចំណោមយុវជនខ្មែរជំនាន់ក្រោយរបស់យើង។ ដូច្នេះ តាមរយៈ​យុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ” របស់ស្របៀរ​អង្គរ នេះ យើង​សង្ឃឹម​ថា​នឹងបាន​ឃើញ​មនុស្សគ្រប់​គ្នា​ស្រឡាញ់ ថែរក្សា ​និង​ប្រើ​ក្រមាជាក់ជាមិនខានឡើយ។ វាជានិមិត្តរូបនៃមោទកភាពជាតិរបស់យើង។ ក្រមាជារបស់ខ្មែរពិតៗ។ ក្រមាយើង អត្តសញ្ញាណយើង»។

ផលិតដំបូងក្នុងឆ្នាំ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនទស្សវត្ស ស្រាបៀរអង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុតដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។

ស្រាបៀរអង្គរ ត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន៕

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T