យល់ដឹង៖ កើតមកជាមនុស្សស្រី វាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ គឺត្រូវទទួលរងនូវសម្ពាធពីគ្រប់មជ្ឈដ្ឋានជុំវិញ ប៉ុន្តែមនុស្សស្រីបើកចេះតែបណ្តោយឱ្យខ្លួនឯងត្រូវរងទុក្ខបែបនេះ មនុស្សស្រីក៏នឹងត្រូវរងទុក្ខជារៀងរហូត តែបើចេះរកក្តីសុខដាក់ខ្លួន ក្តីសុខវាក៏មានតាមហ្នឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ សម្រាប់មនុស្សស្រីគ្រប់រូប ដែលកំពុងតែមានអារម្មណ៍ថាមានសម្ពាធខ្លាំង ពីគ្រប់មជ្ឈដ្ឋានជុំវិញខ្លួន អ្វីដែលអ្នកត្រូវធ្វើដើម្បីខ្លួនឯងបាន គឺអ្នកត្រូវចេះធ្វើជាមនុស្សស្រីម្នាក់ ដែលមានចំណុចមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ជីវិតអ្នកច្បាស់ជាមិនខ្វះក្តីសុខឡើយ។
មនុស្សស្រីមាន៤ចំណុចនេះ ជីវិតមិនខ្វះក្តីសុខឡើយ៖
១. មានចិត្តសប្បុរសចេះជួយគេ

មនុស្សស្រី ឱ្យតែមានចិត្តសប្បុរសចេះជួយគេឯង ដោយមិនមើលរំលង គឺរស់នៅមិនខ្វះក្តីសុខឡើយ ព្រោះថាមនុស្សដែលមានចិត្ត ទៅណាមកណាមិនខ្វះញាតិ ស្រលាញ់រាប់អាននោះទេ ហើយក៏មិនងាយមានសត្រូវ ដែលធ្វើឱ្យការរស់នៅមានតែភាពស្ងប់ស្ងាត់ ដូច្នេះហើយ មនុស្សស្រីគ្រប់រូប ត្រូវធ្វើជាមនុស្សមានចិត្ត ទើបអាចមានក្តីសុខក្នុងជីវិត។
២. មានការយល់ដឹងបានច្រើន

មនុស្សស្រីសម័យនេះ មិនដូចជាមនុស្សស្រីសម័យមុន ដែលនៅតែក្នុងចង្រ្កានបាយនោះទេ មនុស្សស្រីសម័យនេះ ត្រូវចេះចូលក្នុងសង្គម ដើម្បីទទួលបានការយល់ដឹងឱ្យបានច្រើន ទៅតាមអ្វីដែលអាចធ្វើទៅបាន ទើបអ្នកមិនចេះតែពឹងផ្អែកលើមនុស្សប្រុស ដែលនាំតែធ្វើឱ្យគេមើលងាយ ហើយរស់នៅចាំតែមើលទឹកមុខគេ។
៣. មានការតស៊ូក្នុងជីវិត

បើទោះបីការកើតមកជាមនុស្សស្រីវាមិនងាយស្រួល ដូចជាមនុស្សប្រុសក៏ពិតមែន តែវាក៏នៅតែអាចឱ្យមនុស្សស្រីគ្រប់គ្នារកក្តីសុខដាក់ខ្លួនបានដែរ ឱ្យតែមនុស្សស្រីជាមនុស្សដែលមានសេចក្តីព្យាយាម និងមានការតស៊ូក្នុងជីវិត មនុស្សស្រីនឹងអាចឆ្លងកាត់រាល់ទុក្ខលំបាកទាំងឡាយបានដោយជោគជ័យ ហេតុនេះហើយ មនុស្សស្រីដែលមានការតស៊ូ មិនចេះខ្វះក្តីសុខក្នុងខ្លួនឡើយ។
៤. មានបេះដូងស្រស់ស្អាត

ជាមនុស្សស្រីអាចរស់នៅក្នុងក្តីសុខបាន ត្រូវតែជាមនុស្សស្រីម្នាក់ដែលមានបេះដូងស្រស់ស្អាត មានចិត្តបរិសុទ្ធ មិនចេះលោភលន់ ឬច្រណែនឈ្នានីសអ្នកដទៃ ដែលនាំឱ្យខ្លួនឯងមានតែសត្រូវ និងមនុស្សដែលមិនចូលចិត្តច្រើន ព្រោះថាការដែលមានសត្រូវច្រើន ជីវិតរស់នៅគ្មានក្តីសុខឡើយ មានតែភាពក្តៅក្រហាយ៕