យល់ដឹង៖ ជីវិតប្តីប្រពន្ធ ជៀសមិនផុតពីត្រូវមានបញ្ហា និងរឿងរ៉ាវបញ្ហាឈ្លោះប្រកែកគ្នានោះទេ គ្រាន់តែប្តីប្រពន្ធខ្លះ គេចេះរកដំណោះស្រាយយកមកដោះស្រាយជាមួយគ្នា ជាជាងធ្វើឱ្យរឿងកាន់តែធំនិងពិបាកដោះស្រាយ ដែលអាចនាំឱ្យឈានដល់ការបែកបាក់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ប្តីប្រពន្ធនៅរាល់ពេលដែលឈ្លោះគ្នាម្តងៗ ត្រូវចេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាមួយនឹងពាក្យសម្តីរបស់ខ្លួន ព្រោះថាពាក្យសម្តីដែលនិយាយដាក់គ្នានៅពេលខឹង ដូចជាពាក្យសម្តីដែលបានរៀបរាប់នៅខាងក្រោមនេះ គឺអាចបំបែកបំបាក់ប្តីប្រពន្ធអ្នកបានយ៉ាងងាយបំផុត។
ពាក្យសម្តីទាំងនេះ អាចបំបែកបំបាក់ប្តីប្រពន្ធអ្នកបាន៖
១.«មើលប្តី ឬប្រពន្ធគេខ្លះផង»
ប្តីប្រពន្ធបើនិយាយពាក្យនេះដាក់គ្នា វាងាយនឹងធ្វើឱ្យឈានដល់ការបែកបាក់គ្នាខ្លាំងណាស់ ព្រោះវាបង្ហាញឱ្យឃើញថាម្នាក់ៗមិនល្អគ្រប់គ្រាន់សម្រាប់គ្នា ដូច្នេះមានតែការបែងចែកផ្លូវគ្នាដើរទេ ទើបជាជម្រើសដ៏ល្អសម្រាប់ជីវិតរៀងខ្លួន អញ្ចឹងហើយ ទើបមុននឹងនិយាយអ្វីមួយ ត្រូវឆ្លងកាត់ការគិតឱ្យបានដិតដល់ ជាពិសេសនៅពេលដែលឈ្លោះគ្នា។
២. «ធុញណាស់ មួយថ្ងៃៗមានតែរឿង»
មិនថាមានបញ្ហានឹងគ្នាប៉ុណ្ណាទេ ប្តីប្រពន្ធនៅតែមិនអាចបែកបាក់គ្នាបាន ប្រសិនជាគ្មានការនិយាយពាក្យថាធុញទ្រាន់ចំពោះគ្នា ព្រោះការដែលនិយាយបែបនេះដាក់គ្នាយូរៗទៅ វានឹងធ្វើឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែអស់ន័យសម្រាប់គ្នាបន្តិចម្តងៗទៅ ដោយបែបនេះហើយ ទើបត្រូវចេះប្រយ័ត្នពាក្យសម្តីចំពោះគ្នា។
៣. «កុំចេះដឹងរឿងខ្ញុំ»
ប្តីប្រពន្ធក្រោយពេលដែលរៀបការរួច ត្រូវប្រើជីវិតរួមគ្នា ហើយស្ទើរតែចំពោះគ្រប់រឿងរ៉ាវ គឺត្រូវការសម្រេចចិត្តពីមនុស្សពីរនាក់ មិនអាចចេះតែសម្រេចចិត្តបានដូចពេលដែលនៅលីវនោះទេ អញ្ចឹងហើយ ប្តីប្រពន្ធបើមិនចង់ឆាប់បែកបាក់គ្នាទេនោះ ហាមនិយាយពាក្យថាចេះដឹងរឿងគ្នា ព្រោះរឿងរបស់អ្នកណាក៏ដូចជារឿងរបស់អ្នកណាដែរ តែបើនិយាយដាក់គ្នាបែបនេះ វានឹងធ្វើឱ្យទំនាក់ទំនងមានការរង្គោះរង្គើ ដោយសារវាបង្ហាញឱ្យឃើញថាប្តីប្រពន្ធមិនបានឱ្យតម្លៃគ្នា។
៤. «បើពិបាកពេក ក៏លែងគ្នាទៅ»
ពាក្យសម្តីដែលអាចធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នាបាន គឺជាការនិយាយរឿងលែងលះដាក់គ្នា ព្រោះនៅពេលដែលមានបញ្ហាឈ្លោះប្រកែកនឹងគ្នា ម្នាក់ៗពោរពេញដោយកំហឹង និងអារម្មណ៍មិនល្អចំពោះគ្នា ហើយការដែលនិយាយរឿងលែងលះដាក់គ្នាទៀត វាអាចនឹងធ្វើឱ្យមនុស្សពីរនាក់កាន់តែចង់លែងគ្នា ដោយសារតែការចង់ឈ្នះចាញ់គ្នា ដូច្នេះហើយ កុំចេះតែប្រើពាក្យលែងដាក់គ្នា បើមិនចង់ស្តាយក្រោយ៕