សៀមរាប៖ ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូន និងច្នៃឡើងតាមទម្រង់មុខ អត្តចរិតខ្មែរបុរាណសុទ្ធសាធទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបម្រើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ។ ការជួសជុល ពង្រីក កែលម្អរបង និងសួនផ្កាបន្ថែមនេះ គឺបង្វែរទិសចរាចរណ៍ឆ្លងកាត់ទៅមករបស់ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាពព្រះមហាក្សត្រ ដោយសារតែព្រះរាជដំណាក់មានទីតាំងនៅកៀកជិតនឹងផ្លូវជាតិ ម្យ៉ាងទៀតចំណុចតំបន់នេះ ជាទីតាំងប្រវត្តិសាស្ត្រ ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យជូនជាតិមាតុភូមិពីអាណានិគមបារាំងនៅក្នុងព្រះរាជដំណាក់តូចនេះផងដែរ។

សូមជម្រាបថា ក្រសួងព្រះបរមរាជវាំង បានចាត់ទុកព្រះរាជដំណាក់ និងព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាបនេះ ជាទីដ៏ពិសិដ្ឋមួយដូចគ្នាទៅនឹងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ ដែលគួរទទួលបាននូវការការពារ មានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលទាមទារឱ្យមានការរៀបចំបរិស្ថានជុំវិញទីនេះមានសោភ័ណភាពបៃតងស្រស់ មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងការពាររពារនូវសុខសុវត្ថិភាពជាចម្បង យ៉ាងណាក្តីក៏មិនបានកាត់ផ្តាច់ទំនាក់ទំនងលំហូរនៃការមកគោរពបូជា បន់ស្រន់ដោយថ្មើរជើងនៅព្រះវិហារព្រះអង្គចេកព្រះអង្គចម លោកយាយទេព និងដើរទស្សនាក្នុងសួនព្រះរាជដំណាក់នេះនោះទេ ពោលសាធារណជនទូទៅ ភ្ញៀវជាតិ និងបរទេសអាចចូលមកទស្សនា និងគោរពបូជា បានជាធម្មតា៕ ប្រភព៖ ក្រសួងព័ត៌មាន


